សង្គមអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនជប៉ុនប្រមូលនំប៉័ងជាង ១០ម៉ឺនកញ្ចប់មកវិញ ក្រោយរកឃើញមានបំណែកសត្វកណ្តុរ នំប៉័ងរបស់ក្រុមហ៊ុន Pasco Shikishima ដាក់លក់នៅផ្សារមួយកន្លែងនៅជប៉ុន ។ រូបភាព ៖ CNN
× ក្រុមហ៊ុនផលិតនំ Pasco Shikishima បានប្រកាសប្រមូលនំបុ័ងជាង ១០ម៉ឺនកញ្ចប់ត្រឡប់មកវិញ បន្ទាប់ពីបានរកឃើញនំប៉័ង ២កញ្ចប់មានបំណែករាងកាយសត្វកណ្តុរ។
អតិថិជនម្នាក់នៅខេត្ត Gunma ជប៉ុន នៅថ្ងៃទី៥ ខែឧសភា បានផ្ញើអ៊ីមែលទៅក្រុមហ៊ុន Pasco Shikishima ថា មានវត្ថុចម្លែកមួយនៅក្នុងនំប៉័ង។ ក្រោយមក កញ្ចប់នំប៉័ងនោះ ត្រូវបានប្រមូលយកទៅត្រួតពិនិត្យ។ ២ ថ្ងៃក្រោយមក ក្រុមហ៊ុនបានបន្តទទួលបានការហៅទូរសព្ទស្រដៀងគ្នាពីអតិថិជនម្នាក់ទៀតនៅខេត្ត Gunma ។
នៅថ្ងៃទី៨ ខែឧសភា ក្រុមហ៊ុន Pasco Shikishima បានបញ្ជាក់ថា នំប៉័ង ២កញ្ចប់នោះមានបំណែកសាកសពសត្វកណ្តុរ។ បន្ទាប់មក ក្រុមហ៊ុនបានប្រកាសប្រមូលនំប៉័ងចំនួន ១០៤ពាន់កញ្ចប់ត្រឡប់មកវិញ។
នំប៉័ងដែលរកឃើញមានបញ្ហានេះ ត្រូវបានផលិតនៅក្នុងរោងចក្រទីក្រុងតូក្យូ។ ខ្សែច្រវាក់ផលិតកម្មកំពុងត្រូវបានបិទ ដើម្បីបន្តការស៊ើបអង្កេត។ Pasco Shikishima បាននិយាយថា គ្មានអតិថិជនណាម្នាក់ជួបបញ្ហាសុខភាពបន្ទាប់ពីញ៉ាំនំប៉័ងនោះ ហើយផលិតផលនោះក៏មិនត្រូវបានលក់ទៅបរទេសដែរ។
ក្រុមហ៊ុនបានសុំទោសដល់អតិថិជន និងសន្យាថានឹងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព ដោយធានាថាកំហុសឆ្គងស្រដៀងគ្នានេះ នឹងមិនកើតឡើងវិញ។
ក្រុមហ៊ុន Pasco ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២០ ជាក្រុមហ៊ុនផ្គត់ផ្គង់នំខេកដ៏ធំមួយនៅជប៉ុនដែលមានបុគ្គលិកជាង ៣៧០០នាក់នៅក្នុងរោងចក្រចំនួន១២កន្លែងទូទាំងប្រទេស។ ព័ត៌មានប្រមូលនំប៉័ងរបស់ក្រុមហ៊ុន Pasco កំពុងបង្កការភ្ញាក់ផ្អើលលើបណ្ដាញសង្គមជប៉ុន។
គួរបញ្ជាក់ថា អនាម័យ និងភាពស្អាតត្រូវបានយកចិត្តទុកដាក់ខ្លាំងនៅសង្គមជប៉ុន ដូច្នេះករណីពុល ឬការប្រមូលផលិតផលឡើងវិញតែងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កាលពីឆ្នាំមុន ហាងលក់ទំនិញ 7-Eleven បានសុំទោស និងបានប្រកាសប្រមូលមកវិញនូវអង្ករជិត ២០០០ប៉ាវពីហាងចំនួន ៣៧០កន្លែងក្នុងខេត្ត Saitama បន្ទាប់ពីអតិថិជនបានរកឃើញសត្វកន្លាតនៅក្នុងប៉ាវអង្ករ ២នៅក្នុងហាងតែមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com