កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ​ហូឡង់ Elroy van der Hooft ត្រឡប់​មកជួយ​ចម្ការកៅស៊ូ​បឹង​​វិញ
04, Jul 2014 , 8:12 am        
រូបភាព
ដោយ:
ក្រោយពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅលេង​ស្រុកកំណើត​មួយរយៈ​កាលពីមុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លងទៅ ឥឡូវនេះ​កីឡាករ​ជនជាតិ​ហូឡង់​ Elroy  van  der  Hooft បាន​ត្រឡប់​មកជួយ​ក្រុម​ចាស់​របស់ខ្លួន​ចម្ការកៅស៊ូ​បឹងកេត វិញ​ហើយ ក្នុង​យុទ្ធនាការ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ ។



នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​ចម្ការកៅស៊ូ​បឹងកេត បាន​ជូនដំណឹង​ដល់​អ្នកគាំទ្រ​ខ្លួន​នៅ​ល្ងាច​ថ្ងៃទី ៣ កក្កដា​ថា៖ «ខ្សែប្រយុទ្ធ Elroy Van Der Hooft បាន​វិល​មកជួយ​ក្លិប​វិញ បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​បាត់​មុខ​មួយ​រយះ​នៅ​សមរភូមិ​វាលស្មៅ ស្រប​ពេលដែល​បឹងកេត​នៅមាន​សង្ឃឹម​ច្រើនជាង​ក្លិបផ្សេងៗ ទៀត​ក្នុងការ​ដណ្តើម​យកពាន​រង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៤» ។

ពេលដំណាលៗគ្នា កីឡាករ Elroy ក៏បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដែលថា៖ «ផ្ទុយ​ពីអ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ពីមុន ខ្ញុំ​នឹង​បញ្ចប់​រដូវ​កាល​នេះ​ជាមួយ​បឹងកេត ជំនួស​ឲ្យ​ការផ្លាស់​ទៅលេង​នៅក្នុង​ប្រទេស​ថៃ។ បន្ទាប់ពី​ពិភាក្សា​ជាមួយ​លោក បែ មករា ហើយ​អ្នកចាត់ការ​ទូទៅ​រូបនេះ បាន​បញ្ចុះបញ្ចូល​ខ្ញុំ​ឲ្យ​ចូលរួម​ជួយ​ក្រុម​ឲ្យ​ទទួលបាន​ដំណែង​ជើងឯក។ ខ្ញុំ​ប្រហែល​ជាមាន​វត្តមាន​នៅលើ​ទីលាន​នៅ​ថ្ងៃ​អាទិត្យ​​នេះ ប្រសិនបើ​គ្រូបង្វឹក​ជ្រើសរើស​ខ្ញុំ»។

អតីត​យុវជន​ថ្នាល​របស់​ក្លិប​ល្បី Ajax នៅ​ប្រទេស​ហូឡង់​ បានបញ្ជាក់​យ៉ាងច្បាស់​ថា រូបគេ​អាច​នឹង​បង្ហាញខ្លួន​ពេល បឹងកេត ប៉ះ​ក្រសួងការពារជាតិ បាន​នៅចុង​សប្ដាហ៍​នេះ ប្រសិនបើ​លោកគ្រូ​បង្វឹក ប្រាក់ វុទ្ធី ជ្រើស​ខ្លួន​ជា​ជម្រើស ១១ នាក់​ដំបូង។

លោក បែ មករា ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្លិប​បាន​ចុះកិច្ចសន្យា​ជាមួយ Elroy កាលពី​ខែមករា​ដើមឆ្នាំ ២០១៤ ចំនួន​មួយ​រដូវ​កាល ហើយ​ពេលនេះ​កិច្ចសន្យា​នៅ​មិនទាន់​ផុតកំណត់​នៅឡើយ​នោះទេ។

មុន​មក​រួមរស់​ជាមួយ​ក្លិប​ជើងឯក​លី​ក​កំពូល​ឆ្នាំ២០១២ ចម្ការកៅស៊ូ​បឹងកេត កីឡាករ​អឺរ៉ុប​ម្នាក់នេះ ធ្លាប់​ហាត់​នៅ​ថ្នាល​ក្លិប លី​ក​កំពូល​ហុ​ល្លង់ Ajax  ចំនួន ៦ ឆ្នាំ មុន​ទៅលេង​នៅ​ក្លិប ADO Den Haag, RKC Waalwijk និង VV UDO។ ក្រោយមកទៀត​គេ​បាន​ប្តូរ​ទៅលេង នៅ​ក្លិប FC Chania ប្រទេស​ក្រិ​ក មុន​ចុះ​កុងត្រា​នៅ​ក្លិប Persekap Pasuruan ឥណ្ឌូណេស៊ី តែ​ត្រូវ​លុបចោល​ទៅវិញ និង​ចុងក្រោយ​បង្ហាញខ្លួន​ឲ្យ​ភ្នំពេញ​ក្រោ​ន នៅ​ពាក់កណ្ដាល​រដូវ​កាល ២០១៣ ៕




© រក្សាសិទ្ធិដោយ thmeythmey.com