ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួង​មហាផ្ទៃ​​ច្រាន​ចោល​​ព័ត៌មាន​​ថា ​កម្ពុជា​​បញ្ជូន​​ម៉ុង​តា​ញ៉ា​​ទៅ​​វៀតណាម​​វិញ​
10, Dec 2014 , 1:04 pm        
រូបភាព
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ
ដោយ:
អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី១០ធ្នូ​នេះ ដើម្បី​បដិសេធ​ឡើងវិញ​ថា កម្ពុជា​មិនបាន​បញ្ជូន​ជនជាតិ​ម៉ុង​តា​ញ៉ា​វៀតណាម១៣នាក់​ទៅ​ប្រទេស​វៀតណាម​វិញ ហើយ​ថា​កម្ពុជា​ក៏​មិនមាន​ព័ត៌មាន​ជាក់លាក់​ពី​ជនជាតិ​ម៉ុង​តា​ញ៉ា​នោះ​នៅឡើយ​ទេ។


«កន្លងទៅថ្មីៗនេះ មានការ​លើកឡើងថា កម្ពុជា​បាន​ចាប់បញ្ជូន​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​ចំនួន១៣នាក់​ទៅ​ប្រទេស​វៀតណាម​វិញ។ ខ្ញុំ​សូម​បដិសេធ​យ៉ាង​ដាច់អហង្កា​ចំពោះ​ព័ត៌មាន​ដែល​គ្មាន​ការពិត ហើយ​ខ្ញុំ​ចាត់ទុកថា នេះ​ជាការ​ចោទប្រកាន់​ដោយ​ពុំមាន​ការទទួល​ខុសរ​បស់​បុគ្គល ឬ​សង្គម​ស៊ីវិល​ណាមួយ​នោះ»។ នេះ​ជា​ប្រតិកម្ម​របស់លោក ខៀវ សុភ័គ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន។

ប្រតិកម្ម​នេះ​ត្រូវបាន​ធ្វើឡើង ក្រោយពី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ព្រួយបារម្ភ​មួយ បន្ទាប់ពី​ពួកគេ​បានទទួល​ព័ត៌មាន​ថា អាជ្ញាធរ​កម្ពុជា​ទំនងជា​បាន​ចាប់បញ្ជូន​ជនជាតិ​ម៉ុង​តា​ញ៉ា​វៀតណាម​ចំនួន១៣នាក់ ដែលមាន​បំណង​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​កម្ពុជា។

បើតាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ដដែល លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ធ្លាប់បាន​ឆ្លើយតប​លិខិត​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​លោក Jean Francois CAUTAIN ដែល​បាន​សួរ​បញ្ជាក់​អំពី​សំណុំ​រឿងនេះ​ម្តង​ហើយ​កាលពី​ថ្ងៃទី៥ខែធ្នូ។ នៅក្នុង​លិខិត​ឆ្លើយតប​នោះ លោក ស ខេង បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖«រហូតមកដល់​ពេលនេះ យើងខ្ញុំ​មិនមាន​ព័ត៌មាន​អំពី​វត្តមាន ឬ​ទីតាំង​របស់​ក្រុម​ជនជាតិ​ម៉ុង​តា​ញ៉ា​នេះ​ទេ។ ប្រសិនបើ នៅពេលណា​ដែល​វត្តមាន​របស់​ក្រុម​នេះ ត្រូវបាន​បញ្ជាក់​នោះ ខ្ញុំ​ស្វាគមន៍​ចំពោះ​ការ​ស្នើអោយ​មន្ត្រី​ចូលរួម​ជាមួយ​ក្រុម អង្គការសហប្រជាជាតិ ឬ​អនុញ្ញាតអោយ​អង្គការសហប្រជាជាតិ​ទំនាក់ទំនង​ជាមួយ​ក្រុម​នេះ ដូចដែល​ឯកឧត្តម​បានស្នើ​សុំ»៕

 

© រក្សាសិទ្ធិដោយ thmeythmey.com