ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ត្រូវ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ឱ្យបាន​ធំ​ជាង​មុន ដើម្បី​រក្សា​និរន្ត​ភាព​កំណើន
17, Dec 2014 , 11:04 am        
រូបភាព
ដោយ:
ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​របស់ខ្លួន ដើម្បី​គាំទ្រ​ឱ្យមាន​កំណើន​រឹងមាំ និង​មាន​លក្ខណៈ​ចែករំលែក​សម្រាប់​ទាំងអស់គ្នា និង​ដើម្បីឱ្យ​ប្រទេស​នេះ អាច​ទាញ​ប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ដែល​នឹង​លេចចេញ​ជា​រូបរាង​នាពេលខាងមុខ។ នេះ​បើតាម​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADBដែល​ចេញ ផ្សាយ​នៅថ្ងៃនេះ។



លោកស្រី Cyn-Young Park អនុប្រធាន​ក្រុម​សេដ្ឋវិទូ​របស់ ADBដែល​បានប្រកាស​ផ្សព្វផ្សាយ របាយការណ៍​នេះ បាន​លើកឡើងថា កំណើន​ដែលមាន​កន្លងមក មាន​ភាពរឹងមាំ និង​ឋិត​ឋេ​រ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​ឥឡូវនេះ ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវផ្ដោត​សំខាន់​លើ​ការផលិត​ទំនិញ និង​សេវាកម្ម ដែលមាន​លក្ខណៈ​ទំនើប និង​មានគុណ​តម្លៃ​ខ្ពស់ជាង​មុន​បន្ថែមទៀត ដើម្បី​បង្កលក្ខណៈ​ឱ្យ​ប្រទេស​នេះ​អាច​ទាញ​ប្រយោជន៍​ពី​ឱកាស​ដែល​ផ្ដល់​ដោយ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ លោកស្រី​បន្តថា កម្ពុជា​គួរផ្តល់​អាទិភាព​សំខាន់​លើ​ការកែលំអ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ បរិយាកាស​ធុរកិច្ច និង​ការវិនិយោគ​លើ​ធនធានមនុស្ស និង​សេវាសាធារណៈ។

របាយការណ៍​ដែលមាន​ចំណងជើង​ថា ប្រទេស​កម្ពុជា ៖ ការធ្វើ​ពិពិធ​កម្ម​លើសពី​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍  បង្ហាញឱ្យឃើញ​ពី​ភាពចាំបាច់ ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​លើកកម្ពស់​សមត្ថភាព​ឧស្សាហកម្ម ក៏ដូចជា​ភាពចាំបាច់​ក្នុង​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កាត់ដេរ ទេសចរណ៍ និង​កសិកម្ម របស់​ប្រទេស​នេះ​កាន់តែ​សក្តានុពល​ខ្លាំងក្លា។

ប្រទេស​កម្ពុ​ជាមាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (ផសស) ជា​មធ្យម​ប្រចាំឆ្នាំ ៧,៦ ភាគរយ ចាប់ពី​ឆ្នាំ ១៩៩៥ ដល់ ២០១៣ ដោយបាន​សម្រេច​នូវ​កំណើន​ពីរ​ខ្ទង់ សម្រាប់​រយៈពេល ៤ ឆ្នាំ​បន្ដបន្ទាប់ នៅ​ពាក់កណ្ដាល​ទសវត្សរ៍ ២០០០ ដោយ​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​សម្លៀកបំពាក់ និង​ផលិតផល​កសិកម្ម។ បើទោះបី​ជាមាន​កំណើន​បែបនេះ​ក៏ដោយ ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ​ជាងគេ​មួយ នៅ​ទ្វីបអាស៊ី​ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ប្រជាជន​ម្នាក់​ត្រឹមតែ ១០០៨ ដុល្លារ នៅក្នុង​ឆ្នាំ ២០១៣ ដែលជា​កម្រិត​មួយ​ប្រហាក់ប្រហែល​នឹង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បង់​ក្លា​ដេ​ស មី​យ៉ាន់​ម៉ា នេ​ប៉ាល់ និង តាជី​គី​ស្ថាន។

របាយការណ៍​ខាងលើ​បានកំណត់​ឧបសគ្គសំខាន់ៗចំនួន ៤ ដែលនាំឱ្យ​មាន​ភាព​រាំង​ស្ទះ​ដល់​សេដ្ឋកិច្ច ដូចជា​ជំនាញ និង​កម្រិតវប្បធម៌រ​បស់​កម្មករនិយោជិត​នៅមានកម្រិត​ទាប  កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ អំពើពុករលួយ និង​ការគ្រប់គ្រង​វិស័យ​សាធារណៈ​នៅមានកម្រិត។ កង្វះ​ពិពិធ​ភាព​នៃ​ផលិតផល និង​សេវាកម្ម ដែល​ផលិត​នៅក្នុង​ប្រទេស​នេះ ធ្វើឱ្យ​សេដ្ឋកិច្ច​នេះ​ងាយ​រងគ្រោះ ដោយសារតែ​បម្រែបម្រួល​ស្ថានភាព​នៃ​តម្រូវការ​ជាស​កល។
របាយការណ៍ ដែល​រៀបចំឡើង តាមរយៈ​ការពិគ្រោះ​យោបល់​ជាមួយនឹង​រដ្ឋាភិបាល​ក​ម្ពុ​ជា វិស័យ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​ស្រាវជ្រាវ ទទួលស្គាល់​ជំហាន​ជា​វិ​ជ្ផ​មាន ដែល​កំពុង​ត្រូវបាន​អនុវត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​បច្ចុប្បន្ន និង​ផ្ដល់នូវ​អនុសាសន៍​គោលនយោបាយ ក្នុងន័យ​ជួយ​ព​ន្លឿ​ន​ឱ្យមាន​ការផ្លាស់ប្ដូរ​បន្ថែ​ម​ទៀត។

របាយការណ៍​នេះ លើកឡើងថា ដើម្បី​ជួយ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដែល​កំពុង​ប្រមូលផ្ដុំ​ខ្លាំង​នៅក្នុង​វិស័យ​ចំនួន ៤ គឺ​វិស័យ​ស្រូវ-អង្ករ កាត់ដេរ ទេសចរណ៍ និង​វិស័យ​សំណង់។ ប្រទេស​កម្ពុជា​អាច​កសាង​វិស័យ​កម្មន្ដសាល​របស់ខ្លួន ដោយ​ផ្ដោត​ការយក​ចិ​ត្ដ​ទុកដាក់​លើ​ផលិតផល​ដែលមាន​ស្រាប់​ផង និង​ផលិតផលថ្មីៗជា​សក្ដានុពល​ផង ដូចជា ឧស្សាហកម្ម​ផលិត​គ្រឿងយន្ដ លោហធាតុ សារធាតុ​គីមី គ្រឿង​សង្ហា​រឹម កង់ និង​ស្បែកជើង​ជាដើម។

នៅក្នុង​វិស័យ​កសិកម្ម កសិផល​នានា ដូចជា ពោត បន្លែ ស្ករ ប្រេងដូង និង​ក្ដារបន្ទះ សុទ្ធតែជា​ផលិតផល​ដែលមាន​សក្ដានុពល​ផងដែរ។ ផលិតផល​ដែល​មានគុណ​តម្លៃបន្ថែម​ខ្ពស់​មួយចំនួន ក្នុងចំណោម​ផលិតផល​ទាំងនេះ បច្ចុប្បន្ន ត្រូវបាន​នាំចេញ​ក្នុង​បរិមាណ​តិចតួច ហើយ​នៅមាន​វិសាលភាព សម្រាប់​ពង្រីក​ផលិតកម្ម​ផលិតផល​ទាំងនេះ​បន្ថែមទៀត។

នៅក្នុង​រយៈពេល​វែង រដ្ឋាភិបាល​ត្រូវធ្វើ​ការងារ​បន្ថែមទៀត ដើម្បី​កែលំអ​កិច្ច​សម្រួល​ពា​ណិ​ជ្ផ​កម្ម ភស្ដុភារ ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស ដើម្បី​ទាក់ទាញ​វិនិយោគទុន​ក្នុង និង​ក្រៅប្រទេស ដែល​ចាំបាច់​សម្រាប់​ជំរុញ​កំណើន ដែលមាន​កម្រិត​រឹងមាំ​រួចទៅហើយ និង​បង្កើន​សង្វាក់​ផ្គត់ផ្គង់​សកល។ ធុរកិច្ច​ក្នុងស្រុក​ក៏ត្រូវ​ការ​ផងដែរ​នូវ​ការគាំទ្រ ដើម្បី​ពង្រីក​ការប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ និង​ទទួលបាន​ព័ត៌មាន​អំពី​ឱកាស​ទីផ្សារថ្មីៗជា​សក្ដានុពល ដើម្បី​ឲ្យ​កម្ពុជា​កាន់​តែមាន​សមត្ថ​ភាព​ប្រកួតប្រជែង​ខ្ពស់៕



© រក្សាសិទ្ធិដោយ thmeythmey.com