កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ គ្រូ Bayern ឱ្យកូនក្រុមពង្រឹងផ្លូវចិត្ត ​ខណៈគ្រូ Real ទាមទារក្រុមប្រឹងលើសជើងទីមួយ
08, May 2024 , 6:29 pm        
រូបភាព
ជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ដែល Real Madrid ត្រូវទទួល Bayern Munich ធ្វើឡើងក្នុងរាត្រីថ្ងៃទី៨ ខែមេសា វេលាម៉ោង២ អាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ មុនការប្រកួតមកលោក Thomas Tuchel គ្រូបង្វឹកក្រុម Bayern Munich ប្រាប់កូនក្រុមឱ្យពង្រឹងអារម្មណ៍ និងកម្លាំង​​ជំរុញពីក្នុងខ្លួនឡើងវិញ ដើម្បីផ្តោតលើការប្រកួត ខណៈលោក Carlo Ancelotti  ទាមទារកូនក្រុម Real Madrid បញ្ចេញថាមពល ទាំងល្បឿន និងកម្លាំង ឱ្យអស់ពីសមត្ថភាព លើសជើងទី១។



សម្រាប់ជំនួបជើងទីពីរនេះ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Tuchel បានប្រាប់កូនក្រុមឱ្យបន្ធូរអារម្មណ៍ និង ស្វែងរកសមាធិដែលកីឡាករនីមួយៗមាន ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងកីឡដ្ឋាន Santiago Bernabeu។ កាលពីសប្តាហ៍មុន នៅក្នុងទឹកដីប្រទេសអាល្លឺម៉ង់ Bayern ហៀបនឹងបំបាក់ក្រុម Real Madrid បានទៅហើយ ប៉ុន្តែពួកគេបែរជាភ្លាតស្នៀត ធ្វើឱ្យខ្សែប្រយុទ្ធ Vinicius Jr រកបានឱកាសស៊ុត ២គ្រាប់តាមស្មើ។ 
 
ស្របពេលក្រុមបានទៅដល់ទឹកដីអេស្ប៉ាញ នឹងបានចូលពិនិត្យទីលានប្រកួត មុនពេលហ្វឹកហាត់ លោក Thomas Tuchel បានបង្ហើបថាលោកបានឆ្លៀតឱកាសនោះ ផ្តាំក្រុមកីឡាឱ្យស្វែងរកកម្លាំងជំរុញទឹកចិត្តដោយផ្ទាល់ចេញពីក្នុងខ្លួនពួកគេ ដើម្បីជាជំនួយបន្ថែមនៅក្នុងការប្រកួតទល់ម្ចាស់ផ្ទះ Real Madrid។

លោក Tuchel បាននិយាយដូច្នេះ៖«វាជារឿងសំខាន់បំផុត ដែលអ្នកត្រូវតែផ្សារភ្ជាប់ខ្លួនអ្នកផ្ទាល់ជាមួយនឹងកម្លាំងសមាធិខាងក្នុង។ រំលឹកពេលយើងនៅពីក្មេង យើងតែងរត់លេងបាល់ទាត់នៅក្នុងសួនច្បារមួយ ដោយភាពរីករាយ ដូច្នេះយើងនៅទីនេះ ហើយដែលវាជាឱកាសដើម្បីធ្វើឱ្យវាក្លាយជាការពិត។ ការប្រកួតនេះ ខ្ញុំគិតថាក្រុមសងខាង នឹងត្រូវតែមានកម្លាំងការពារដ៏រឹងមាំ ហើយនឹងរងសម្ពាធពីការវាយសម្រុកពីដៃគូម្ខាងៗថែមទៀត [… ] វាពិតជាមានភាពបត់បែនខ្លាំង ដូច្នេះអ្នកនឹងត្រូវការសំណាងជួយផងដែរ មកដល់ចំណុចនេះអ្វីៗក៏អាចកើតឡើង។»។
  


Bayern Munich របូតពានរង្វាន់ក្នុងស្រុកទាំងអស់ក្នុងរដូវកាលនេះ ខណៈខ្លួននៅសល់តែពានរង្វាន់ UEFA Champions League ១ពិន្ទុ ដែលត្រូវប្រជែង។ ទោះបីជា Real Madrid ជាក្រុមជើងឯក ១៤សម័យ នឹងមានបទពិសោធន៍ខ្លាំងក្នុងការប្រកួត UCL ក៏ដោយ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បានអះអាងបន្ថែមថា រឿងទាំងនេះមិនធ្វើឱ្យក្រុមរបស់លោកភ័យខ្លាចនោះឡើយ។
 
ក្រុមយក្សអាល្លឺម៉ង់ ឡើងវគ្គ ១/២ ផ្តាច់ព្រ័ត្រ UCL លើកដំបូងនៅក្នុងរយៈពេល ៤ឆ្នាំ​ ចុងក្រោយ ចាប់តាំងពីពួកគេបានឈ្នះជើងឯកកាលពីឆ្នាំ ២០២០ រួចមក។ Real Madrid កាលពីឆ្នាំ ២០២២ ពួកគេបានគ្រងជើងឯក UCL លើកទី១៤ ក្នុងប្រវត្តិសាស្ត្រ ក្រោយឈ្នះ Liverpool លទ្ធផល ១-០ ក្នុងទឹកដីបារាំង។
 
ទើបតែឈ្នះពានរង្វាន់ La Liga ដែលជាកំណត់ត្រា ៣៦លើក ក៏ដោយក្តី លោក Carlo Ancelotti ជាអ្នកចាត់ការក្រុម នៅតែទាមទារឱ្យកូនក្រុមបញ្ចេញសមត្ថភាពឱ្យកាន់តែខ្លាំង រាល់កម្លាំងដែលមាន រួមទាំងល្បឿនក្នុងការលេង ដើម្បីយកឈ្នះលើក្រុមភ្ញៀវមកពីអាល្លឺម៉ង់។ កាលពីជើងទីមួយអ្នកចាត់ការសញ្ជាតិអ៊ីតាលី មិនពេញចិត្តចំពោះទម្រង់លេងរបស់ក្រុម ដោយបាននិយាយថាកាលនោះកូនក្រុមលេងខ្លាចគូប្រកួត។
  


«យើងត្រូវការ ការប្រកួតជាមួយនឹងកម្លាំងពេញលេង និងល្បឿន […] សម្លឹងមើលការប្រកួតជើងមួយ យើងលេងការពារស្ទើរទាំងស្រុង យើងអាចធ្វើបានល្អជាងនេះទៅទៀត។ ក្រុមទាំងពីរ មានភាពប្រហែលនេះ ព្រោះយើងមានប្រវត្តិសាស្ត្រដ៏អស្ចារ្យដូចគ្នា និងភាពជោគជ័យ យើងត្រូវតែគោរពគូប្រកួតរបស់យើង ព្រោះពួកគេពិតជាធ្វើបានល្អជាងយើងកាលពីជើងទីមួយ។»។ លោក Ancelotti បាននិយាយដូច្នេះមុនការប្រកួតទល់ Bayern Munich។
 
Real Madrid កំពុងសម្លឹងមើលការឈ្នះជើងឯក UCL លើកទី៦ របស់ខ្លួន នៅក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ ខណៈក្រុម Bayern Munich ក៏សម្លឹងឱកាសវិលត្រឡប់ទៅវគ្គផ្តាច់ព្រ័ត្រក្នុងទឹកដី Wembley ដើម្បីតទល់នឹងក្រុម Borussia Dortmund សារជាថ្មី។ កាលពីឆ្នាំ ២០១៣ Bayern ក្លាយជាជើងឯក UCL ក្រោយបំបាក់ក្រុម Borussia Dortmund ជំនួបវគ្គផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន Wembley ទឹកដីប្រទេសអង់គ្លេស៕

Tag:
 UEFA Champions League
  Bayern Munich
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com