ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនួញ​ជប៉ុន​បាន​បោះទុន​វិនិយោគ​បើក​ទូរទស្សន៍​នៅ​កម្ពុជា
17, Dec 2014 , 12:17 pm        
រូបភាព
ភ្នំពេញ៖ អ្នកជំនួញ​ជប៉ុន​បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​បើក​ទូរទស្សន៍​នៅ​កម្ពុជា​ជា​ភាសា​ខ្មែរ។ ស្ថានីយ៍ទូរទស្សន៍​ជប៉ុន​ប៉ុស្តិ៍​លេខ 3 អាស៊ី គឺជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​ជប៉ុន TriAsia Group និង​ទូរទស្សន៍ប៉ុស្តិ៍​លេខ៣ ។ ក្រុមហ៊ុន​ជប៉ុន​កាន់កាប់​ភាគហ៊ុន​ចំនួន៨០ភាគរយ រីឯ ទូរទស្សន៍ប៉ុស្តិ៍​លេខ៣ខ្មែរ គ្រប់គ្រង​ភាគហ៊ុន​ចំនួន២០ភាគរយ។ តើ​មូល​ហេតុអ្វី​បានជា​អ្នកវិនិយោគ​ជប៉ុន​សម្រេច​ចិត្ត​បោះ​ទុក​វិនិយោគ​ក្នុង​វិស័យ​ទូរទស្សន៍​ខ្មែរ? តើ​ទូរទស្សន៍​ថ្មី​ជប៉ុន​ជា​ភាសា​ខ្មែរ​អាច​ប្រកួតប្រជែង​ជាមួយ​ទូរទស្សន៍​ខ្មែរ​ដទៃទៀត​បានដែរ​ឬទេ? សូម​អញ្ជើញ​អាន​បទសម្ភាសន៍​ខ្លី​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក Masaru Torii អគ្គនាយករង​នៃ​ស្ថានីយ៍ទូរទស្សន៍​ជប៉ុន​ប៉ុស្តិ៍​លេខ 3 អាស៊ី។



លោក គី សុខ​លីម៖ កម្ពុ​ជាមាន​ស្ថានីយ៍ទូរទស្សន៍​ច្រើន​ហើយ ពោលគឺ​មាន​ជាង១០ស្ថានីយ៍​ឯណោះ។ ហើយ​ឆ្នាំក្រោយ​អាចមាន​ស្ថានីយ៍ទូរទស្សន៍​ថ្មី​មួយ​បន្ថែមទៀត។ តែ​ទីផ្សារ​ព័ត៌មាន​នៅ​កម្ពុ​ជាមាន​ទំហំ​តូច​ណាស់ ចុះ​ហេតុអ្វី​បានជា​លោក​នៅតែ​សម្រេចចិត្ត​វិនិយោគ​ក្នុង​វិស័យនេះ​ដដែល?
លោក Masaru Torii៖ បាទ បាទ។ កម្ពុ​ជាមាន​ស្ថានីយ៍ទូរទស្សន៍​ចំនួន១៤ ។ ចំនួន១៤នេះ មិន​ច្រើន​ទេ។ រីឯ​ប្រទេស​ជប៉ុន មាន​ស្ថានីយ៍ទូរទស្សន៍​ចំនួន៣០ឯណោះ។

លោក គី សុខ​លីម៖
តែ​ចំនួន​ប្រជាពលរដ្ឋ​ក៏​ខុសគ្នា​ដែរ។ កម្ពុ​ជាមាន​ប្រជាពលរដ្ឋ១៥លាន​នាក់ រីឯ​ជប៉ុន​មាន​ចំនួន១២៧លាន​នាក់​ឯណោះ?
លោក Masaru Torii៖ បាទ បាទ។ កម្ពុ​ជាមាន១៥លាន​នាក់(សើច)។ កម្ពុជា​មិនទាន់​រីកចម្រើន​ខ្លាំង​ទេ​នៅក្នុង​វិស័យ​ទូរទស្សន៍​នេះ។ នៅ​អាស៊ីអាគ្នេយ៍​ទាំងមូល មានតែ​ប្រទេស​សឹង្ហ​បុរី​មួយគត់​ដែល​រីកចម្រើន​ខ្លាំង​ខាង​វិស័យ​ទូរទស្សន៍​នេះ។ ដូច្នេះ យើង​នៅមាន​ឱកាស​អាច​អភិវឌ្ឍ​វិស័យ​ទូរទស្សន៍​នៅ​កម្ពុជា​បាន។ ម្យ៉ាងទៀត យើង​មាន​ជំនួញ​ចំនួន៨ផ្សេងទៀត បូកផ្សំ​នឹង​ទូរទស្សន៍​មួយទៀត គឺ​ជំនួញ​របស់​យើង​មាន​ចំនួន៩ ។

លោក គី សុខ​លីម៖
តើ​លោក​គិតថា ទូរទស្សន៍​របស់លោក​អាច​ប្រកួតប្រជែង​ជាមួយ​ទូរទស្សន៍​ផ្សេង​បានដែរ​ឬទេ?
លោក Masaru Torii៖ បាទ។ យើង​គិតថា យើង​អាច​ប្រកួតប្រជែង​ជាមួយ​ពួកគេ​បាន ពីព្រោះ​ទូរទស្សន៍ផ្សេងៗមានកម្ម​វិធី​បរទេស​ច្រើន ដូចជា កម្មវិធី​ពី​កូរ៉េ ថៃ ម៉ាឡេស៊ី ឥណ្ឌា។ល។ តែ​កម្មវិធី​របស់​យើង គឺ​យក​មកពី​ប្រទេស​ជប៉ុន​ដែលមាន​ដូចជា កម្មវិធី​តុក្កតា កម្មវិធី​អប់រំ ល្បែង​កម្សាន្ត ឯកសារ។ល។ គ្រប់​ឯកសារ​ទាំងអស់​ត្រូវ​បកប្រែ​ពី​ភាសា​ជប៉ុន មកជា​ភាសា​ខ្មែរ។

លោក គី សុខ​លីម៖
តើ​លោក​គិតថា ខ្មែរ​យើង​ចូលចិត្ត​មើល​ខ្លឹមសារ​ជប៉ុន​ឬទេ?
លោក Masaru Torii៖ (គិត​បន្តិច)។ វា​គឺជា​ការលំបាក​បន្តិច។ ខ្មែរ​ទូទៅ​មួយចំនួនធំ​មើល​ទូរទស្សន៍​ខ្មែរលើ​កម្មវិធី​កូរ៉េ ចិន។ល។ តែ​យុវជន​ខ្មែរ​ចូលចិត្ត​រឿង​ជី​វច​ល ឬ​តុក្កតា​របស់​ជប៉ុន។ យើង​គិតថា យុវជន​ខ្មែរ​ចូលចិត្ត​កម្មវិធី​របស់​ជប៉ុន។

លោក គី សុខ​លីម៖
តើ​ទូរទស្សន៍​របស់លោក​ប្រកាន់​ជំហរ​ឯករាជ្យ អ​ព្យា​ក្រឹ​ត្រ ឬ​ប្រកាន់​ជំហរ​លម្អៀង​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា?
លោក Masaru Torii៖ ខ្ញុំ​គិតថា ទូរទស្សន៍​របស់​យើង​ប្រកាន់​ជំហរ​ឯករាជ្យ។ ប៉ុន្តែ​ដៃគូ​វិនិយោគ​របស់​យើង គឺ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​បី។ TV3 Asia គឺជា​ការចូល​ហ៊ុន​គ្នា​រវាង​ក្រុមហ៊ុន TriAsia Group និង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​បី។ យើង​កាន់កាប់​ភាគហ៊ុន​ចំនួន៨០ភាគរយ ហើយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​បី​កាន់កាប់២០ភាគរយ។

លោក គី សុខ​លីម៖
តើ​លោក​វិនិយោគ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ដែរ​ក្នុង​ជំនួញ​ទូរទស្សន៍​នេះ?
លោក Masaru Torii៖ (មិន​ចង់​ឆ្លើយ​ទេ)។ យើង​មិន​ចង់​និយាយ​ពី​តម្លៃ​នៃ​ការវិនិយោគ​ទេ។ វា​មានតម្លៃ​ច្រើនពេក។

លោក គី សុខ​លីម៖
តើ​លោក​អាច​និយាយថា វា​មាន​ចំនួន​ច្រើន​លាន​ដុល្លារ​បាន​ឬទេ?
លោក Masaru Torii៖ បាទ បាទ បាទ៕



© រក្សាសិទ្ធិដោយ thmeythmey.com