កីឡាជាតិ
ជាតិ
លីក ២០១៤៖ ថ្ងៃនេះ​ ភ្នំពេញក្រោន​ត្រូវ​ការ​ឈ្នះ​ប៉ូលិស ដើម្បី​បន្ត​ឈរ​ដាច់​កំពូលតារាង
05, Jul 2014 , 10:32 am        
រូបភាព
ដោយ:
ក្រុម​បាល់ទាត់​ភ្នំពេញក្រោន ត្រូវ​ការ៣ ពិន្ទុ​ដាច់​ខាត​​ក្នុង​ជំនួប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) នៅ​ម៉ោង ៦ ​ល្ងាច​ថ្ងៃ​ទី ៥ កក្ដដា នេះ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ ក្នុង​សប្ដាហ៍​ទី​ ១៩ នៃ​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីក ២០១៤។



ក្រុម​ភ្នំពេញក្រោន
តាម​ការ​ឱ្យ​ដឹង​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប តួសំខាន់២ នាក់​គឺ អ្នកចាំទីដៃ​ស្អិត ស៊ូ យ៉ាទី និង ខ្សែ​បម្រើ​ប្រយុទ្ធ​ Adriano Pellegrino អាច​ត្រឡប់​មក​ហ្វឹកហាត់​វិញ​បាន​ហើយ​ក្រោយ​រងរបួស​នាពេល​កន្លង​មក ហើយ​ទំនង​នឹង​ជាប់​ជា​ជម្រើស​ដំបូង​របស់​លោក​គ្រូ​បង្វឹក Sam Schweingruber។

ការ​រក្សា​ខ្លួន​មិន​ឱ្យ​ចាញ់​គឺ​ជា​រឿង​តែ​មួយ​គត់​ដែល​ភ្នំពេញក្រោន​ត្រូវ​ធ្វើ ព្រោះ​​ពេល​នេះ​​​កំពុង​ឈរ​កំពូល​តារាង​លីក​កំពូល​កម្ពុជា​អមដោយ ៤៥ ពិន្ទុ ច្រើន​ជាង​ក្រោម​លេខ ២ ចម្ការកៅស៊ូបឹងកេត ៥ ពិន្ទុ ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​ ៤ ប្រកួត​ទៀត​ប៉ុណ្ណោះ។

ខ្សែ​ប្រយុទ្ធ Bisan George ជា​បេក្ខជន​​មាន​ប្រៀប​ច្រើន​ជាង​គេ​ក្នុង​​ចំណោម​អ្នក​ទាត់​បញ្ជូល​ទី​ច្រើន​ជាង​គេ​ ដើម្បី​ការ​ដណ្ដើម​ស្បែកជើង​មាស​រដូវកាល​​នេះ ស្រប​ពេល​ខ្សែ​បម្រើ​ ធារី ចន្ថាប៊ីន, គួច សុគុម្ភៈ, អ៊ុក សុធី, ឃឹម បូរី គឺ​ជា​អ្នក​បោះ​បាល់​ឱ្យ​ស៊ុត។

ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ
ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បើទោះ​ជា​នៅ​ឆ្ងាយ​​តំបន់​​ឈ្នះ​ជើង​ឯក​ក៏​ពិត​មែន តែ​ក្រុម​មួយ​នេះ​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់​ឈរ​តំបន់ Top4 ​ដើម្បី​ឡើង​ទៅ​លេង​ក្នុង​ពាន​រង្វាន់ Royal Cup នៅ​ចុង​ឆ្នាំ​​នេះ។

លោក អ៊ុង កងយ៉ានិត ដឹកនាំ​ក្រុម​ប៉ូលិស ចំនួន ១៧ ប្រកួត​ក្នុង​លីករដូវកាល​នេះ ក្នុង​នោះ​ឈ្នះ ៧ ស្មើ ៥ និង ចាញ់ ៥ មាន ២៦ ពិន្ទុ​ក្នុង​ដៃ ឈរ​ចំណាត់​ថ្នាក់​លេខ៥ ក្នុង​តារាង។
កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ នេះ​សរុប​រួម​មាន៖

• Albirex Niigata PP Vs សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប នៅ​ម៉ោង ៣:៣០ នាទី ទីលាន​ស្ដាត​ចាស់
• ប្រៀលប្រាយយូណាយធិត Vs គីរីវង់សុខសែនជ័យ នៅ​ម៉ោង ៣:៣០ នាទី ទីលាន​ពហុកីឡដ្ឋាន​ជាតិ (Live BTV)
• ភ្នំពេញក្រោន Vs អគ្គស្នងការដ្ឋាន​នគរបាលជាតិ ម៉ោង ៦ ល្ងាច ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ






© រក្សាសិទ្ធិដោយ thmeythmey.com