កីឡាអន្តរជាតិ
អន្តរជាតិ
ហូ​ឡង់​ឡើងទៅ​វគ្គ១/២ ក្រោយ​ឈ្នះ​កូ​ស្តា​រី​កា​ដោយសារ​បាល់​ប៉េ​ណា​ល់​ទី
06, Jul 2014 , 8:08 am        
រូបភាព
ដោយ: រួបរួម
ហូ​ឡង់​បាន​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ជាមួយ​អា​ហ្ស​ង់​ទីន បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ​លើ​កូ​ស្តា​រី​កា ក្នុងការ​ប្រកួត​ដ៏​តឹងតែង​មួយ។ ក្រុម​ទាំងពីរ​បានបញ្ចប់​ការប្រកួត១២០នាទី​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី ហើយ​ហូ​ឡង់​បានឈ្នះ ៤-៣ ដោយសារ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់ក្តី។



អ្នកចាំទី Tim Krul របស់​ហូ​ឡង់ បាន​ចូល​ជំនួស Jasper Cillenssen នៅ​រយៈពេល៤៤វិនាទី​មុន​បញ្ចប់​ការប្រកួត​ដើម្បី​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី ដោយ​រូបគេ​បាន​រារាំង​ការ​ស៊ុត​របស់ Bryan Ruiz និង Michael Umada ដើម្បី​នាំ​ហូ​ឡង់ ឈានទៅ​កាន់​វគ្គ១/២ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​បី​ក្នុងចំណោម​ការបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ៤លើក​កន្លងមក។


កីឡាករ​ដែល​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បានសម្រេច​ឲ្យ​ហូ​ឡង់​រួមមាន Robin van Persie, Arjen Robben, Wesley Sneijder និង Dirk Kuyt ខណៈ​កីឡាករ​ដែល​សម្រេច​ផល​ឲ្យ​កូ​ស្តា​រី​កា​មាន Celso Borges, Giancarlo Gonzalez និង Christian Bolaños ប៉ុន្តែ Bryan Ruiz និង Michael Umada បានធ្វើ​ឲ្យ​កូ​ស្តា​រី​កា​ខក​ឱកាស​ក្នុង​ការឈាន​ទៅកាន់​វគ្គ១/២ក្រុម​ចុងក្រោយ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន។

ហូ​ឡង់​ត្រូវ​ជួប​អា​ហ្ស​ង់​ទីន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី១០ ខែកក្កដា លើ​កីឡដ្ឋាន Arena Corinthians ក្រុង São Paulo បន្ទាប់ពី​ជំនួប​រវាង​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល និង​អាល្លឺម៉ង់ នៅ​កីឡដ្ឋាន Estádio Mineirão ក្រុង Belo Horizonte៕




© រក្សាសិទ្ធិដោយ thmeythmey.com