កីឡាអន្តរជាតិ
អន្តរជាតិ
Man of the Match នៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ភាគ​ច្រើន​គឺជា​អ្នក​ចាំទី
02, Jul 2014 , 1:05 pm        
រូបភាព
ដោយ: រួបរួម
​ក្នុង​ជំនួប​ទាំង​៨​ប្រកួតនៅ​វគ្គ​១៦ក្រុម​ចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៤ អ្នក​ចាំទី​៥​រូប​​បាន​ទទួល​ពាន​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត (Man of the Match) ដែល​ឧបត្ថម្ភ​ដោយក្រុមហ៊ុន Budweiser។ ពាន​នេះ ទទួល​បាន​តាម​រយៈ​ការ​បោះឆ្នោត​អនឡាញ​នៅ​លើ​គេហទំព័រ​ផ្លូវការ Twitter និង​កម្មវិធី Mobile Phone Application របស់​សហ​ព័ន្ធកីឡា​បាល់ទា​ត់អន្តរជាតិ (FIFA)។



ក្នុង​ចំណោម​អ្នក​ចាំទី​ទាំង​៥រូបនោះ មាន​កីឡាករ២រូប គឺ Julio Cesar (ប្រេស៊ីល) និង Keylor Navas (កូស្តារីកា) បាន​ជួយ​ក្រុម​ឲ្យ​ឈាន​ទៅ​កាន់​វគ្គ​បន្ត ខណៈអ្នក​ចាំទី​៣រូបទៀត គឺ Guillermo Ochoa (ម៉ិកស៊ិក) Rais M’Bolhi (អាល់ហ្សេរី) និង Tim Howard (អាមេរិក) បាន​បញ្ចេញ​សមត្ថភាព​យ៉ាងអស់​អស្ចារ្យ​ក្នុងការ​ប្រកួតទាំងមូល ប៉ុន្តែក្រុម​របស់ពួក​គេ​មិនអាច​ឈានទៅ​វគ្គ​បន្តបានឡើយ។

បើគិត​ទាំង​ការ​ប្រកួត​ជម្រុះ​តាមពូល​ អ្នក​ចាំទី​៣រូប បាន​ឈ្នះពាន Man of the Match ចំនួន​២ដង ដែលក្នុងនោះ​មាន Tim Howard, Keylor Navas និង Guillermo Ochoa។ បើ​សរុប​ជារួម ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ទទួល​បានពាន​ទាំង​៤លើកក្នុងចំណោម​ការប្រកួតកន្លងមក ខណៈ James Rodriguez របស់កូឡុំប៊ី បាន​ចំនួន​៣លើក។ កីឡាករ​ចំនួន​៩​នាក់​បាន​ពាន Man of the Match ចំនួន​២លើក៕​
 
រូបថត៖ fifa.com



© រក្សាសិទ្ធិដោយ thmeythmey.com