កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool យល់​ព្រម​លើ​តម្លៃ​ខ្លួន Origi និង​ចង់​បាន Markovic នា​ពេល​បន្ទាប់
07, Jul 2014 , 4:14 pm        
រូបភាព
ដោយ: ថ្មីៗ
ក្លិប​ Liverpool បាន​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​គ្នា​មួយ​​ជា​មួយ​នឹង​ក្លិប Lille ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​បែល​ហ្ស៊ិក Divock Origi និង​កំ​ពុង​តែ​ស្ថិត​ក្នុង​កិច្ច​​ពិភាក្សា​ដើម្បី​ចុះ​ហត្ថ​លេខា​ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​ស៊ែ​ប៊ី Lazar Markovic ពី​ក្លិប Benfica​។



ក្លិប​ហង្ស​ក្រហម​មួយ​នេះ នឹង​ចំ​ណាយ​ប្រាក់​ទៅ​លើ​តម្លៃ​ខ្លួន​មួយ​អាច​នឹង​កើន​ដល់​១០​លាន​ផោន (ស្មើ​នឹង​​១៧,១៤​លាន​ដុល្លារ​អាមេ​រិក) សម្រាប់​ទិញ​កីឡាករ Origi វ័យ​១៩​​ឆ្នាំ ដែល​នឹង​ត្រូវ​ពិភាក្សា​លើ​លក្ខ​ខណ្ឌ​​ផ្សេង​ៗ​នៅ​សប្តាហ៍​នេះ​។ បន្ថែម​ជាង​នេះ​ទៅ​ទៀត ពួក​គេ​កំ​ពុង​តែ​សង្ឃឹម​ថា អាច​បំ​ពេញ​​​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​នាំ​យក Markovic វ័យ​២០​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ជឿ​​ថា នឹង​មាន​តម្លៃ​ខ្លួន​ប្រមាណ​ជា​២៥​លាន​ផោន (ស្មើ​នឹង​​៤២,៨៥​លាន​ដុល្លារ​អាមេ​រិក)​។

ការ​ផ្ទេរ​ទាំង​ពីរ​នឹង​ត្រូវ​កើត​ឡើង ខណៈ​ដែល Liverpool ត្រៀម​​លក់​ខ្សែ​ប្រយុទ្ធ Luis Suarez វ័យ​២៧​ឆ្នាំ ទៅ​ឲ្យ​ក្លិប Barcelona ក្នុង​តម្លៃ​ខ្លួន​៧៥​លាន​ផោន​។ Barcelona បាន​បង្ហាញ​ថា ពួក​គេ​មាន​​បំ​ណង​បំ​ពេញ​ការ​​ទិញ​រំ​លាយ​កិច្ច​សន្យា​របស់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អ៊ុយ​រូ​ហ្គាយ​រូប​នេះ ប៉ុន្តែ កិច្ច​ពិភាក្សា​នៅ​តែ​បន្ត​​ទៅ​​លើ​របៀប​ដែល​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​​ត្រូវ​រៀប​ចំ​ឡើង​។

Liverpool ក៏​​កំ​ពុង​តែ​រង់​ចាំ​ស្តាប់​ដំ​ណឹង​ពី​ខ្សែ​បម្រើ​ស្លាប Alexis Sanchez របស់​ក្លិប​អេ​ស្ប៉ាញ​មួយ​នេះ​ផង​ដែរ ខណៈ​ដែល​រូប​គេ​ក៏​ជា​គោល​ដៅ​​របស់​ក្លិប Arsenal និង Juventus ដែរ​។ លោក Brendan Rodgers ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ មិន​ទាន់​បោះ​បង់​ក្តី​សង្ឃឹម​ក្នុង​ការ​ចុះ​ហត្ថ​លេ​ខា​ជា​មួយ​នឹង​កីឡាករ​ស៊ី​លី​វ័យ​២៥​ឆ្នាំ​រូប​នេះ​ឡើយ ប៉ុន្តែ នៅ​តែ​រង់​ចាំ​​ការ​ឆ្លើយ​​តប​ពី​រូប​គេ​​៕

ប្រែ​សម្រួល​ដោយ​ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com