ជាតិ
កម្ពុជាជោគជ័យលើការនាំចេញម្រេចខ្មៅ៣០តោនទៅចិនលើកដំបូង ម្រេចខ្មៅ១កុងតឺន័រ ត្រូវនាំទៅចិន កាលពីថ្ងៃទី២០ មេសា។ រូបភាព៖ Sela Pepper
× ម្រេចខ្មៅចំនួន៣០តោន របស់ក្រុមហ៊ុន Sela Pepper ត្រូវបាននាំចេញទៅកាន់ទីផ្សារចិនលើកដំបូង កាលពីថ្ងៃទី២០ ខែមេសា។ ម្រេច គឺជាដំណាំគ្រឿងទេសដំបូងគេ ដែលត្រូវបានស្ថានទូតចិនប្រចាំកម្ពុជា បើកភ្លៀងខៀវនាំឱ្យចេញកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
លោកស្រី Anna Cai នាយកក្រុមហ៊ុន Sela Pepper Co.,Ltd នៅថ្ងៃទី១០ ខែឧសភា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ក្រុមហ៊ុន Sela Pepper បាននាំចេញម្រេចខ្មៅចំនួន១កុងតឺន័រ ឬស្មើ៣០តោន ទៅកាន់ទីផ្សារប្រទេសចិន។ នេះជាការនាំចេញលើកដំបូង ចាប់តាំងពីស្ថានទូតចិន ប្រកាសអនុញ្ញាតឱ្យនាំចេញកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
វាជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ម្រេចរបស់កសិករខ្មែរ ដែលបាននាំចេញទៅចិន។ នេះជាការលើកឡើងរបស់ លោកស្រី Anna Cai ដោយបន្ថែមថា៖« វាជាសមិទ្ធផលដ៏អស្ចារ្យ និងគួរឱ្យកត់សម្គាល់។ ជាពេលវេលាដ៏រីករាយសម្រាប់កសិករដែលដាំម្រេចកម្ពុជា ជាពិសេសសម្រាប់ក្រុមហ៊ុន Sela Pepper។ ខ្ញុំសូមអរគុណដល់កសិករទាំងអស់»។
នាយកក្រុមហ៊ុនរូបនេះ បានបញ្ជាក់ថា ម្រេចដែលបាននាំចេញនេះ ត្រូវបានអនុម័តតាមលក្ខខណ្ឌតម្រូវរបស់គយចិន (GACC)។ ចំណែក Sela Pepper ក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនចិនដែរ។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា CPSF សារទរចំពោះសមិទ្ធផលដ៏គួរជាទីមោទកភាពនេះ។ លោក បន្តថា ការនាំចេញម្រេចទៅចិនរបស់ក្រុមហ៊ុន Sela Pepper នៅពេលនេះគឺជាការបង្កើតទីផ្សារថ្មី ដែលផ្ដល់ផលវិជ្ជមានសម្រាប់ផលិតផលកម្ពុជា រួមទាំងអ្នកដាំ និងអ្នកកែច្នៃនាំចេញ។
លោក ប្រាប់ខ្លីបែបនេះ៖« នេះគឺជាសញ្ញាវិជ្ជមានរបស់កម្ពុជាយើង ដែលអាចរកបានទីផ្សារថ្មី និងនាំចេញក្នុងចំនួនច្រើន។ ដូច្នេះ វាល្អទាំងអ្នកដាំ និងអ្នកនាំចេញ»។
នៅឆ្នាំ២០២៣ កម្ពុជាមានផ្ទៃដីដាំដុះម្រេចប្រមាណ ៧ ២០៥ហិកតា នៅក្នុងខេត្តចំនួន១០។ ខេត្តដែលមានផ្ទៃដាំម្រេចច្រើនជាងគេ គឺត្បូងឃ្មុំ កំពង់ធំ រតនគិរី មណ្ឌលគិរី និងពោធិ៍សាត់។
តាម ទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល១១ ឆ្នាំ២០២៣ ខែកម្ពុជានាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានត្រឹមជិត៦ពាន់តោន។ ប្រទេសដែលបញ្ជាទិញម្រេចពីកម្ពុជាច្រើនជាងគេ គឺវៀតណាម បន្ទាប់មក អាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក៕
Tag:
ម្រេច
ស្ថានទូតចិន
កសិកម្ម
គយចិន
© រក្សាសិទ្ធិដោយ thmeythmey.com