ជាតិ
តុលាការសម្រេចឃុំខ្លួន គ្រូ២រូប និងមន្រ្តីក្រសួងផែនការម្នាក់ បណ្ដោះអាសន្ន
10, May 2024 , 3:39 pm        
រូបភាព
អគារថ្មីនៃសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ
អគារថ្មីនៃសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត សម្រេចចោទប្រកាន់គ្រូបង្រៀន២រូប និងមន្រ្តីក្រសួងផែនការម្នាក់ ពីបទរំលោភអំណាច ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ។ នេះបើតាមដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបអង្ករត ។

 
ជនសង្ស័យ នង វុន ជាគ្រូបង្រៀននៅវិទ្យាល័យសុខអាន ព្រៃសណ្តែក , ស៊ុន ពេជ្រសុម៉ាលី ជាគ្រូបង្រៀននសាលាបឋមសិក្សាធន់មន់ និង ហ៊ុយ ពិសិដ្ឋ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ បានសហការជាមួយគា្ន រត់ការឱ្យមានការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត រួមទាំងការធ្វើសញ្ញាបត្រក្លែងក្លាយជាដើម។ ពួកគេ ទទួលបានប្រាក់ប្រមាណ៤៥០ដុល្លារ ដល់១៦,០០០ដុល្លារអាមេរិក។ ជាក់ស្ដែង នៅឆ្នាំ២០២៣ បុគ្គលទាំង៣នាក់ បានសហការគា្ន ដោយជោគជ័យរត់ការចូលក្របខណ្ឌគ្រូបង្រៀន កម្រិតឧត្តមឱ្យលោក គុណ ធារី ជាប់ជាគ្រូបង្រៀន ក្នុងតម្លៃ១៦,០០០ដុល្លារ។ នេះបើតាមសំណុំរឿង ដែលព្រះរាជអាជ្ញាបង្ហាញ។ 
 
តាមការស៊ើបអង្កេតនិងប្រមូលភស្តុតាង ជនសង្ស័យ នង វុន ជាអ្នករៀបចំឯកសារ និងផ្តល់ជូនបេក្ខជននូវវិញ្ញាសារត្រៀមប្រឡងដោយផ្ទាល់ រួមទាំងចាត់ចែងរាល់កិច្ចការងារពាក់ព័ន្ធនឹងការប្រឡងទាំងអស់ សម្រាប់អ្នកចង់ចូលក្របខណ្ឌ។ ចំណែក ស៊ុន ពេជ្រសុម៉ាលី និង ហ៊ុយ ពិសិដ្ឋ ជាអ្នកស្វែងរកបេក្ខជន ដែលចង់រត់ការចូលក្របខណ្ឌជាគ្រូបង្រៀន។ 
 
«អំពើខាងលើ គឺជាបទល្មើសៈ រំលោភអំណាច ប្រព្រឹត្តនៅខេត្តតាកែវ និងនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ»។ ព្រះរាជអាជ្ញា អះអាងបែបនេះ ហើយបានសម្រេចបើកឱ្យមានការស៊ើបអង្កេតបន្ថែមទៀត និងសម្រេចឃុំខ្លួនពួកគេបណ្ដោះអាសន្ន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com