ជាតិ
សេដ្ឋកិច្ច
ក្នុងខែមេសា កម្ពុជាទទួលបានការវិនិយោគថ្មី២២គម្រោង ជាមួយទុនជាង៣០០លានដុល្លារ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ រូបថត៖ CDC
× កម្ពុជា ទទួលបានការវិនិយោគថ្មីចំនួន២២គម្រោងទៀត ដែលមានទុនរហូតដល់៣០៩លានដុល្លារ កាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គម្រោងទាំងនេះអាចបង្កើតការងារជូនប្រជាពលរដ្ឋបាន ២៣ ០០០កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគទាំង២២គម្រោងនេះ មាន១៤គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ៨គម្រោងទៀត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់CDC នាថ្ងៃទី៧ឧសភា ដែលបានបង្ហាញថា ទីតាំងដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺខេត្តកំពង់ស្ពឺមាន៧គម្រោង ស្វាយរៀង៦គម្រោង រាជធានីភ្នំពេញ៣គម្រោង ខេត្តកណ្តាល បាន៣គម្រោង ខេត្តព្រះសីហនុ២គម្រោង និង១គម្រោងទៀតស្ថិតនៅខេត្តបន្ទាយមានជ័យ។
បើតាមCDC គម្រោងវិនិយោគទាំងនោះមាន ការផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក, និងស្បែកជើងពាក់ក្នុងផ្ទះ, ការពង្រីកផលិតកម្មផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក, គម្រោងផលិតបន្ទះហ្វាំងគ្រប់ប្រភេទ និងគម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូមជាដើម។ CDC បានបញ្ជាក់ថា៖ «ក្នុងខែមេសា ឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែករហូតដល់ទៅ៩៨ភាគរយនៃទុនវិនិយោគសរុប»។
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុប ១២៨គម្រោង ដែលមានទុនប្រមាណ ២ ៥០០លានដុល្លារ។ គម្រោងទាំងនេះ អាចបង្កើនការងារឱ្យពលរដ្ឋបានជាង ១៣ម៉ឺនកន្លែង៕
© រក្សាសិទ្ធិដោយ thmeythmey.com