កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់​ទីន និង​បែល​ហ្ស៊ិក ឡើង​ទៅ​ជួបគ្នា​នៅ​​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ
02, Jul 2014 , 9:24 am        
រូបភាព
ដោយ: ថ្មីៗ
ខ្សែ​ប្រយុទ្ធ Lionel Messi បាន​សង្គ្រោះ​ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​អាហ្សង់​ទីន​ម្តង​ទៀត​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ផ្តួល​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ខណៈ​ដែល​​ដំណើរ​ដ៏​ល្អ​ក្នុង​ការ​ប្រកួត World Cup របស់​ក្រុម​ជម្រើស​ជតិ​សហ​រដ្ឋ​អាមេ​រិក​​បាន​ឈាន​ដល់​ទី​បញ្ចប់​នៅ​ពេល​ជួប​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក កាលពី​ថ្ងៃ​អង្គារ​។



Messi បាន​ជួយ​បង្កើត​ឱកាស​នៃ​ការ​រក​គ្រាប់​បាល់​ឈ្នះ​សម្រាប់ Angel Di Maria នៅ​ក្នុង​រយៈ​ពេល​ពីរ​​នាទី​ចុង​ក្រោយ​នៃ​​នាទី​បន្ថែម​១៥​នាទីពីរ​ដង​ដើម្បី​ជួយ​ឲ្យ​ក្រុម​​របស់​អាមេ​រិក​ខាង​ត្បូង​មួយ​ទទួល​ជ័យ​ជម្នះ ១-០ លើ​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស​។


កីឡាករ Angel di Maria អបអរគ្រាប់​បាល់​បញ្ចូលទី​របស់​ខ្លួន​ដែលនាំឲ្យ​អាហ្សង់ទីន​ឡើង​ទៅ​កាន់​វគ្គ​បន្ត

ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​នឹង​ត្រូវ​ជួប​ជា​មួយនឹង​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​ទីក្រុង Brasilia នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ ក្រោយ​ពី​​ពួក​គេ​បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​សហ​រដ្ឋ​អាមេ​រិក ២-១ បន្ទាប់​ពី​ការ​បន្ថែម​១៥​​នាទី​ពីរ​ដង​។

ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​ពី​សំ​ណាក់​អ្នក​ចាំ​ទី Tim Howard បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​ត្រូវ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ក្រោយ​ពី​រយៈ​ពេល​៩០​នាទី​។ ប៉ុន្តែ ការ​ប្តូរ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku ដែល​មាន​មូល​ដ្ឋាន​នៅ​អង់​គ្លេស ចូល​លេង បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុម​បែល​ហ្ស៊ិក​តែ​ម្តង​។


អ្នក​ចាំទី​អាមេរិក Tim Haward សោកស្តាយ​ដែលមិនអាចនាំក្រុម​ឈាន​ទៅ​កាន់វគ្គ​បន្ត

ការ​ប្រើ​ល្បឿន​ដ៏​មាន​ថាម​ពល​របស់​ខ្សែ​ប្រយុទ្ធ​នៃក្លិប Chelsea រូប​នេះ បាន​ជួយ​ឲ្យ​ខ្សែ​បម្រើ Kevin De Bruyne រក​គ្រាប់​បាល់​បើក​ឆាកនៅ​នាទី ទី​៩៣ នៅ​មុនពេល​រូប​គេ​បាន​ទទួល​បាល់​យ៉ាង​ល្អ និង​បាន​ស៊ុត​បាល់​​បំ​ប៉ោង​សំណាញ់​ទី​របស់ Howard ដើម្បី​រក​គ្រាប់​បាល់​ទី​២​​តែ​ម្តង​។

គ្រាប់​បាល់​នោះ​​ហាក់​ដូច​ជា​ត្រូវ​កំ​ណត់​ក្នុង​ការ​ប្រកួត​នេះ​ទៅ​ហើយ ប៉ុន្តែ ក្រុម​អាមេ​រិក​របស់​លោក Jurgen Klinsmann បាន​ធ្វើ​ការ​វាយ​បក​យ៉ង​ខ្លាំង​​ក្លា​។ ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ពី​សំ​ណាក់​កីឡាករ​បម្រុង Julian Green វ័យ​១៩​ឆ្នាំ នៅ​នាទី ទី​១០៧ បាន​បំ​ពេញ​នូវ​លទ្ធ​ផល​នៃ​ការ​ប្រកួត​នេះ​​តែ​ម្តង​។

ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក ឈាន​ទៅ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ជា​លើក​ទី​១​នៃ​យុទ្ធ​នា​ការ World Cup ក្នុង​រយៈ​ពេល​២៨​​ឆ្នាំ ដែល​នៅ​ពេល​នោះ​ពួក​គេ​បាន​​ឈាន​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ក្នុង​ប្រទេស​ម៉ិក​ស៊ិក មុន​នឹង​​ត្រូវ​ធ្លាក់​ចេញ​ក្រោម​ស្នា​ដៃ​របស់​ក្រុម​អាហ្សង់​ទីន​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង
រូបថត fifa.com




© រក្សាសិទ្ធិដោយ thmeythmey.com