ជាតិ
ក្រសួងសេដ្ឋកិច្ច ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាត់ចំណាយ​ប្រតិបត្តិការដែលមិនចាំបាច់
09, May 2024 , 1:59 pm        
រូបភាព
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាម​​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ លើការអនុវត្តចំណូលរបស់ខ្លួន។ ក្នុងករណីចាំបាច់ រដ្ឋបាល​ថ្នាក់ក្រោមជាតិ ត្រូវ​តម្រឹម ឬកាត់​​បន្ថយ​ចំណាយ ពិសេសចំណាយ​ប្រតិបត្តិ​ការ​រដ្ឋ​បាល​​ដែលមិនចាំបាច់ ឬ​ចំណាយ​អភិវឌ្ឍន៍​​មូលដ្ឋាន​ដែលមិនទាន់ចាំបាច់។

 
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចកាត់ព្យួរទាំងស្រុង ការផ្ទេរចំណូល​ពី​ការ​បែង​ចែក​​​ចំ​ណូលសារពើពន្ធ របស់រដ្ឋបាលរាជធានី-ខេត្ត ឱ្យរដ្ឋបាលក្រុង ស្រុក និង​ឃុំ​ សង្កាត់​។ ក្នុង​​​ន័យ​​នេះ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវផ្អាករាល់គម្រោងអភិវឌ្ឍន៍ដែល​ប្រើ​​​ប្រាស់ ឬពាក់ព័ន្ធ​ទៅនឹងចំណូលទទួលបានពីការផ្ទេរចំណូលពីការបែងចែកចំណូល​សារ​ពើ​ពន្ធ​នេះ។ នេះបើយោងតាមសារាចរ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹង​ប្រសិទ្ធ​ភាព ចំណាយថវិកា​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ​២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
 
បើតាមក្រសួងសេដ្ឋកិច្ច វិចារណកម្មចំណាយនេះ គឺធ្វើឡើង​ក្នុងស្មារតី នៃការគ្រប់គ្រង ថវិកា​​ប្រកបដោយភាព​ប្រុង​ប្រយ័ត្នខ្ពស់ និងបន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ ដោយ​ផ្អែក​លើ​​ស្ថានភាពនៃការអនុវត្តចំណូល គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ និងស្ថានភាព​នៃ​តម្រូវ​ការផ្នែកចំណាយរហូតដល់ដំណាច់ឆ្នាំ២០២៤ និងផ្អែកលើមាត្រា ៤២ថ្មី នៃ​ច្បាប់​ស្តីពី​របប​ហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
 
​នៅក្នុងសារាចរណ៍ដដែល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​​សម្រេច​កាត់ព្យួរឥណទាន​ចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី-ខេត្ត ចំនួន​​៥ រួមមានរាជធានី​ភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្ត​បន្ទាយ​មាន​ជ័យ ក្នុងកម្រិត ៦៦ ០០០ លាន​​រៀល ​ដែលស្មើនឹងជាង ១៦ លានដុល្លារ។ ផ្អែកលើតួលេខ​វិចារណកម្ម រដ្ឋបាល​រាជ​ធានី​ ខេត្ត​ទាំង៥ ត្រូវកែ​សម្រួល​សៀវភៅថវិកា​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំង​តារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន និង/ឬផែនការលទ្ធកម្មរបស់ខ្លួន ទៅតាមមុខសញ្ញា ចំណាយដែលបានកាត់ព្យួរ និងទៅតាមកម្មវិធីអនុ​កម្មវិធី និងចង្កោមសកម្មភាពដែល ពាក់ព័ន្ធតាមការចាំបាច់។
 
ចំណែកឯរដ្ឋបាល​ខេត្ត ក្រុង ស្រុក ​ខណ្ឌដទៃផ្សេងទៀត ត្រូវតាមដានដោយយកចិត្តទុក​ដាក់​លើការអនុវត្តចំណូលរបស់ខ្លួន​។ ក្នុងករណីចាំបាច់ រដ្ឋបាលខេត្ត ត្រូវតម្រឹម ឬកាត់​​បន្ថយចំណាយ ជាពិសេសចំណាយ​ប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ ឬចំណាយ​អភិវឌ្ឍន៍​​មូលដ្ឋានដែលមិនទាន់ចាំបាច់។ 
 
សម្រាប់ រដ្ឋបាលឃុំ-សង្កាត់វិញ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយ​ប្រតិបត្តិការ​រដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់​ការគ្រប់​គ្រងឆ្នាំ២០២៤ ដោយបញ្ចូល និងប្រើប្រាស់អតិរេកថវិកាឆ្នាំ២០២៣ ឱ្យអស់លទ្ធភាព ដើម្បីអនុវត្តគម្រោង ឬផែនការសកម្មភាព ដែលរងផលប៉ះពាល់ពីការកាត់ព្យួរឥណទាន ដែលទទួលបានពីការ បែងចែកចំណូលសារពើពន្ធ របស់រដ្ឋបាលរាជធានី ខេត្ត។
 
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តតាមដាន​ការអនុវត្ត ការប្រមូលចំណូលរបស់ រដ្ឋបាល​ថ្នាក់ក្រោមជាតិ ហើយក្នុង ករណីដែលចំណូលមានកំណើនឡើងវិញ ក្រសួង​​នឹងពិនិត្យលទ្ធភាពបន្ថែម​ឥណទាន​ចំណាយថវិកា​ ស្របតាម​ចំណូលដែលប្រមូល បានជាក់ស្តែង ដោយ​ផ្តោត​លើចំណាយអភិវឌ្ឍន៍មូលដ្ឋាន៕

Tag:
 ខន ចំប៉ា
© រក្សាសិទ្ធិដោយ thmeythmey.com