អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​អូ​បា​ម៉ា​មិន​ចង់​ចុះហត្ថលេខា​លើ​ច្បាប់​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រុស្ស៊ី
17, Dec 2014 , 4:11 pm        
រូបភាព

ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ត្រៀម​ចុះហត្ថលេខា​លើ​ច្បាប់​ថ្មី​ដោយ​ដាក់ទណ្ឌកម្ម​ជំហាន​ថ្មី​ទៀត​ប្រឆាំងនឹង​រុស្ស៊ី​ដែលមាន​តួនាទី​សកម្ម​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន។ច្បាប់​ថ្មី​ដែល​រង់ចាំ​ប្រធានាធិបតី​ចុះហត្ថលេខា​នេះ​ត្រូវបាន​អនុម័ត​រួចរាល់​តាំងពី​ថ្ងៃ​សៅរ៍​ដោយ​សភា​ទាំងពីរ​របស់​អាមេរិក​ហើយ​ច្បាប់​ថ្មី​នេះ​ក្រៅពី​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី​ក៏មាន​ការ​ផ្តល់ជំនួយ​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ផងដែរ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ហាក់បីដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការត្រៀម​ចុះហត្ថលេខា​លើ​ច្បាប់​ដែល​ទើប​អនុម័ត​ថ្មី​ដោយ​សភា​ឲ្យ​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ដោយសារ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន។

ច្បាប់​ថ្មី​ដែល​រង់ចាំ​ហត្ថលេខា​របស់​ប្រធានាធិបតី​អាមេរិក​នេះ​ត្រូវបាន​អនុម័ត​ហើយដោយ​សភា​អាមេរិក​តាំងពី​ចុង​សប្តាហ៍​មុន​ហើយ​ច្បាប់​ថ្មី​នេះ​ក្រៅពី​កំណត់​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុស្ស៊ី​វា​ក៏មាន​កំណត់​ពី​ជំនួយ​យោធា​ទៅកាន់​រដ្ឋាភិបាល​ក្រុង​គៀវ​ផងដែរ។កាលពី​ម្សិលមិញ​នេះ​អ្នកនាំពាក្យ​សេត​វិមាន​បានអោយដឹងថា​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​នឹង​ចុះហត្ថលេខា​លើ​ច្បាប់​ថ្មី​ដែល​អនុម័ត​ដោយ​សភា​ដែល​ច្បាប់​ថ្មី​នេះ​នឹង​បន្ថែម​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​មិន​អោយចូល​ទីផ្សារ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​លោកខាងលិច​ព្រមទាំង​បើកផ្លូវ​អោយ​រដ្ឋាភិបាល​អាមេរិក​បញ្ជូន​ជំនួយ​ប្រមាណ៣៥០លាន​ដុល្លារ​អាមេរិក​ទៅដល់​រដ្ឋាភិបាល​ក្រុង​គៀវ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន។

អ្នកនាំពាក្យ​ខាងលើ​បាន​បញ្ជាក់ថា​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុស្ស៊ី​នឹង​ផ្តោតលើ​វិស័យសំខាន់ៗដែល​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​រុស្ស៊ី​រួមមាន​វិស័យ​ការពារជាតិ​វិស័យ​ថាមពល​និង​វិស័យ​ធនាគារ​ផងដែរ។យ៉ាងណាក៏ដោយ​មន្ត្រី​ខាងលើ​បានបញ្ជាក់​ថា​លោក​អូ​បា​ម៉ា​គ្មាន​ចេតនា​ចង់​ចុះហត្ថលេខា​លើ​ច្បាប់​ថ្មី​ដែល​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​បន្ថែម​ឡើយ​ព្រោះ​វា​អាច​បង្កអោយមាន​បញ្ហា​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង​រវាង​រុស្ស៊ី​និង​អាមេរិក។ហើយ​ណាមួយ​ទណ្ឌកម្ម​ថ្មី​នេះ​បង្ហាញថា​អាមេរិក​បានចេញ​មុខ​ចេញ​មាត់​ខ្លាំង​ជាង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដូ​ជា​សហភាព​អឺរ៉ុប​ដែល​នៅ​រក្សា​ជំហរ​មិនទាន់​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​ក្រុង​ម៉ូស្គូ​នៅឡើយ។

ប៉ុន្តែ​បញ្ហា​នៅត្រង់ថា​លោក​អូ​បា​ម៉ា​មិនអាច​ប្រើ​សិទ្ធិ​ជំទាស់​របស់លោក​ប្រឆាំង​ច្បាប់​ថ្មី​ដែល​អនុម័ត​ដោយ​សភា​ទាំងពីរ​នោះឡើយ​ព្រោះ​ច្បាប់​បានអនុម័ត​ឡើង​ដោយ​គ្មាន​សំឡេង​ជំទាស់​ឡើយ​ដូច្នេះ​មានន័យថា​សិទ្ធិ​ជំទាស់​របស់លោក​អូ​បា​ម៉ា​គ្មាន​ប្រសិទ្ធិភាព​នោះទេ។គេ​មើលឃើញថា​ទណ្ឌកម្ម​ថ្មី​របស់​ក្រុង​វ៉ាស៊ីនតោន​ដាក់ចេញ​ស្របពេល​ដែល​សេដ្ឋកិច្ច​រុស្ស៊ី​ប្រឈមមុខ​ជាមួយ​បញ្ហា​ដោយ​តម្លៃ​រូបី​យ​វត្ថុ​រុស្ស៊ី​ធ្លាក់​ថ្លៃ​ទុនវិនិយោគ​នៅ​រុស្ស៊ី​បន្ត​រត់​ចេញពី​រុស្ស៊ី​និង​តម្លៃ​ប្រេង​កាន់តែ​បន្ត​ធ្លាក់​ថ្លៃ​ខ្លាំង។យ៉ាងណាក៏ដោយ​មន្ត្រី​ក្រុង​ម៉ូស្គូ​បាន​រិះគន់​លោកខាងលិច​ជាពិសេស​គឺ​គម្រោង​ដាក់ទណ្ឌកម្ម​ថ្មី​របស់​ក្រុង​វ៉ា​ស៊ី​តោន​តែម្តង។

កាលពី​ម្សិលមិញ​នេះ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក​Sergei Lavrovបានចេញ​មុខជា​ថ្មី​ដោយ​លើកឡើងថា​ទណ្ឌកម្ម​លោកខាងលិច​មិន​ត្រឹមតែ​ធ្វើអោយ​រុស្ស៊ី​អាច​បន្តរ​ស់បាន​ដោយ​ខ្លួនឯង​ឡើយ​ប៉ុន្តែ​វា​នឹង​ធ្វើអោយ​រុស្ស៊ី​កាន់តែខ្លាំង​ឡើង​ថែមទៀត។

ប្រមុខ​ការទូត​រុស្ស៊ី​រូបនេះ​បាន​សង្កត់ធ្ងន់ថា​វា​មិនមែនជា​រឿង​ចម្លែក​និង​ជា​លើកទីមួយ​ឡើយ​ដែល​រុស្ស៊ី​ប្រឈមមុខ​ជាមួយ​បញ្ហា​ហើយ​តាម​ប្រវត្តិសាស្ត្រ​កន្លងមក​រុស្ស៊ី​ធ្លាប់​ប្រឈមមុខ​ជាមួយ​បញ្ហា​ធ្ងន់ធ្ងរ​ជាង​ពេលនេះ​ទៅទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com