កីឡាជាតិ
ជាតិ
កីឡាករ​ខ្មែរ-បារាំង វ៉ា សុខថន ក្លាយ​ជា​សមា​ជិក​ថ្មី​របស់​ក្លិប​ភ្នំពេញ​ក្រោន
31, Jul 2014 , 1:31 pm        
រូបភាព
ខ្សែកីឡាករ វ៉ា សុខថន ជាមួយ​ភរិយា និង​កូន​ស្រី​របស់​ខ្លួន​ក្នុងឈុត​ភ្នំពេញក្រោន។ រូបថត ហ្វេសប៊ុក
ខ្សែកីឡាករ វ៉ា សុខថន ជាមួយ​ភរិយា និង​កូន​ស្រី​របស់​ខ្លួន​ក្នុងឈុត​ភ្នំពេញក្រោន។ រូបថត ហ្វេសប៊ុក
ដោយ: រួបរួម
ភ្នំពេញក្រោន បា​នប្រកា​សពីការចុះ​ហត្ថ​លេខា​ជាមួយ​​ខ្សែបម្រើ​ខ្មែរ-បារាំង វ៉ា សុខថន អាយុ​២៧​ឆ្នាំ ដែល​នឹងក្លាយ​ជា​សមាជិក​ថ្មីរបស់​ម្ចាស់​ជើង​ឯក​មិត្តហ្វូន​ខេមបូ​ឌានលីកមួយនេះ ចាប់​ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ តទៅ។



​យោង​តា​មទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ភ្នំពេញ​ក្រោន លោក Sam Schweingruber ដែល​ជាគ្រូបង្វឹក បាន​លើក​ឡើង​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​ថា៖ «សុខថន បាន​ចូល​រួម​ជាមួយ​យើង​អស់​រយៈ​ពីរ​បី​សប្តាហ៍ ហើយ​រូបគេ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​យើង​ជាមួយ​នឹង​បច្ចេក​ទេស​ល្អ ល្បឿន​ និង​ការនាំបាល់​ស៊ុត​បញ្ចូលទី...»។ លោក​មាន​ជំនឿថា ការ​មកដល់​របស់​ វ៉ា សុខថន នឹង​នាំឲ្យភ្នំពេញ​ក្រោន​កាន់​តែ​រឹងមាំ។

សុខថន កើតនៅ​តំបន់ Le Creusot ភាគ​ខាងកើតនៃ​ប្រទេស​បារាំង ដោយ​ឪពុកម្តាយ​របស់គេគឺ​ជាអ្នក​ក្រចេះ និងព្រៃវែង។ គេ​ធ្លាប់​មាន​ប្រវត្តិ​លេង​ឲ្យក្លិប​កម្រិត​យុវជន​ជាច្រើន​ ដូចជា ES Torcy, FC Montceau Bourgogne, US Motte Servolex និង SO Chambery Foot 73 ហើយ​កាលពី​រដូវកាលមុន គេ​បានស៊ុត​បាល់​បញ្ចូលទី​១៧គ្រាប់​ក្នុងចំណោម​១៤ប្រកួត​សម្រាប់​ក្លិប Le Creusot JO។

«ខ្ញុំបាន​ស្នាក់​នៅ​កម្ពុជា​អស់​រយៈពេល​៦សប្តាហ៍ ខ្ញុំស្រឡាញ់​ប្រទេស​ខ្ញុំ​ខ្លាំងណាស់ ហើយ​ខ្ញុំ​ពេញចិត្ត​នៅ​ទីនេះ​ដើម្បី​លេង​បាល់ទាត់។ ខ្ញុំ​បាន​តាមដាន​បាល់ទាត់កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដូច្នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងណា​ស់​ដែល​បានចុះកិច្ច​សន្យា​មួយឆ្នាំ​ជាមួយ​ភ្នំពេញក្រោន»។

សុខថ​ន មាន​ភរិយា​ឈ្មោះ វីតា និងកូន​ស្រី​ដ៏​ស្រស់ស្អាតឈ្មោះ Sothyanna។ ពួក​គេ​ត្រូវ​វិល​ត្រឡប់​ទៅ​ប្រទេស​បារាំងមួ​យរយៈ មុន​នឹង​ចាប់​ផ្តើម​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ភ្នំពេញ​ក្រោន​នាអំឡុង​ខែតុលា។

ខ្សែ​បម្រើ​វ័យ​២៧ឆ្នាំរូប​នេះ គឺ​ជាកីឡករខ្មែរ-បារាំងទីបួន​ដែល​បាន​ចុះ​ហត្ថលេខាលេងឲ្យក្លិប​ភ្នំពេញក្រោន បន្ទាប់ពី​ ធារី ចន្ថា​ប៊ិន កុក បូរីស និង គួច ដានី (ដានី បច្ចុប្បន្នជាកីឡាករ​របស់​ក្លិបត្រាយអាស៊ី)៕

© រក្សាសិទ្ធិដោយ thmeythmey.com