កីឡាជាតិ
ជាតិ
កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ម៉ោង ៣ រសៀល​នេះ​ក្នុង​ពាន​ស្ដេច​ប្រ៊ុយណេ​
16, Aug 2014 , 10:13 am        
រូបភាព
កម្ពុជា​ធ្វើ​ការ​ហ្វឹក​ហាត់​ត្រៀម​ប្រកួត​ជាមួយ​ឥណ្ឌូនេស៊ី​រសៀល​នេះ។ រូបថត ឆាំង ពិសិដ្ឋ
កម្ពុជា​ធ្វើ​ការ​ហ្វឹក​ហាត់​ត្រៀម​ប្រកួត​ជាមួយ​ឥណ្ឌូនេស៊ី​រសៀល​នេះ។ រូបថត ឆាំង ពិសិដ្ឋ
ដោយ:
ក្រុមបាល់ទាត់​យុវជន​ក្រោម​អាយុ២១ ឆ្នាំ​របស់​កម្ពុជា ត្រូវ​ប្រកួត​លើក​ទី៣ ក្នុង​វគ្គ​ជម្រុះ​ពូ​ល B នៃ​ពានរង្វាន់ Hassanal Bolkiah Trophy 2014 ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី វេលា​ម៉ោង ៣ រសៀល ម៉ោង​នៅ​កម្ពុជា លើ​ទីលាន​កីឡដ្ឋាន Hassanal Bolkiah National Stadium ក្នុង​រាជធានី​បាន​ដារ​សិរី​បេ​ហ្គា​វ៉ាន់។



សម្រាប់​កម្ពុជា ៣ ប្រកួត​កន្លងមក​ឈ្នះ ប្រ៊ុយណេ ១ ទល់ ០ និង ឈ្នះ សិង្ហ​បុរី ៣ ទល់ ១ តែ​បរាជ័យ​ដោយសារ​ ម៉ាឡេស៊ី ១ ទល់ ០ វិញ ដោយ​មាន ៦ ពិន្ទុ​ក្នុង​ដៃ។ កីឡាករ​សំខាន់ ២ នាក់​គឺ ខ្សែការពារ​ស្ដាំ ថោង ដា និង ខ្សែបម្រើ​ការពារ ង​យ ស្រ៊ី​ន ជា​សមាជិក​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន នឹងត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត​នេះ​ព្រោះ​ពូកគេ​ជាប់​ពិន័យ​កាត​លឿង២ ដង។

លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​កម្ពុជា ទំនងជា​ត្រូវ​សម្លឹងមើល​កីឡាករ​ក្នុង​បញ្ជី​បម្រុង​ដូចជា សំអឿន ពិ​ដោយ, ឈិន ឈឿន, នួន បូរី, ស៊ុះ ស៊ូ​ហា​ណា ឬ អុល រ៉ាវី ដើម្បី​ដាក់​ក្នុង​ជម្រើស​ដំបូង​ពង្រឹង​ក្រុម​ក្នុង​ការប្រកួត​មួយ​នេះ។

ចំណែក​ក្រុម​ឥណ្ឌូណេស៊ី វិញ​ហាក់ដូចជា​ធ្លាក់​រាសី​ក្នុង​ការប្រកួត​ពានរង្វាន់ HBT 2014 នេះ​ព្រោះ ៣ ប្រកួត​ស្មើ​ជាមួយ​ម៉ាឡេស៊ី ០ ទល់ ០ នៅ​ថ្ងៃ​បើកឆាក ហើយ​ចាញ់​ប្រ៊ុយណេ ៣ ទល់ ១ និង ចាញ់​វៀតណាម ៣ ទល់ ១ ទៀត ទើបតែ​មាន ១ ពិន្ទុ​ក្នុង​ដៃ​ប៉ុណ្ណោះ។ កីឡាករសំខាន់ៗដូចជា Ilham Udin Armaiyn, Septian David Maulana និង Yuz Henzry Mohd Jamil គឺជា​អ្នក​ធ្លាប់​រក​គ្រាប់​បាល់​នាំ​សំណាង​ឱ្យ​ក្រុម។

លទ្ធផល​នៃ​ការប្រកួត​ម្សិលមិញ​មាន៖
ពូ​ល A ៖ ថៃ ៣ – ១ ឡាវ និង ហ្វីលីពីន ៣ – ១ ទី​ម័​រ​ខាងកើត
ពូ​ល B៖ វៀតណាម ២ – ២ ប្រ៊ុយណេ

តារាង​ចំណាត់ថ្នាក់​នៅ​ពូ​ល B ដែលជា​ពូ​ល​របស់​កម្ពុជា​នៅពេលនេះ​គឺ លេខ១ ម៉ាឡេស៊ី, លេខ២ ប្រ៊ុយណេ និង លេខ ៣ វៀតណាម មាន ៧ ពិន្ទុ​ស្មើគ្នា​ខុស​តែ​គ្រាប់​បាល់ទាត់​ប​ញ្ជូ​ល​ទី ចំណែក​ក្រុម​កម្ពុជា ឈរ​ចំណាត់ថ្នាក់​លេខ៤ មាន ៦ ពិន្ទុ ដោយ​នៅសល់​ប្រកួត​ក្នុង​ដៃ​ត្រូវ​ប្រកួត​រសៀល​នេះ ជាមួយ​ក្រុម​លេខ ៥ ឥណ្ឌូណេស៊ី មាន ១ ពិន្ទុ ហើយ​ក្រុម​បាត​តារាង​គឺ សិង្ហ​បុរី មិនទាន់មាន​ពិន្ទុ​ក្នុង​ដៃ​នៅឡើយ។

ប្រសិនបើ​កម្ពុជា​ឈ្នះ​ការប្រកួត ពួកគេ​ក៏​អាចមាន​ឱកាស​ឡើងទៅ​កាន់តំណែង​លេខ​មួយ ឬក៏​លេខ​ពីរ​ផងដែរ។ បន្ថែម​ពីលើ​នេះ ពួកគេ​នឹង​ទទួលបាន​ប្រាក់រង្វាន់៥០០០ដុល្លារ​បន្ថែមទៀត ដោយ២០០០ដុល្លារ​ពី​ធនា​ការវិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា (BIDC) និង២០០០ដុល្លារ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា)។

សម្រាប់​គូប្រកួត​ថ្ងៃនេះ​វិញ​មានតែ​ពូ​ល B ប៉ុណ្ណោះ៖
កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ម៉ោង ៣ រសៀល
សិង្ហ​បុរី ប៉ះ ម៉ាឡេស៊ី ម៉ោង ៧:១៥ នាទី​យប់





© រក្សាសិទ្ធិដោយ thmeythmey.com