ជាតិ
ឆ្មាព្រៃ៖ ពពោះ ៦៥-៦៧ថ្ងៃ ហើយ​អាច​បង្កើតកូន​ម្តង​បាន ២-៥ក្បាល
13, Dec 2014 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
ឆ្មាព្រៃ (Felis chaus)



ភិនភាគ៖ ឆ្មាព្រៃ​មាន​មាឌធំ​ជាង​ឆ្មា​ស្រុក មាន​ត្រចៀក​ខ្ពស់​ត្រង់​ឡើងលើ និង​មាន​កន្ទុយ​បង្កង់​ក្រ​ម៉ៅ ហើយ​ចុងកន្ទុយ​មាន​ពណ៌​ខ្មៅ។ ដងខ្លួន​ពណ៌​ប្រផេះ ឬ​ត្នោត​លឿង ផ្នែក​ពោះ​រាង​ព្រលែត និង​មាន​រោម​វែង​ជាង។ កន្ទុយ​របស់​វា​ខ្លី​ជាង​ប្រវែង​ដងខ្លួន និង​ក្បាល។

ជីវសាស្ត្រ៖ ឆ្មាព្រៃ​ចូលចិត្ត​រស់នៅ​តាម​វាលស្មៅ​ក្រាស់ខ្ពស់ៗ ព្រៃ​ល្បោះ ព្រៃ​គម្ពោត និង​តាម​ដងអូរ។ គេ​ពុំដែល​បាន​ជួបប្រទះ​វា​នៅ​ព្រៃស្រោង​ក្រាស់​ទេ។ វា​ជា​សត្វ​រស់នៅ​លើដី និង​កម្រ​ឡើងលើ​ដើមឈើ​ណាស់។ ឆ្មាព្រៃ​ចូលចិត្ត​ចាប់​ចំណី​ដូចជា​ពពួកសត្វ​កកេរ ត្រកួត កង្កែប បក្សី​ជាដើម។ វា​ពពោះ​រយៈពេល​ពី ៦៥-៦៧ថ្ងៃ ហើយ​អាច​មានកូន​ពី ២-៥ក្បាល។

រប៉ាយ​រស់នៅ៖ នៅ​ប្រទេស​កម្ពុជា ប្រភេទ​នេះ​ត្រូវបាន​កត់ត្រា​ជា​លើកដំបូង​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ក្នុង ស្រុក​ឆែប ខេត្តព្រះវិហារ ហើយក៏​ជា​លើកដំបូង​ដែរ​នៅ​ឥណ្ឌូចិន។ វត្តមាន​របស់​វា​ត្រូវបាន​កត់ត្រា​នៅតាម​តំបន់ផ្សេងៗនៃ​ខេត្តកំពង់ចាម សៀមរាប ហើយ​ភាគច្រើន​មាន​សម្បូរ​នៅ​ខេត្ត​មណ្ឌល​គី​រី និង​ព្រះវិហារ​នៅ​តំបន់​វាលស្មៅ តំបន់​ព្រៃ​ល្បោះ។ គេ​បាន​រកឃើញ​ផងដែរ​ចាប់ពី​ម​ជ្ឈឹ​ម​បូព៌ា​រហូតដល់​អាស៊ីអាគ្នេយ៍។

ស្ថានភាព​អភិរក្ស៖
ឆ្មាព្រៃ ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង​មាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច (LC)។ ប្រភេទ​នេះ​ត្រូវបាន​ថយចុះ​នៅក្នុង​តំបន់​ជាច្រើន​នៅលើ​ពិភពលោក ដោយសារ​ការ​បរបាញ់ ការ​ទាក់​ចាប់ និង​ការបាត់បង់​ទីជម្រក។



© រក្សាសិទ្ធិដោយ thmeythmey.com