កីឡាជាតិ
ជាតិ
លី​ក ២០១៤៖ ដណ្តើមបាន​បី​ពិន្ទុ​ពី​ណាហ្គា​ខ​ប នឹង​នាំ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ក្លាយជា​ជើងឯក
12, Jul 2014 , 11:12 am        
រូបភាព
គួច សុគម្ភៈរបស់ភ្នំពេញក្រោន និង ជួន ជុំ របស់ណាហ្គាខប នា​ជំនួប​ជើង​ទីមួយ
គួច សុគម្ភៈរបស់ភ្នំពេញក្រោន និង ជួន ជុំ របស់ណាហ្គាខប នា​ជំនួប​ជើង​ទីមួយ
ដោយ:
គូប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ (MCL 2014) ថ្ងៃ​សៅ​រិ៍ ទី ១២ កក្កដា សប្ដាហ៍​នេះ​បាន​ឈាន​ចូលដល់​សប្ដាហ៍​ទី ២០ ហើយ ស្របពេល​មាន ៤ ប្រកួត​ត្រូវ​ប្រយុទ្ធ​គ្នា ខណៈ​គូ​ភ្នំពេញ​ក្រោ​ន ប៉ះ ជាមួយ​ក្រុម​ណាហ្គា​ខ​ប វេលា​ម៉ោង ៦ ល្ងាច លើ​ទីលាន​ពហុ​កីឡដ្ឋាន ជា​គូ​ជក់ចិត្ត​ជាងគេ​សម្រាប់​អ្នកគាំទ្រ។



ព័ត៌មាន​សង្ខេប​ពី​ក្រុម ភ្នំពេញ​ក្រោ​ន
លោកគ្រូ​បង្វឹក Sam Schweingruber របស់​ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវការ​តែ​ជ័យជម្នះ​មួយ​ប្រកួត​ប៉ុណ្ណោះ​ដើម្បី​កាត់សេចក្ដី​ថា​ខ្លួន​នឹង​ឈ្នះ​ពានរង្វាន់​នៅ​រដូវ​កាល​នេះ ព្រោះ​ក្រុម​មាន​ពិន្ទុ​ឈរលើ​កំពូល​តារាង​លើស​ក្រុម​ផ្សេងទៀត។

ការវិល​ត្រឡប់មកវិញ​របស់​ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន និង ខ្សែការពារ កុក បូរី ធ្វើឱ្យ​ក្រុម​កាន់​តែមាន​សំទុះ​កាន់តែខ្លាំង​ក្នុង​ការនាំ​ប្រៀប​លើ​ដៃគូ​ប្រកួត​លើ​ទីលាន។ ចំណែក​ខ្សែប្រយុទ្ធ Bisan Goerge មកពី​ទ្វីបអាហ្វ្រិក នៅ​ក្រុម​ជើងឯក ៤ សម័យមួយ​នេះ​កំពុងតែ​ស្រេច​ឃ្លាន​ក្នុងការ​ទាត់​បាល់​បំប៉ោង សំណាញ់​ទី ព្រោះ​ពេលនេះ​គេ​មាន​គូប្រជែង​ថ្មី គឺ​កីឡាករ Bata របស់​ក្រុម​ខេត្តស្វាយរៀង ក្នុងការ​ដណ្ដើម​ស្បែកជើង​មាស។

១៩ ប្រកួត​ក្នុង​លី​ក ភ្នំពេញ​ក្រោ​ន ឈ្នះ ១៥ ស្មើ ៣ និង ចាញ់​តែ ១ ប្រកួត​ប៉ុណ្ណោះ មាន ៤៨ ពិន្ទុ ហើយ​ទាត់​ចូល​ទី​គេ ៥២ គ្រាប់ និង គេ​ទាត់​ចូល​វិញ ១៦ គ្រាប់។

ព័ត៌មាន​សង្ខេប​ពី​ក្រុម ណាហ្គា​ខ​ប
គិត​ត្រឹម​សប្ដាហ៍​នេះ​ណាហ្គា ហាក់​អស់​ឱកាស​ប្រជែង​កៅអី​កំពូល​តារាង​ពី​ក្រុម​ភ្នំពេញ​ក្រោ​ន ទៅហើយ ១៨ ប្រកួត​កន្លងទៅ​ក្រុម​ឈ្នះ​បានតែ ៩ ប្រកួត ស្មើ ៦ និង ចាញ់ ៣ ប្រកួត មាន ៣៣ ពិន្ទុ ឈរ​ចំណាត់ថ្នាក់​លេខ ៣ បណ្ដោះអាសន្ន។

កីឡាករសំខាន់ៗ របស់​ក្រុម​ដែល​គិតថា​ជា​តួអង្គ​សំខាន់​នៅលើ​ទីលាន បាន​រងរបួស​ជា​បន្តបន្ទាប់ ចំពេល​កីឡាករ​ដែល​ត្រូវ​ជំនួស មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការជួយ​ក្រុម។ ប្រកួត​ចុងក្រោយ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ប្រាក់ សុវណ្ណារ៉ា បានបង្ហាញ​កីឡាករល្អៗ ដែល​ទើប​ជាសះស្បើយ​ពីរ​បួស​មួយចំនួន​ដូចជា ខ្សែបម្រើ​កណ្ដាល An Jing Yon ខ្សែបម្រើ​ការពារ​ជនជាតិ​ជប៉ុន Masa និង​យុវជន​ខ្មែរ​មួយចំនួនទៀត។

ការ​ដាច់​ឆ្ងាយ​របស់លោក មាស ចាន់ណា មក​ធ្វើជា​ជំនួយការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង U21 ធ្វើឱ្យ​ក្រុម​ហាក់​មាន​បញ្ហា​នៅ​ក្បាលម៉ាស៊ីន នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ។

សម្រាប់​គួរ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ​មាន៖
•    Albirex Niigata PP Vs ក្រសួងការពារជាតិ ម៉ោង ១:៣០ រសៀល នៅ​ស្ដា​ត​ចាស់
•    អាស៊ី​អឺរ៉ុប Vs ត្រាយ​អាស៊ី​ភ្នំពេញ ម៉ោង ៣:៤៥ រសៀល នៅ​ស្ដា​ត​ចាស់
•    បៀ​ល​ប្រាយ Vs ស្វាយរៀង ម៉ោង ៣:៣០ រសៀល នៅ​ពហុ​កីឡដ្ឋាន​ជាតិ (Live BTV)
•    ភ្នំពេញ​ក្រោ​ន Vs ណាហ្គា​ខ​ប ម៉ោង ៦ ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ ៕




© រក្សាសិទ្ធិដោយ thmeythmey.com