ពីនេះ ពីនោះ
សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន៖ ស្ត្រី​ម្នាក់​ប្ដឹង​សុំ​លែងលះ​ប្ដី ដោយសារតែ​ប្ដី​តែងតែ​បោះ​លុយ​ឲ្យ​ចំ​មុខ​របស់​នាង
18, Dec 2014 , 7:45 pm        
រូបភាព
ដោយ:

ស្ត្រី​អាយុ ២៩ឆ្នាំ​ម្នាក់​មកពី​ខេត្ត Hunan ប្រទេស​ចិន បានដាក់​ពាក្យ​លែងលះ​ពី​ប្តី​របស់​នាង​ដោយសារតែ​នាង​អះអាងថា នាង​មាន​អារម្មណ៍​អាម៉ាស់​ខ្លាំងណាស់​ដែល​ប្តី​របស់​នាង តែងតែ​បោះ​លុយ​ឲ្យ​ចំ​មុខ​របស់ខ្លួន នៅ​រាល់​ពេលដែល​នាង​សុំ​លុយ។ នេះ​បើ​យោងតាម CCTV ។



ប្រភព​ដដែល​បាន​ដកស្រង់​សំដី អ្នកស្រី Zhang Ting ដែល​ប្ដឹង​លែងលះ​ប្ដី​នោះ​ថា ពេលណា​ដែល​ខ្ញុំ​សុំ​លុយ​គាត់​បោះ​លុយ​មក​ចំ​មុខ​របស់ខ្ញុំ​ឬ​ពេលខ្លះ​ក៏​បោះ​លុយ​ទៅលើ​ឥដ្ឋ​កា​រូ គាត់​មើល​មក​ខ្ញុំ​ហាក់ដូចជា​គ្មាន​សេចក្ដីថ្លៃថ្នូរ​អ្វី​ទាំងអស់​នោះទេ។ស្ត្រី​ចិន​នេះ​គឺមាន​អាយុ​តិចជាង​ប្តី​របស់​នាង​ចំនួន ១៥ ឆ្នាំ ហើយ​អ្នក​ទាំង​ពីរបាន​ជួបគ្នា​នៅក្នុង​ឆ្នាំ២០០១នៅពេលដែល​អ្នកស្រី Zhang មាន​អាយុ​ទើបតែ១៦ឆ្នាំ​នោះទេ។

លោក Li Aiguoដែលជា​ស្វាមី​របស់​អ្នកស្រី​Zhang គឺជា​ពាណិជ្ជករ​ដ៏​ល្បីឈ្មោះ​មួយរូប ហើយ​លោក​បាន​ស្នើសុំ​អ្នកស្រី​Zhang ធ្វើជា​ប្រពន្ធ​ទាំង​មិនទាន់​គ្រប់​អាយុ​រៀបការ។មួយឆ្នាំ​ក្រោយមក​ប្តី​ប្រពន្ធ​មួយ​នេះ​បាន​ចុះឈ្មោះ​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ។

ទំនាក់ទំនង​របស់​អ្នក​ពីរ​ចាប់ផ្ដើម​ធ្លាក់ចុះ​ក្រោយ​ពេលដែល​អ្នកស្រី Zhang បាន​ក្លាយជា​ប្រពន្ធ​ពេញសិទ្ធិ តែ​អ្នកស្រី​មាន​អារម្មណ៍​ថា​ប្ដី​របស់ខ្លួន មិនសូវ​រវីរវល់​ជាមួយ​គាត់​នោះទេ​ដោយ​រវល់​ជាមួយ​ការងារ​របស់គាត់។  ដូច្នេះហើយ​អ្នកស្រី​Zhang ងាក​ទៅរក​អ៊ីនធឺណិត​ដើម្បី​ដោះស្រាយ​ភាព​ឯកោ​របស់​នាង​ដែលជា​មូលហេតុ​នៃ​ការចោទប្រកាន់ថា ប្ដី​របស់គាត់​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ។
នៅ​ទីបំផុត​ចៅក្រម​បាន​ច្រានចោល​បណ្តឹងឧទ្ធរណ៍​នៃ​ការ​លែងលះ​នេះ ព្រោះថា​ការអះអាង​របស់​នាង​ថា​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​នេះ គឺ​ខ្វះ​ភស្តុតាង​គ្រប់គ្រាន់៕



© រក្សាសិទ្ធិដោយ thmeythmey.com