កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ វីរបុរស Aston Villa លោក Peter Withe ជឿជាក់​លើ​​អាល្លឺម៉ង់
13, Jul 2014 , 4:13 pm        
រូបភាព
លោក Peter With វ័យ៦២ឆ្នាំ អតីត​ខ្សែប្រយុទ្ធ​ដែល​បាន​នាំ​ឲ្យ​ក្លិប Aston Villa ឈ្នះ​ពាន European Cup កាលពី​ឆ្នាំ១៩៨២នោះ បាន​និយាយប្រាប់​គេហទំព័រថ្មីៗក្នុងជំនួប​រយៈពេល​ខ្លី​មួយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​មាន​ភាគរយ​ខ្ពស់​ក្នុងការ​ដណ្តើមបាន​តំណែង​ជើងឯក World Cup ជា​លើក​ទី៤ ។



លោក Peter ដែលជា​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុង​ព្រឹត្តិការណ៍ World Cup កាលពី​ឆ្នាំ១៩៨២ផងដែរ​នោះ បាន​និយាយថា៖ «អាល្លឺម៉ង់​គឺជា​ក្រុម​មួយ​ដែល​ខ្ញុំ​បានគិត​ពីដំបូង​ថា ត្រូវ​ឈាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ ពីព្រោះ​ក្រុម​មួយ​នេះ មានការ​រៀបចំ​បាន​យ៉ាង​ល្អ ហើយ​កីឡាករ​សុទ្ធ​តែមាន​សមត្ថភាព»។

«ខ្ញុំ​មានជំនឿថា អាល្លឺម៉ង់​នឹងមាន​ឱកាស​លើក​ពាន ប៉ុន្តែ​រឿង​តែ​ម្យ៉ាង​គត់​នោះ គឺ​ពួកគេ​ត្រូវ​ព្យាយាម​រារាំង Lionel Messi។ ទោះបីជា​យ៉ាង​ក៏ដោយ អាល្លឺម៉ង់​ដែលមាន​កីឡាករ​ល្អ​នៅ​គ្រប់ផ្នែក​នោះ ពិតជា​មិនមាន​ការពិបាក​ទប់ទល់ Messi នោះឡើយ»។ នេះ​ជាការ​លើកឡើង​របស់លោក Peter ដែល​ធ្លាប់​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ផងដែរ​ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ និង​ឥណ្ឌូនេស៊ី៕

សូម​រង់ចាំ​អាន​បទ​សម្ភាស​ពិស្តារ​រវាង​លោក អ៊ឹង ចំរើន អ្នកយកព័ត៌មាន​គេហទំព័រ www.thmeythmey.com ជាមួយនឹង​លោក Peter Withe ជុំវិញ​គម្រោង និង​ទស្សនៈ​នានា​របស់លោក​លើ​វិស័យ​កីឡាបាល់ទាត់។ វត្តមាន​របស់​វីរបុរស​ក្លិប Aston Villa រូបនេះ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ក្រោម​ការជួយជ្រោមជ្រែង​ពី​សណ្ឋាគារ Naga World





© រក្សាសិទ្ធិដោយ thmeythmey.com