ជាតិ
ស្ត្រី​រងគ្រោះ​ខ្មែរ៤នាក់ ​ត្រឡប់​ពី​ប្រទេស​ចិន​វិញ​នៅថ្ងៃនេះ
13, Dec 2014 , 11:54 am        
រូបភាព
ស្ត្រី​ខ្មែរ​រងគ្រោះ​ចំនួន៤នាក់​ក្នុងចំណោម៦នាក់ ដែល​ត្រូវ​មេខ្យល់​បោក​បញ្ឆោត​យកទៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន នឹងធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ចិន​វិញ ។ ពួកគេ​បាន​មកដល់​កម្ពុជា នៅវេលា​ម៉ោង ១១ព្រឹក ថ្ងៃទី១៣ខែធ្នូ​នេះ តាម​ជើងហោះហើរ K៦៤៨។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី១២ធ្នូ​ម្សិលមិញ។



បើតាម​សេចក្តីជូនដំណឹង​ដដែល ស្ត្រី​ខ្មែរ​ទាំង៦នាក់ ត្រូវបាន​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ក្រុង​សៀង​ហៃ ប្រទេស​ចិន ជួយសង្គ្រោះ ហើយ​ស្ត្រី៤នាក់​ដែល​ធ្វើ​មាតុភូមិ​និ​វន្ត​ន៍​មក​កម្ពុជា​វិញ នៅថ្ងៃនេះ មានឈ្មោះ វិ​ចិត្ត ចិន្តា មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ និង៣នាក់​ទៀត​ជា​អ្នក​កំពង់ចាម មានឈ្មោះ ឆឹង ស្រី​លក្ខណ៍ ធី ស្រី​លី និង​ឈ្មោះ អ៊ុក សា​វ៉េ​ត។ ចំណែកឯ​ស្ត្រី​ខ្មែរ២នាក់​ទៀត មានឈ្មោះ ទី ចន្ថា និង​ឈ្មោះ​សំ ចន្ទ្រា នឹងធ្វើ​មាតុភូមិ​និ​វន្ត​ន៍​មក​កម្ពុជា បន្ទាប់ពី​ធ្វើការ​លែងលះ​រួច៕




© រក្សាសិទ្ធិដោយ thmeythmey.com