អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជនអន្តោប្រវេសន៍​ជាង៣ពាន់​នាក់​ស្លាប់​ដោយសារ​ផ្សងព្រេង​ទៅ​អឺរ៉ុប​ក្នុងឆ្នាំនេះ
11, Dec 2014 , 4:48 pm        
រូបភាព

គ្រាន់តែ​ក្នុង​ឆ្នាំ២០១៤នេះ​ជនអន្តោប្រវេសន៍​ច្រើនជាង៣ពាន់​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ព្រោះតែ​ព្យាយាម​ផ្សងព្រេង​ធ្វើដំណើរ​ទៅកាន់​ទ្វីបអឺរ៉ុប។ចំនួន​មនុស្ស​ស្លាប់​ច្រើនសន្ធឹក​សន្ធាប់​នេះ​សុទ្ធតែជា​ប្រជាជន​រងគ្រោះ​ដោយសារ​បញ្ហា​អស្ថិរភាព​សង្គ្រាមស៊ីវិល​និង​ភាពក្រីក្រ​ហើយ​ពួកគេ​ផ្សេង​ព្រេង​ទៅ​អឺរ៉ុប​ព្រោះ​ចង់បាន​ជីវិត​រស់នៅ​ល្អប្រសើរ​និង​រួច​ផុតពី​គ្រោះថ្នាក់។


មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ជន​អន្តោ​ប្រវេ​ស​ន៏​ច្រើនជាង៣ពាន់​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ឆ្នាំ២០១៤នេះ​ដោយសារ​ព្យាយាម​ធ្វើដំណើរ​ផ្សងព្រេង​ទៅ​រស់នៅក្នុង​ទ្វីបអឺរ៉ុប។របាយការណ៍​ស្តីពី​ចំនួន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នេះ​ត្រូវបាន​បង្ហាញឡើង​ដោយ​ស្ថាប័ន​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​កាលពី​ម្សិលមិញ​នេះហើយ​ស្ថាប័ន​នេះដែរ​ក៏បាន​អំពាវនាវ​អោយ​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​និង​ធ្វើ​សកម្មភាព​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​ទាំងនោះ។

តាមពិតទៅ​របាយការណ៍​មួយ​នេះ​ទើបតែ​ត្រូវបាន​គេ​បញ្ចេញ​ជា​ផ្លូវការ​នៅពេល​មាន​សន្និសីទ​មួយរយៈ​ពេល​ពីរ​ថ្ងៃ​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​ដែល​រៀបចំឡើង​ដោយ​ឧ​ត្ត​ម​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​ជនភៀសខ្លួនរ​បស់​អង្គការសហប្រជាជាតិ។ក្រៅពី​បង្ហាញ​ចំនួន​ជនរងគ្រោះ​និង​បញ្ហាលំបាក​វេទនា​របស់​ជនភៀសខ្លួន​ដែល​ផ្សងព្រេង​ដើម្បី​ជីវភាព​រស់នៅ​ល្អប្រសើរ​នៅ​ទឹកដី​អឺរ៉ុប​ស្ថាប័ន​ទទួលបន្ទុក​ជនភៀសខ្លួន​ក៏បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​មេត្តា​ចូលរួម​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​នេះ​អោយមាន​ប្រសិទ្ធភាព​ដើម្បី​បញ្ចៀស​អោយបាន​នូវ​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​ដោយសារ​ការ​ផ្សេង​ព្រេង​នេះ។

ក្នុង​ឆ្នាំ២០១៤នេះដែរ​ចំនួន​ប្រជាជន​ដែល​ផ្សងព្រេង​តាមផ្លូវ​សមុទ្រ​នៅ​ទូទាំង​ពិភពលោក​រាប់បញ្ចូល​ទាំង​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ផង​នោះ​មាន​ចំនួន​ច្រើនសន្ធឹក​សន្ធាប់​រហូតដល់​ទៅ៣៤៨០០០នាក់​ឯណោះ។ប៉ុន្តែ​ក្នុងចំណោម​ជន​ទាំងនោះ​អ្នក​ដែល​ធ្វើដំណើរ​ផ្សងព្រេង​ប្រកបដោយ​គ្រោះថ្នាក់​តាម​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​រ​មាន​រហូតដល់​ជាង២សែន​នាក់​ពោល​គឺមាន​ចំនួន៣ដង​ច្រើនជាង​ចំនួន​ប្រជាជន​ដែល​ផ្សេង​ព្រេង​មក​អឺរ៉ុប​តាំងពី​ឆ្នាំ២០១១នៅពេលដែល​សង្គ្រាមស៊ីវិល​នៅ​លី​ប៊ី​ផ្ទុះឡើង។

បើតាម​ការលើកឡើងរ​បស់​ស្ថាប័ន​ខាងលើ​ជន​អន្តោរ​ប្រវេសន៍​ដែល​ជួប​គ្រោះថ្នាក់​និង​ស្លាប់បាត់​បង់ជីវិត​ភាគច្រើន​ដោយសារតែ​ពួកគេ​ឡើង​ជិះទូក​ឬ​កាណូត​ដែលមាន​មនុស្ស​ច្រើនជាង​ចំណុះ​ហើយ​ពួកគេ​មិនបាន​គិតគូរ​អោយបាន​ច្បាស់លាស់​ពី​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឡើយ។យ៉ាងណាក៏ដោយ​បើតាម​ការអះអាង​របស់​ស្ថាប័ន​ទទួលបន្ទុក​ជនភៀសខ្លួន​ប្រជាជន​ទាំងនោះ​ភាគច្រើន​ជា​អ្នក​ដែល​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ហើយ​ពួកគេ​ព្យាយាម​គេច​ចេញពី​សង្គ្រាមស៊ីវិល​បញ្ហានយោបាយ​អសន្តិសុខ​ភាពក្រីក្រ​និង​បញ្ហា​គ្រោះធម្មជាតិ​ជាដើម។

ពួកគេ​លែង​ខ្វល់ខ្វាយ​ពី​បញ្ហា​សុវត្ថិភាព​របស់ខ្លួន​ហើយ​ប្រសិនបើ​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ទ្វីបអឺរ៉ុប​ពួកគេ​នឹង​អាចមាន​លទ្ធភាព​ទទួល​បាន​នូវ​ជីវិត​រស់នៅ​ល្អប្រសើរ​ជាង​បន្ត​ស្ថិតនៅ​ក្នុងប្រទេស​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​អស់ទាំងនោះ។ភាគច្រើន​នៃ​ជន​ផ្សងព្រេង​ទៅកាន់​តំបន់​អឺរ៉ុប​ពួកគេ​រំពឹងថា​នឹង​អាចមាន​ឱកាស​ធ្វើការ​ងារ​និង​កសាង​ជីវភាព​រស់នៅ​ជាថ្មី​នៅក្នុង​ទឹកដី​អឺរ៉ុប​បាន៕


© រក្សាសិទ្ធិដោយ thmeythmey.com