កីឡាជាតិ
ជាតិ
ប្រតិភូ​ប្រកួត​​កម្ពុជា​ទៅ​ដល់​​ចិន​ហើយ​មុន​ប្រកួត​ អូឡាំពិក​​យុវជន​ស្អែក​នេះ
15, Aug 2014 , 2:16 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុក លោក កាំង សុធា
រូបថត៖ ហ្វេសប៊ុក លោក កាំង សុធា
ដោយ:
ប្រតិភូ​ក្រុម​កម្ពុជា បាន​ទៅ​ដល់​​ទីក្រុង​ណានជីង​ប្រទេស​ចិន​​ហើយ​នៅ​ម៉ោង​ ១:៣០ នាទី យប់​មិញ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​យុវជន​​លើក​ទី២ (2nd Summer Youth Olympic Games) ដែល​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់ ២៨ សីហា ឆ្នាំ ២០១៤។



កម្ពុជា បាន​បញ្ជូន​កីឡាករ កីឡា​ការិនី ៣ រូប​ដើម្បី​ទៅ​ចូលរួម​ប្រកួត​រួម​​មាន​កីឡា​ការិនី ឌន ស្រីម៉ៅ ផ្នែក​កីឡា​ចំបាប់​សេរី ប្រភេទ​ទម្ងន់ ៥២ គីឡូក្រាម, កីឡាករ ចេង សុផា ផ្នែក​កីឡា​​ហែលទឹក ចម្ងាយ ៥០ ម៉ែត្រ (សេរី និង កង្កែម) និង កីឡា​ការិនី សុខា បញ្ញាវិរិយវតី ផ្នែក​អត្តពលកម្ម រត់​ល្បឿន​លើ​ផ្ទៃ​រាប​ចម្ងាយ ១០០ ម៉ែត្រ។

លោក ញ៉ាន សុខវិសាល ជា​នាយបេសកកម្ម នឹង​ដឹកនាំ​​ភាគី​កម្ពុជា ខណៈ​​​លោក ហែម គិរី គ្រូ​បង្វឹក​កីឡា​ហែល​ទឹក​ និង លោក ឡាក់ ឡុច គ្រូ​បង្វឹក​កីឡា​អត្តពលកម្ម ក៏​ចេញ​ដំណើរ​ទៅ​​ជាមួយ​កូន​សិស្ស​ដែរ។

មុន​ចេញ​ដំណើរ​លោក ញ៉ាន សុខវិសាល បាន​ប្រាប់​អ្នក​សារព័ត៌មាន​មុន​ចេញ​ដំណើរ​ថា កីឡាករ កីឡា​ការិនី ដែល​មាន​ឈ្មោះ​ទៅ​ចូលរួម​ប្រកួត​នេះ​សុទ្ធ​តែ​ជ្រើស​ចេញ​ការ​វាយ​តម្លៃ​របស់ ​សហព័ន្ធ​កីឡា​ជាតិ និង សហព័ន្ធ​កីឡា​​អន្តរជាតិ។ ការ​ប្រកួត​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​សំខាន់២ គឺ​ទីមួយ ប្រកួត​ដណ្ដើម​មេដាយ ចំណែក​ទី២ គឺ​​ចូលរួម​ផ្លាស់ប្ដូរ​បទពិសោធន៍ និង វប្បធម៌​របស់​ខ្លួន​នីមួយៗ។

ក្រុម​​អត្តពលិក​កម្ពុជា បាន​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​​​វេលា​ម៉ោង ១១ ព្រឹក​ថ្ងៃ​ទី១៤ ​ខែ​សីហា ​ម្សិលមិញ ស្រប​ពេល​អត្តពលិក​ដែល​គ្រោង​ចូលរួម​​ក្នុង​ព្រឹត្តិការណ៍​ទាំង​មូល​​មាន​ចំនួន​សរុប​ទាំង​អស់ ៣៨០៨ នាក់​មក​ពី​ប្រទេស​ជា​សមាជិក​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ចំនួន ២០៤ ប្រទេស៕



© រក្សាសិទ្ធិដោយ thmeythmey.com