កីឡាអន្តរជាតិ
អន្តរជាតិ
Messi សម្លឹង​រក​ជ័យជម្នះ ខណៈ​អា​ហ្ស​ង់​ទីន និង​អាល្លឺម៉ង់​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​រាត្រី​នេះ
13, Jul 2014 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធ Lionel Messi នឹង​ខិតខំ​ព្យាយាម​ធ្វើ​ឲ្យ​ល្អប្រសើរ​ជាង​មិត្ត​រួម​ជាតិ​របស់គេ​គឺ​លោក Diego Maradona នៅ​រាត្រី​ថ្ងៃអាទិត្យ​នេះ ខណៈដែល​រូបគេ​នឹង​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ក្នុងការ​ប្រកួត​ជាមួយនឹង​អាល្លឺម៉ង់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ World Cup ដែលជា​ជំនួប​រវាង​ក្រុម​ជើង​ខ្លាំង​នៅ​អឺរ៉ុប និង​អាមេរិក​ខាងត្បូង។



កីឡដ្ឋាន Maracana ក្នុង​ទីក្រុង Rio de Janeiro នឹង​ក្លាយជា​កន្លែង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​រំភើប​មួយ ដែល​នឹងត្រូវ​ចាប់ផ្តើម​នៅ​ម៉ោង២ទៀបភ្លឺ (ម៉ោង​នៅ​កម្ពុជា) នៅ​ពីមុខ​អ្នកទស្សនា​ប្រមាណ​ជា៧៣.៥០០នាក់ និង​ដែល​ទាក់ទាញ​ទូរ​ទស្ស​និក​រាប់ពាន​លាន​នាក់​ទូទាំង​ពិភពលោក។

អាល្លឺម៉ង់ ដែល​កំពុងតែ​ស្ថិតក្នុង​ការជឿជាក់ ក្រោយពី​ការទទួល​ជ័យជម្នះ ៧-១ លើ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ នឹង​ស្ថិត​ក្នុងនាម​ជា​ក្រុម​មាន​ក្តីសង្ឃឹម​ច្រើន​ដើម្បី​ក្លាយជា​ក្រុម​អឺរ៉ុប​ទី១ក្នុងការ​ឈ្នះ​ពានរង្វាន់ World Cup នៅលើ​ទឹកដី​អាមេរិក​ឡាទីន។ ប៉ុន្តែ ស្របពេល​ជាមួយគ្នានេះ​ផងដែរ Messi ដែលជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ពិភពលោក៤សម័យកាល កំពុងតែ​ប្រជែង​ដណ្តើមយក​កៅអី​មួយ​រួម​ជាមួយនឹង​លោក Maradona និង Pele ក្នុងនាម​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុងការ​ឈ្នះ​ពានរង្វាន់​ដ៏​ធំ​បំផុត​ក្នុង​កីឡា​មួយ​នេះ។

Messi បាន​សរសេរ​សារ​មួយ​នៅលើ​បណ្តាញ​សង្គម Facebook របស់គេ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា៖ «ថ្ងៃស្អែក​នេះ យើង​នឹងត្រូវ​លេង​ការប្រកួត​ដ៏​សំខាន់បំផុត​ក្នុង​ជីវិត​របស់​យើង​សម្រាប់​ប្រទេស​របស់​យើង។ សុបិន​របស់ខ្ញុំ និង​ក្តីសង្ឃឹម​របស់ខ្ញុំ​នឹងត្រូវ​បំពេញ​តាមរយៈ​ការខិតខំ​ព្យាយាម​យ៉ាង​លំបាក និង​ការលះបង់​របស់​ក្រុម​មួយ​ដែល​បាល់​ផ្តល់​រាល់អ្វីៗទាំងពី​ការប្រកួត​មួយ»។

កីឡាករ​រូបនេះ​បាន​បន្ថែមថា៖ «យើង​បានដឹងថា វា​អាចទៅរួច។ ប្រជាជន​អា​ហ្ស​ង់​ទីន​របស់​យើង ពួកគេ​បានមក​ទីនេះ។ ប៉ុន្តែ ក្តីសង្ឃឹម​នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ។ ថ្ងៃស្អែក​នេះ យើង​ចង់​ឈ្នះ ហើយ​យើង​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ»។ ប្រជាជន​អា​ហ្ស​ង់​ទីន​ប្រមាណ​ជា១០ម៉ឺន​នាក់​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង Rio ដើម្បី​គាំទ្រ​ក្រុម​របស់​ពួកគេ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​នេះ៕

ជំនួប​បី​លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ
16/08/12 Germany 1-3 Argentina
03/07/10 Argentina 0-4 Germany
04/03/10 Germany 0-1 Argentina

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com