អន្តរជាតិ
បញ្ហាជម្លោះសមុទ្រចិនខាងត្បូងគ្របដណ្តប់កិច្ចប្រជុំកំពូលអាស៊ាន
× នៅថ្ងៃអាទិត្យនេះបណ្តាមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន បានជួបប្រជុំគ្នានៅក្នុងទីក្រុងណៃពីដោរ ប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រារព្ធឡើងនូវកិច្ចប្រជុំកំពូលលើកទី២៤ តែបញ្ហាកិច្ចប្រជុំនេះធ្វើឡើងស្របពេល ដែលមានការកើនឡើងនូវភាពតានតឹង និងការកើនឡើងនូវ ការព្រួយបារម្ភចំពោះសកម្មភាពថ្មីរបស់ក្រុងប៉េកាំងក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។
ស្តាប់សំឡេង លោក អ៊ឹង ចំរើន
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៤ ដែលមានការចូលរួមពីបណ្តាមេដឹកនាំជាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកទាំងអស់ កំពុងប្រារព្ធធ្វើឡើងនៅក្នុងរដ្ឋធានី Naypyidaw នៃប្រទេសមីយ៉ាន់ម៉ា ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១៤នេះ ហើយកិច្ចប្រជុំនេះបានចាប់ផ្តើមមួយថ្ងៃក្រោយពេលប្រទេសវៀតណាម និងហ្វីលីពីន កំពុងប្រមុខដាក់គ្នាខ្លាំងជាមួយចិន លើដែនទឹកដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។
បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងនូវការព្រួយបារម្ភខ្លាំងបំផុត ចំពោះការវិវត្តទៅមុខនៃបញ្ហានេះ នៅក្នុងសេចក្តីថ្លែងការណ៍គ្នាមួយដែលចេញផ្សាយមួយថ្ងៃមុនពេលមានកិច្ចប្រជុំកំពូល ដែលសេចក្តីថ្លែងការនេះស្វែងរកការសាមគ្គីនិងរួបរួមគ្នារបស់សមាជិកទាំង១០នេះ ដើម្បីដោះស្រាយបញ្ហាជាមួយភាគីជម្លោះដែលជាប្រទេសជិតខាងមហាយក្សចិននោះ។
កិច្ចប្រជុំកំពូលលើកទី២៤ នេះត្រូវបានរៀបចំឡើងជាលើកដំបូង ដោយប្រទេសប្រជាធិបតេយ្យថ្មីថ្មោងមីយ៉ាន់ម៉ា កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង ហើយបញ្ហាជម្លោះសមុទ្រចិនខាងត្បូងក្លាយជាប្រធានបទសំខាន់ដែលនឹងត្រូវយកមកពិភាក្សានៅក្នុងជំនួបនេះ។
ភាពតានតឹងបានបន្តកើនឡើងខ្លាំងនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងនាវាវៀតណាម និងនាវារបស់ចិន ដែលកើតឡើងដោយសារវៀតណាមបានព្យាយាមរារាំងចិនមិនអោយតម្លើងឧបករណ៍បូមយកប្រេងនៅក្បែរប្រជុំកោះប៉ារ៉ាសែល។ នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសកុម្មុយនីស្តទាំងពីរ ចិននិងវៀតណាមប៉ះទង្គិចគ្នានៅក្នុងតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូងនោះ ព្រោះប្រទេសទាំងពីធ្លាប់ប៉ះទង្គិចគ្នាជាច្រើនដងមកហើយ ហើយក៏បណ្តាលអោយមានមនុស្សរបួស និងស្លាប់ជាច្រើននាក់ផងដែរ។
មនុស្សជាច្រើន មានចំងល់ថា តើមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានរបស់អាស៊ាន នឹងរក្សាជំហររបស់ខ្លួនបែបណាដើម្បីការពារផលប្រយោជន៍របស់សមាគមន៍ទាំងមូល ខណៈពេលដែលខ្លួនជាសម្ព័ន្ធមិត្តជិតស្និទ្ធិរបស់ចិនតាំងពីយូរយារណាស់មកហើយ ពោលគឹតាំងពីរបបយោធានៅមានឥទ្ធិពលម្ល៉េះនោះ។
តែយ៉ាងណាមីយ៉ាន់ម៉ាខ្លួនឯងធ្លាប់បានអះអាងជាស្រេចហើយថា សម្រាប់តួនាទីជាប្រធាអាស៊ាន មីយ៉ាន់ម៉ាបានរៀនសូត្រច្រើនអំពីអ្វីដែលកើតមានឡើងពីមុន ជាពិសេសបញ្ហាដែលកើតមានឡើងនៅកម្ពុជា ខណៈពេលដែលកម្ពុជាប្រធានអាស៊ានកាលពីឆ្នាំ ២០១២នោះ។
គួរបញ្ជាក់ថា ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងមានភាគីជាប់ពាក់ព័ន្ធចំនួន៦មានដូចជា ចិន វៀតណាម ហ្វីលីពីន ម៉ា់ឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់ ហើយប្រទេសចិនជាប្រទេសបានទាមទារយកនូវដែនទឹកស្ទើរតែទាំងអស់ក្នុងសមុទ្រចិនខាងត្បូង។ប៉ុន្តែយ៉ាងណានៅក្នុងសមុទ្រចិនខាងត្បូងនេះ មានផ្នែកខ្លះៗត្រូវបានទាមទារដោយប្រទេសប្រាំផ្សេងទៀត ដោយពួកគេមានអំណះអំណាងផ្នែកច្បាប់ និងប្រវត្តិសាស្ត្រដើម្បីការពារការទាមទារនេះផងដែរ។
ចំពោះការដោះស្រាយបញ្ហានេះ ប្រទេសចិនចង់បាននូវការពិភាក្សាទ្វេភាគីជាមួយរដ្ឋតូចៗដែលកំពុងមានជម្លោះជាមួយខ្លួន ស្របពេលដែលបណ្តាភាគីជម្លោះផ្សេងទៀតចង់បានកិច្ចពិភាក្សាជាពហុភាគី៕
ប្រែសម្រួលដោយ សៅ ផលនិស្ស័យ
© រក្សាសិទ្ធិដោយ thmeythmey.com