កីឡាជាតិ
ជាតិ
អត្តពលិកធ្លាក់ចុះ តែសហព័ន្ធកីឡាទាញព្រ័ត្រ បង្កើនវិញ្ញាសា នៅជើងឯកថ្នាក់ជាតិ
10, May 2024 , 8:39 am        
រូបភាព
ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣
ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣
សហព័ន្ធកីឡាទាញព័ត្រកម្ពុជា នឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា នៅទីលានតេជោ ក្រុងព្រះសីហនុ។ អត្ដពលិកចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ធ្លាក់ចុះ ពី២០៣នាក់ មក ១៧៩នាក់ ខណៈសហព័ន្ធ បន្ថែមវិញ្ញាសាប្រកួត។ លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បាននិយាយថា ការបង្កើនវិញ្ញាសា ដើម្បីឲ្យកីឡាករ-កីឡាការិនី មានសមត្ថភាពចូលរួមព្រឹត្តិការណ៍អន្ដរជាតិ។



លោក មាស សារិន សង្កេតឃើញកីឡានេះ មានការវិវឌ្ឍទៅមុខ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ កីឡាករ-កីឡាការិនី ពីសមាគមរាជធានី-ខេត្ត ចូលរួមច្រើនក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ។ ក្នុងឆ្នាំ២០២៤ ប្រតិភូកីឡា សរុប២១៧នាក់ ចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ។ ក្នុងចំណោមចំនួនសរុបនោះ កីឡាករមានចំនួន១០៦នាក់ និងកីឡាការិនី មានចំនួន៧៣នាក់។ ចំណែកប្រតិភូ ដែលជាមន្ដ្រី និងគ្រូបង្វឹក មានចំនួន៣៨នាក់។ ចំនួនអត្ដពលិក១៧៩ នាក់ គឺតិចជាងឆ្នាំមុន ដែលមានអត្ដពលិក២០៦នាក់។
 
សហព័ន្ធកីឡាទាញព្រ័ត្រ បានបង្កើនវិញ្ញាសាប្រកួត ដោយឆ្នាំ២០២៣មានត្រឹមតែ៤វិញ្ញាសា ចំណែកឆ្នាំ២០២៤ មានចំនួន៦វិញ្ញាសា។ វិញ្ញាសានោះ មានដូចជា៖ បុរស ៨ទល់៨, នារី ៨ទល់៨, បុរស ៤ទល់៤, នារី ៤ទល់៤, បុរស ១ទល់១ និងនារី ១ទល់១។
 
ប្រធានសហព័ន្ធកីឡាទាញព្រ័ត្ររូបនេះ និយាយថា ការបង្កើនវិញ្ញាសាប្រកួត ដើម្បីឲ្យអត្ដពលិកប្រកួតប្រជែង និងមានសមត្ថភាពគ្រប់គ្រាន់អាចត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អន្ដរជាតិនានា។ «កីឡានេះ វិវឌ្ឍទៅមុខត្រង់ថា ប្រកួតថ្នាក់ជាតិយើង មានកីឡាករ-កីឡាការិនីចូលរួមច្រើន ហើយវិញ្ញាសា ក៏កើនឡើង ដើម្បីឲ្យអ្នកទាំងនោះ មានសមត្ថភាព អាចប្រកួតជាមួយគេ នៅក្រៅប្រទេសបាន។»។ លោក មាស សារិន និយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា នៅកម្ពុជា កីឡាទាញព្រ័ត្រ បានអភិវឌ្ឍពីល្បែងកម្សាន្ដប្រជាប្រិយក្នុងពិធីបុណ្យចូលឆ្នាំ ក្លាយទៅជាកីឡា ហើយក៏ត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។ 
 
លោក មាស សារិន បន្ថែមទៀតថា កីឡាទាញព្រ័ត្រ និងល្បែងទាញព្រ័ត្រ គឺមានភាពខុសគ្នា។  កីឡាទាញព្រ័ត្រ គឺមានបទបញ្ជារ គោលការណ៍ ក្បួនច្បាប់នៃការប្រកួតច្បាស់លាស់។ ចំណែក ល្បែងទាញព្រ័ត្រ គឺសម្រាប់កម្សាន្ដ ក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរ មិនមានបទបញ្ជារ ប៉ុន្ដែការលេងទៅតាមការសន្មត ហើយមិនប្រជែងយកជ័យលាភីអ្វីឡើយ គ្រាន់តែញ៉ាំបរិយាកាស ឲ្យកាន់តែសប្បាយប៉ុណ្ណោះ។ នេះ បើតាមការពន្យល់របស់លោក មាស សារិន៕

Tag:
 ទាញព្រ័ត្រ
  មាស សារិន
© រក្សាសិទ្ធិដោយ thmeythmey.com