ជាតិ
សេដ្ឋកិច្ច
ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុ​ជាមាន​ជាង២៥០០លាន​ដុល្លារ​ក្នុង រយៈពេល៩ខែ
13, Dec 2014 , 4:30 pm        
រូបភាព
រយៈពេល៩ខែ​ដើមឆ្នាំ២០១៤ វិស័យ​សំណង់​បាន​ទាក់ទាញ​វិនិយោគ​បរទេស​ជាង២៥០០លាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ បានធ្វើ​ឲ្យ​វិស័យ​សំណង់​ក្លាយជា​សសរស្តម្ភ​ទី២នៃ​សេដ្ឋកិច្ចកម្ពុជា ដោយ​នាំមុខ​វិស័យ​ទេសចរណ៍ និង​កសិកម្ម។ ដោយឡែក​កម្ចី​អចលនទ្រព្យ​កើនឡើង២២ភាគរយ ក្នុង​រយៈពេល១ឆ្នាំ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថា​ត​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន វិស័យ​សំណង់​បានផ្តល់​ឱកាស​ជាច្រើន​ដល់​សហគ្រាស​បារាំង ដែលមាន​ជំនាញ​ក្នុង​វិស័យ​សំណង់​ស៊ីវិល នគររូបនីយកម្ម និង​ស្ថាបត្យកម្ម។ កាលពី​ថ្ងៃទី១២ធ្នូ​ម្សិលមិញ​នេះ មាន​ក្រុមហ៊ុន​បារាំង​ចំនួន៥ បាន​ចូលរួម​សន្និសីទ បារាំង-ខ្មែរ​លើក​ទី១ ស្តីពី«ទីក្រុង​ប្រកបដោយ​និរន្តរភាព» ដែល​បាន​ធ្វើឡើង​នៅ​ស្ថា​ត​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា។ សន្និសីទ​នេះ អនុញាត​ឲ្យ​ក្រុមហ៊ុន​បារាំង​ដែលមាន​បទពិសោធន៍ និង​ចំណេះធ្វើ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​បង្ហាញ​ពី​ជំនាញ​របស់ខ្លួន​ដល់​ក្រុមហ៊ុន​កម្ពុជា​នានា ខណៈដែល​ការអភិវឌ្ឍ​ក្រុង​នៅ​កម្ពុជា កំពុង​ជួប​បញ្ហា​ជាច្រើន។

ក្រុមហ៊ុន​ទាំង៥នោះ​រួមមាន ក្រុមហ៊ុន​DE-SO ជា​ក្រុមហ៊ុន​ជំនាញ​ផលិត​ឧបករណ៍​បំពាក់​តាម​ទីសាធារណៈ លំនៅដ្ឋាន ការិយាល័យ​ធ្វើការ និង​ការរៀបចំ​នគររូបនីយកម្ម។ ក្រុមហ៊ុន​AREP ជា​ក្រុមហ៊ុន​ផ្តល់​សេវា​រៀបចំ និង​សាងសង់​សំណង់​ក្នុង​ក្រុង។ ក្រុមហ៊ុន​INTERSCENCE ជំនាញ​ក្នុងការ​អភិវឌ្ឍ​នគរ​រូបនីយកម្ម​ទ្រង់ទ្រាយ​ធំ ការ អភិវឌ្ឍ​តំបន់​ជនបទ និង​ការថែរក្សា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ។ ក្រុមហ៊ុន​SCHNEIDER ELECTRIC គឺជា​ក្រុមហ៊ុន​ឧស្សាហកម្ម​អឺរ៉ុប​នាំមុខគេ​លើ​ពិភពលោក​ក្នុង​ទីផ្សារ​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម​មណ្ឌល​ផ្ទុក​ទិន្នន័យ​អាគារ និង​លំនៅដ្ឋាន និង​ក្រុមហ៊ុន​BERIM ដែលជា​ក្រុមហ៊ុន​ឯករាជ្យ​ជំនាញ​ក្នុង​ការផ្តល់​ប្រឹក្សា និង​វិស្វកម្ម ដែល​បាន​ប្រតិបត្តិការ​អស់​រយ:ពេល៦៥ឆ្នាំ​មកហើយ​ក្នុង​វិស័យ​ទឹកស្អាត ការគ្រប់គ្រង​កាកសំណល់ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង​ការរៀបចំ​ក្រុង៕



© រក្សាសិទ្ធិដោយ thmeythmey.com