ជាតិ
សុខភាព
អ្នក​ឆ្លង​មេរោគ​អេ​ដ​ស៏​ក្នុងភូមិ​រកា​កើន​ដល់៨២នាក់
17, Dec 2014 , 11:53 am        
រូបភាព
លោក​វេជ្ជបណ្ឌិត​ តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៏
លោក​វេជ្ជបណ្ឌិត​ តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៏
គិត​មកដល់​ល្ងាច​ថ្ងៃទី​អង្គារ​ទី១៦ខែធ្នូ ចំនួន​អ្នកភូមិ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​រកឃើញថា​បាន​ឆ្លង​មេរោគ​អេ​ដ​ស៏​ដោយ​មិនដឹង​ខ្លួន​នោះ បាន​កើន​ដល់៨២នាក់​ហើយ ដែល​ក្នុងនោះ​មាន​កុមារ​ជាង១០នាក់។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត តែង គ​ន្ធី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ដ​ស៏ ប្រាប់​សារព័ត៌មានថ្មីៗនៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។


ចំនួន​អ្នក​ឆ្លង​មេរោគ​អេ​ដ​ស៏​ទាំង៨២នាក់ ត្រូវបាន​រកឃើញ​ក្នុងចំណោម​អ្នកភូមិ៦៦៣នាក់ ដែល​បាន​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​ឈាម បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​ការឆ្លង​មេរោគ​អេ​ដ​ស៏​ដ៏​ចម្លែក​របស់​អ្នកភូមិ​រកា។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង លោក តែង គ​ន្ធី បាន​ថ្លែងថា កម្លាំង​ក្រុមគ្រូពេទ្យ​ត្រូវបាន​បញ្ជូន​បន្ថែម​ទៅក្នុង​ភូមិ​រកា​នៃ​ស្រុក​សង្កែ​ដែលមាន​ប្រជាជន​សរុប ២៧០៦នាក់។ លោក​វេជ្ជបណ្ឌិត​បាន​អធិប្បាយ​យ៉ាង​ដូច្នេះ​ថា៖«យើង​មិនទាន់​ដល់​កម្រិត​ត្រូវ​បង្ខំ​ប្រជាជន​ក្នុងភូមិ​ឲ្យ​មក​ធ្វើតេស្ត​ឈាម​ឡើយ។ ប៉ុន្តែ​ពួកគេ​បាន​ស្ម័គ្រចិត្ត​មក​បន្តបន្ទាប់​គ្នា។ លើសពីនោះ មិន​ប្រាកដថា​មនុស្ស​ទាំងអស់​ក្នុងភូមិ​អាច​ឆ្លង​មេរោគ​ទាំងអស់គ្នា​នោះទេ។ អ្នកភូមិ​អាច​ដឹង​ខ្លួនឯង ឬ​សង្ស័យ​ខ្លួនឯង​ថា តើ​ពួកគេ​អាច​ឆ្លង​មេរោគ​អេ​ដ​ស៏ ឬក៏​អត់»។ បើតាម​ការពន្យល់​រប​ស់លោក​វេជ្ជបណ្ឌិត តែង គ​ន្ធី ដដែល អ្នកភូមិ​ដែល​សង្ស័យថា ពួកគេ​អាច​ឆ្លង​មេរោគ​អេ​ដ​ស៏​បាន​ស្ម័គ្រ​មក​ធ្វើតេស្ត​ឈាម ដោយសារតែ​ក្រុមការងារ​នឹង​ផ្តល់​កញ្ចប់​សេវា​សុខភាព​ទាន់ពេល​តែម្តង។

កាលពី​ចុងខែ​វិច្ឆិកា នៅក្នុង​ក្របខណ្ឌ​នៃ​ការពង្រីក​សេវា​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដ​ស៏ ក្នុង​ខេត្តបាត់ដំបង ក្រុមការងារ​បាន​ជួបប្រទះ​ករណី​ឆ្លង​មេរោគ​អេ​ដ​ស៏​ច្រើន​ខុសធម្មតា​នៅក្នុង​ភូមិ​រកា នៃ​ស្រុក​សង្កែ ខេត្តបាត់ដំបង​នេះ។ សោកនាដកម្ម គួរតែ​បានកើត​ឡើង​ក្នុង​រយៈពេល​យូរហើយ ដោយ​បង្កឡើង​គ្រូពេទ្យ​ប្រចាំ​ភូមិ​រកា២នាក់ ដែល​ទំនងជា​បាន​ប្រើប្រាស់​សឺ​រ៉ាំ​ង​មិន​ស្អាត ឬ​ប្រើប្រាស់​សឺ​រ៉ាំ​ងដដែលៗ ទៅលើ​អ្នកជំងឺ​បន្តបន្ទាប់​គ្នា​នៅក្នុង​ភូមិ។ ក្រុមការងារ​ពិសេស​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ដ​ស៏​កំពុង​ដាក់​ការ សង្ស័យ​ទៅលើ​គ្រូពេទ្យ​ទាំងពីរ​នាក់​នេះ ដែល​បាន​រត់​គេចខ្លួនបាត់​ហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com