ជាតិ
នយោបាយជាតិ
អ្នកនាំពាក្យស្នងការ អះអាងថា ឃាត់ខ្លួនប្រធានបក្សកម្លាំងជាតិ ពីបទ«ញុះញង់» លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស និងអ្នកគាំទ្របក្ស នៅប្រទេសជប៉ុន កាលពីថ្ងៃទី៦ ឧសភា ២០២៤។ រូបពីហ្វេសប៊ុកគណបក្សកម្លាំងជាតិ។
× សមត្ថកិច្ច បានឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃទី ៩ ឧសភា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយមេដឹកនាំនយោបាយរូបនេះ ទើបត្រឡប់មកពីក្រៅប្រទេសវិញ ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ការឃាត់ខ្លួន លោក ស៊ុន ចន្ធី នេះ ដោយសារតែរូបគេ បានបង្ហោះព័ត៌មានលើបណ្ដាញសង្គម ក្នុងចេតនាញុះញ៉ង់បំភ្លៃព័ត៌មានមិនពិត ដែលនាំឱ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ និងបង្កឱ្យភាពវឹកវរនៅក្នុងសង្គម។ ជាមួយគ្នានេះ អ្នកនាំពាក្យស្នងការ បានអះអាងទៀតថា ការឃាត់ខ្លួនមេបក្សកម្លាំងជាតិនេះ គឺទទួលបានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញដីកាបញ្ជាឱ្យចូលខ្លួន កាលពីថ្ងៃទី៧ ឧសភា ពាក់ព័ន្ធសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់ការតាមនីតិវិធីច្បាប់។
ជុំវិញករណីនេះ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍ សោកស្ដាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឃាត់ខ្លួនលោក ស៊ុន ចន្ធី នេះ។ «គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជាការគំរាមកំហែង បំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងការជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។
គណបក្សកម្លាំងជាតិ ក៏អំពាវនាវឱ្យដោះលែងលោក ស៊ុន ចន្ធី ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ដើម្បីបើកចំហរសិទ្ធិសេរីភាពនយោបាយ និងដំណើការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កាលពីថ្ងៃទី៧ ឧសភា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានបង្គាប់ឱ្យសមត្ថកិច្ចនាំលោក ស៊ុន ចន្ធី ទៅបង្ហាញខ្លួននៅការិយាល័យសន្តិសុខផ្ទៃក្នុង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៣ ឧសភា ដើម្បីសាកសួរពីដំណើររឿង«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
Tag:
គណបក្សកម្លាំងជាតិ
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com