ជាតិ
ក្រសួងអប់រំ ហាមយកមេរៀន ឬលំហាត់បង្រៀនគួរ ទៅធ្វើជាវិញ្ញាសាប្រឡង
07, May 2024 , 4:12 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា។ រូបថត Moeys Cambodia
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា។ រូបថត Moeys Cambodia
ដោយ: រួបរួម
ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងបាតុភាពអវិជ្ជមានដែលបង្កឡើងដោយសកម្មភាពបង្រៀនបន្ថែមក្រៅម៉ោង (រៀនគួរ)។ នេះជាការឆ្លើយតបទៅនឹងការត្អូញត្អែរបស់មាតាបិតា អាណាព្យាបាលសិស្សមួយចំនួន អំពីគម្លាតវិសមភាពរវាងសិស្សដែលបានរៀនគួរ និងសិស្សដែលមិនមានលទ្ធភាព។



«គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀនឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡង»។ ក្រសួងបានណែនាំយ៉ាងដូច្នេះ ក្នុងចំណោមវិធានការនានាដើម្បីទប់ស្តាត់បាតុភាពអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។

ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងអប់រំ អះអាងថា បានទទួលព័ត៌មានអំពីការត្អូញត្អែររបស់មាតាបិតា អាណាព្យាបាល សិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងចំណាយលើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ) របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា។

ការត្អូញត្អែរទាំងនោះ បានភ្ជាប់ទៅនឹងបាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយ សកម្មភាពបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬខ្លឹមសារ ដូចទៅនឹងការ បង្រៀនគួររួច ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាត វិសមភាពយ៉ាងច្រើនសម្រាប់កុមារក្រីក្រជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម។

ក្រសួងបានអះអាងអំពីការយកចិត្តទុកដាក់របស់ខ្លួនលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូនៅទូទាំងប្រទេស សេចក្តីណែនាំស្តីពីការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើន ម៉ោងសិក្សាយ៉ាងតិច ២ ម៉ោងក្នុងមួយថ្ងៃ និងសេចក្តីណែនាំជាច្រើនទៀត។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងណែនាំគ្រូបង្រៀនឱ្យអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំ ដើម្បីធានាឱ្យបាននូវការបង្រៀននិងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។

ការអនុវត្តតេស្តស្តង់ដាសម្រាប់ការប្រឡងគ្រប់ប្រភេទ ការរៀបចំនិងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សាយ៉ាងតិច២ម៉ោងបន្ថែម និងការចូលរួមពីមាតាបិតាអាណាព្យាបាលលើការត្រួតពិនិត្យ និងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សា និងរៀនសូត្រនៅផ្ទះ ស្ថិតក្នុងចំណោមវិធានការដែលក្រសួងអប់រំ បានដាក់ចេញ៕



© រក្សាសិទ្ធិដោយ thmeythmey.com