សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃបន្តលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវឥណ្ឌា​ និងតៃវ៉ាន់ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ
08, May 2024 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន ។ រូបភាព ៖ X/@Thavisin
នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន ។ រូបភាព ៖ X/@Thavisin
ថៃកំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរ ដោយបន្តលើកលែងទិដ្ឋាការដល់ភ្ញៀវតៃវ៉ាន់ និងឥណ្ឌារយៈពេល ៦ខែបន្ថែមទៀត ដើម្បីកែលម្អសេដ្ឋកិច្ចប្រទេសដែលនៅទ្រឹង។

 
គណៈរដ្ឋមន្រ្តីថៃបានអនុម័តផែនការពង្រីកការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរទៅពីឥណ្ឌា និងតៃវ៉ាន់សម្រាប់រយៈពេល ៦ខែ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងស្វែងរកជំរុញការមកដល់របស់ភ្ញៀវទេសចរបរទេសដើម្បីស្តារសេដ្ឋកិច្ចដែលនៅទ្រឹង។
 
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី៧ ខែឧសភា បានបញ្ជាក់ថា ភ្ញៀវទេសចរមកពីឥណ្ឌា និងតៃវ៉ាន់ នឹងអាចចូលកម្សាន្តនៅថៃដោយគ្មានទិដ្ឋាការរហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីសម្រេចលើកលែងទិដ្ឋាការបច្ចុប្បន្នផុតកំណត់នៅថ្ងៃទី១០ ខែឧសភា។
 
តាមបទបញ្ញតិ្ត ភ្ញៀវទេសចរអាចស្នាក់នៅថៃបានរយៈពេលអតិបរមា ៣០ថ្ងៃ សម្រាប់ការចូល១លើក។ ការពន្យារពេលបណ្តោះអាសន្ននេះ នឹងបន្តភាពជោគជ័យនៃការលើកលែងទិដ្ឋាការតាំងពីដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
 
ថៃជាប្រទេសពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ដោយបានបន្ធូរបន្ថយបទប្បញ្ញត្តិលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវមកពីទីផ្សារសំខាន់ៗមួយចំនួន រួមទាំងចិន និងរុស្ស៊ីផង។
 
បើតាមក្រសួងទេសចរណ៍ និងកីឡាថៃ ក្នុងរយៈពេល៤ខែឆ្នាំ២០២៤ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១២លាននាក់ កើនឡើង៣៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
ក្រុម​ទេសចរណ៍​ធំ​បំផុត​របស់​​ថៃ​មក​ពី​​ចិន ម៉ាឡេស៊ី រុស្ស៊ី កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា។ ក្រុមទាំងនេះមានចំនួនពាក់កណ្តាលនៃការមកដល់ភ្ញៀវសរុបនៅឆ្នាំនេះ។
 
វិស័យទេសចរណ៍ ជាឧស្សាហកម្មដ៏សំខាន់មួយរបស់ថៃដែលមានចំនួនប្រហែល ២០ភាគរយនៃការងារសរុប និងប្រហែល ១២ភាគរយនៃសេដ្ឋកិច្ចជាតិ ៥០០ពាន់លានដុល្លារ។ រដ្ឋាភិបាល​របស់​​នាយក​រដ្ឋមន្ត្រី សេដ្ឋា បាន​កំណត់​ទិសដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចំនួន ៨០ លាន​នាក់​នៅ​ឆ្នាំ២០២៧៕ 
 

Tag:
 ថៃ
  ទិដ្ឋាការ
  តៃវ៉ាន់
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com