សេដ្ឋកិច្ច
អន្តរជាតិ
សេដ្ឋកិច្ច​ថៃ​នឹង​បន្ត​ធ្លាក់ចុះ​រហូតដល់​ត្រីមាស​ទី​ពីរ ឆ្នាំ២០១៥
17, Dec 2014 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធានសភា​ពាណិជ្ជកម្ម​ថៃ លោក Issara Wongkusolkij បានធ្វើការ​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ នឹង​បន្ត​ធ្លាក់ចុះ ហើយ​ងើប​ឡើងវិញយឺតៗ រហូតដល់​ត្រីមាស​ទី​ពីរ ឆ្នាំ២០១៥ ខាងមុខ ដោយសារ​ការធ្លាក់ចុះ​នៃ​ការប្រើប្រាស់​នៅក្នុង​ស្រុក​និង​ការវិនិយោគ​ពី​វិស័យ​ឯកជន។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។



លោក IssaraWongkusolkij បាន​ឲ្យ​ដឹង​ទៀតថា ការវិនិយោគ​និង​ការចំណាយ​របស់​រដ្ឋាភិបាល​នឹង​បន្ត​រក្សា​សេដ្ឋកិច្ចជាតិ​នៅត្រឹម​កម្រិត​ទាប​ចាប់ពីពេលនេះ​រហូតដល់​ដើមឆ្នាំ​ក្រោយ​ខណៈពេលដែល​តម្លៃ​នៃ​ការលក់ទំនិញ​កសិកម្ម​ដ៏​ធំ​របស់​ប្រទេស​ដូចជា​ស្រូវ​និង​កៅស៊ូ​មានការ​ថយចុះ​នោះ។

សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ទំនង​ជាមាន​កំណើន​តិចជាង ១ ភាគរយ​ក្នុងឆ្នាំនេះ ទោះបីជា​មន្ត្រី​រដ្ឋាភិបាល បាន​ព្យាករណ៍​ថា​នឹងមាន​ភាព​អំណោយផល​ទៅលើ​សេដ្ឋកិច្ច​ថៃ បន្ថែមទៀត​ក៏ដោយ។ការធ្លាក់ចុះ​នៃ​តម្លៃ​អង្ករ​កៅស៊ូ​និង​ដូងប្រេង នៅក្នុង​ទីផ្សារ​ពិភពលោក នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​ស្ថិតនៅលើ​ទិសដៅ​ធ្លាក់ចុះ។

ប្រធានសភា​ពាណិជ្ជកម្ម​ថៃ​រុ​ប​នេះ​ក៏បាន​បញ្ជាក់ថា ការធ្លាក់​ថ្លៃ​ផលិតផល​កសិកម្ម​ខាង​លើ​នេះ គឺ​ដោយសារតែ​មានការ​កាត់បន្ថយ​តម្រូវការ នាំចូល​ទំនិញ​កសិកម្ម​ពី​ប្រទេស​ថៃ​ពី​សំណាក់​ដៃគូ​ពាណិជ្ជកម្ម​នៅក្នុង​ពិភពលោក​និង​ដោយសារតែ​ការប្រកួតប្រជែង​តម្លៃ កសិផល​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត ដែល​ស្ថិតនៅ​ជិតខាង​ថៃ រួមមាន​កម្ពុជា និង​វៀតណាម​ជាដើម។

កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ អាច​នឹង​កើនឡើង​ពី ៤ទៅ៥ភាគរយ​នៅ​ឆ្នាំ ២០១៥ ខណៈពេល​ប្រាក់ចំណូល​ពី​ការនាំចេញ​ទំនិញ​របស់​ថៃ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​បួន​ទៅ​ប្រាំ​ភាគរយ​ផងដែរ។ សេដ្ឋកិច្ច​ថៃ គឺ​ពឹង​ផ្អែកលើ​ការរីកចម្រើន​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ក៏ដូចជា​ឧស្សាហកម្ម​នាំចេញ ការវិនិយោគ​ក្នុង​វិស័យ​ឯកជន​និង​ការប្រើប្រាស់​ក្នុងស្រុក ប៉ុន្តែ​វិស័យ​ទាង​នេះ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ចាប់តាំងពី​ដើមឆ្នាំ២០១៤ នេះ​មក​ម្លេះ។

វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​ត្រូវបាន​ព្យាករណ៍​ថា នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាង ៣០លាន​នាក់​មកពី​ជុំវិញ​ពិភពលោក​ហើយ​អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ៤០ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងមួយឆ្នាំៗ ពី​វិស័យនេះ​ចូលទៅក្នុង​សេដ្ឋកិច្ច​របស់ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com