ជាតិ
សីតុណ្ហភាព នឹង​ចុះ​ត្រជាក់​ជាង១សប្តាហ៍​ចាប់ពី​ថ្ងៃទី១៧ ខែធ្នូ
11, Dec 2014 , 4:38 pm        
រូបភាព
អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាង១សប្តាហ៍ ចាប់ពី​ថ្ងៃទី១៧ខែធ្នូ​តទៅ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី១១ខែធ្នូ​នេះ។



បើតាម​សេចក្តីជូនដំណឹង បង្ហាញថា​បច្ចុប្បន្នកំពុង​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សំពាធ​ខ្ពស់​ស៊ី​បេ​រី។ តាម​ការព្យាករណ៍ ចាប់ពី​ថ្ងៃទី១៧ខែធ្នូ ខ្យល់មូសុង​ឦសាន និង​ជ្រលង​សំពាធ​ខ្ពស់​ស៊ី​បេ​រី នឹង​បង្កើត​ឥទ្ធិពល​កាន់តែខ្លាំង មកលើ​តំបន់​ភាគ​ខាងជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចុះ​ត្រជាក់ ចាប់ពី​ថ្ងៃទី១៧ខែធ្នូ(ក្នុង​រយៈពេល​ប្រមាណ០១សប្តាហ៍)៖

-តំបន់ភ្នំ និង​តំបន់​ខ្ពង់រាបៈ មាន​ជួរ​ខ្នងភ្នំ​ដងរែក ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ មណ្ឌលគិរី និង​ខេត្តរតនគិរី សីតុណ្ហភាព​អ​ប្បរមា​មាន​ពី១៥-១៧អង្សារ​សេ សីតុណ្ហភាព​អតិបរមា មាន​ពី២៥-២៧អង្សារ​សេ។

-ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង​ខេត្តស្ទឹងត្រែង សីតុណ្ហភាព​អ​ប្បរមា​មាន​ពី១៧-១៩អង្សារ​សេ សីតុណ្ហភាព​អតិបរមា មាន​ពី២៦-២៩អង្សារ​សេ។

-រាជធានី​ភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង និង​ខេត្តតាកែវ សីតុណ្ហភាព​អ​ប្បរមា​មាន​ពី១៨-២០អង្សារ​សេ សីតុណ្ហភាព​អតិបរមា មាន​ពី២៨-៣១អង្សារ​សេ។

-ខេត្តកោះកុង ព្រះសីហនុ កំពត និង​ខេត្ត​កែប សីតុណ្ហភាព​អ​ប្បរមា​មាន​ពី២២-២៤អង្សារ​សេ សីតុណ្ហភាព​អតិបរមា មាន​ពី៣១-៣៣អង្សារ​សេ៕






© រក្សាសិទ្ធិដោយ thmeythmey.com