អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ុយ​ក្រែ​ន​ប្រកា​សដ​ង្ហើ​យ​អោយ​រុស្ស៊ី​ដក​កងទ័ព​អោយ​អស់ពី​ទឹកដី​ខ្លួន
11, Dec 2014 , 3:20 pm        
រូបភាព
មួយថ្ងៃ​ក្រោយ​បទ​ឈប់​បាញ់​ថ្មី​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បានប្រកាស​ដ​ង្ហើ​យ​ហៅ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​អោយ​ដក​កងទ័ព​ចេញ​អោយអស់​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​នៅពេលនេះ។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko លើកឡើងថា ការដក​កងទ័ព​រប​ស់​រុស្ស៊ី​នឹង​ជួយ​សម្រួល​ដល់​ដំណើរ​សាង​សន្តិភាព​របស់​អ៊ុយ​ក្រែ​ន​អោយ​កាន់​តែមាន​ប្រសិទ្ធភាព។



លោក សៅ ផល​និ​ស្សិ​យ លម្អិត​ព័ត៌មាន​នេះ


ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko បានប្រកាស​អំពាវនាវ​ជាថ្មី​ទៅកាន់​រដ្ឋាភិបាល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អោយ​ដក​កងទ័ព​ចេញពី​ទឹកដី​អោយ​ក្រែ​ន​អោយអស់។ លោក​បាន​សង្កត់ធ្ងន់ថា ការដក​កងទ័ព​រប​ស់​រុស្ស៊ី​ចេញពី​ទឹកដី​អោយ​ក្រែ​ន​អោយអស់ ពិតជា​នឹង​ជួយ​សម្រួល​ដល់​ដំណើរ​ការកសាង​សន្តិភាព​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន និង​បញ្ចប់​ជម្លោះ​បង្ហូរឈាម​គ្នា​រវាង​កងកម្លាំង​អ៊ុយ​ក្រែ​ន​និង​កងកម្លាំង​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​ដែល​កើតឡើង​អស់​ពេល​ជាង៨ខែ​មកហើយ​នេះ។

រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បានប្រកាស​អំពាវនាវ​អោយ​រុស្ស៊ី​ដក​កងទ័ព ក្រោយ​ពេលដែល​កិច្ចព្រមព្រៀង​បញ្ឈប់​ការប្រយុទ្ធ​គ្នា​ថ្មី​មួយទៀត​ត្រូវបាន​បង្កើតឡើង​ដោយ​ភាគី​ជម្លោះ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ ៩ វិច្ឆិកា​កន្លងទៅ ។ ប្រមុខរដ្ឋ​អ៊ុយ​ក្រែ​ន​ខាងលើ បានបង្ហាញ​ជំនឿ​ចិត្ត​ថា ការចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​នយោបាយ​គួរតែ​អាចបង្កើត​ឡើង ស្រប​ពេលដែល​ភាគី​បង្កើតអោយមាន​បទ​ឈប់​បាញ់​ថ្មី​នេះ ហើយ​លោក​ក៏បាន​លើកឡើង​ពី​ការឈាន​ទៅដល់​ការដក​សព្វាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ប្រឈមមុខគ្នា និង​បង្កើត​តំបន់​គ្មាន​សកម្មភាព​យោធា​ផងដែរ។

តាមពិតទៅ​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវបាន​បង្កើតឡើង​ដោយ​រុស្ស៊ី ហើយ​ភាគី​ជម្លោះ​អ៊ុយ​ក្រែ​ន​បាន​ឯកភាពគ្នា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ដោយ​ពួកគេ​បាន​ព្រមព្រៀងគ្នា​បង្កើត​តំបន់​សមាន​ចម្ងាយ៣០គីឡូម៉ែត្រ​រវាង​ទ័ព​អ៊ុយ​ក្រែ​ន​និង​កងកម្លាំង​ឧទ្ទាម​នៅ​តំបន់​ភាគ​ខាងកើត។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ភាគី​ជម្លោះ​នៅ​បន្ត​ប្រឈមមុខ​ដាក់គ្នា​និង​ប្រយុទ្ធ​គ្នា ក្រោយ​ពេលដែល​តំបន់​ប្រកាស​ផ្តាច់ខ្លួន​ពីរ​នៅ​ភាគ​ខាងកើត​បានប្រកាស​រៀប​ចំ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​ប្រចាំ​តំបន់​កាលពីដើម​ខែវិច្ឆិកា​កន្ល​ង​ទៅ ដែល​ផ្ទុយ​នឹង​គោលបំណង​រដ្ឋាភិបាល​ក្រុង​គៀវ។

នៅក្នុង​សន្និសីទ​ព័ត៌មាន​រួមគ្នា​ជាមួយ​មេដឹកនាំ​អូស្ត្រាលី ប្រធានាធិបតី Petro Poroshenko បានប្រកាស​ដ​ង្ហើ​យ​អោយ​ក្រុម​ឧទ្ទាម​គាំទ្រ​រុស្ស៊ី  បញ្ឈប់​ការប្រយុទ្ធ និង ស្នើអោយ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន។ លោក​បាន​សង្កត់ធ្ងន់ថា កាលណា​រុស្ស៊ី​ដក​កងទ័ព ក្រោយមក​បិទ​ច្រកព្រំដែន អ៊ុយ​ក្រែ​ន​នឹង​អាច​កសាង​សន្តិភាព និង​ស្ថិរភាព​បាន​យ៉ាង​រហ័ស។

ក្រៅពី​ដ​ង្ហើ​យ​ហៅ​រុស្ស៊ី​អោយ​បញ្ឈប់​សកម្មភាព​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ដែល​បានការ​គាំទ្រ​ពី​លោកខាងលិច បាន​ព្រមាន​ជាថ្មី​ដល់​ក្រុង​ម៉ូស្គូ ដោយ​លោក​លើកឡើងថា អ៊ុយ​ក្រែ​ន​ធ្វើសង្គ្រាម​មិន​ត្រឹមតែ​ដើម្បី​ឯករាជ្យ ការពារ​ធិបតេយ្យ បូរណភាព​ដែនដី ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​បន្តធ្វើ​សង្គ្រាម​ដើម្បី​សន្តិភាព ស្ថិរភាព សេរីភាព និង​ប្រជាធិបតេយ្យ។ នេះ​ជាការ​ព្រមាន​មួយ​ចំពោះ​រុស្ស៊ី​ដើម្បីអោយ​រុស្ស៊ី​ដក​ដៃ​ចេញពី​បញ្ហា​អ៊ុយ​ក្រែ​ន ហើយ​អ៊ុយ​ក្រែ​ន​ប្តេជ្ញា​ហើយ​ថា បើទោះជា​ស្ថិតក្នុង​លក្ខខណ្ឌ​ណាក៏ដោយ​អ៊ុយ​ក្រែ​ន​នៅតែ​ប្រឹងប្រែង​ដើ​ម្ប​សន្តិភាព និង​ប្រជាធិបតេយ្យ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ រុស្ស៊ី​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀតថា​ខ្លួន​មិនមាន​ជាប់​ពាក់ព័ន្ធ និង​មិនបាន​ផ្តល់​ការគាំទ្រ​ដល់​កងកម្លាំង​ឧទ្ទាម​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​នោះឡើយ។ ហើយ​បណ្តា​ប្រទេស​លោកខាងលិច​ដែល​តែង​ចោទប្រកាន់ថា​រុស្ស៊ី​នៅ​ពីក្រោយ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន បាន​បន្ត​ដាក់​គំនៀប ដោយ​ដាក់ទណ្ឌកម្ម​ជាច្រើន​ជំហាន​ប្រឆាំងនឹង​រុស្ស៊ី៕   


© រក្សាសិទ្ធិដោយ thmeythmey.com