ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​អាច​រីកចម្រើន​បាន លុះត្រាតែ​ពលរដ្ឋ​ខ្លាំង!
24, Dec 2014 , 12:01 pm        
រូបភាព
ដោយ:

ពិភពលោក​ទាំងមូល បាន​ចាត់ទុកថា កម្ពុជា ជា​ប្រទេស​ក្រីក្រ ក្នុងចំណោម​ប្រទេស​ក្រីក្រ​មួយចំនួនទៀត​នៅក្នុង​សកលលោក។ស្ថានភាព​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ ត្រូវគេ​មើលឃើញថា មាន​ភាពច្របូកច្របល់ ទាំង​អ្នកនយោបាយ និង​ពលរដ្ឋ មិនសូវមាន​វិន័យ និង​ខ្វះ​មនសិការ​ស្រឡាញ់​ជាតិ​ពិតប្រាកដ។ អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា បាន​អះអា​ង​ថា កម្ពុជា​អាចមាន​វាសនា​ក្លាយជា​ប្រទេស​រីកចម្រើន​បាន ប្រសិនបើ​ពលរដ្ឋ​មាន​សក្តានុពល​ខ្លាំង និង​អ្នកដឹកនាំ​មាន​ទស្សនវិស័យ​ជ្រៅជ្រះ។



ភាព​គ្មាន​សណ្តាប់ធ្នាប់ ច្របូកច្របល់ និយាយ​ស្តាប់​គ្នា​មិនសូវ​បាន គឺជា​ឧបសគ្គ​ដ៏​ធំ ដែល​រាំងខ្ទប់​កម្ពុជា មិន​ឲ្យ​ចំរើន​ទៅមុខ​បាន​ឆាប់រហ័ស​ដូចជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន។ រឿងរ៉ាវ​ទាំងអស់នេះ គេ​មិនចាំបាច់​ចំណាយពេល​គិត​បានឃើញ​នោះទេ ដោយ​គេ​គ្រាន់តែ​ក្រឡេកមើល​ចរាចរណ៍​គ្មាន​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​នៃ​ប្រទេស​នេះ គេ​ក៏​អាច​វាយតម្លៃ​ដល់​កម្រិត​នៃ​ការយល់ដឹង សីលធម៌ និង​អាកប្បកិរិយា​របស់​មេដឹកនាំ និង​ពលរដ្ឋ​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះដែរ។

នៅ​ចំពោះមុខ​បញ្ហា​ទាំងនេះ អ្នកសិក្សា​ស្រាវជ្រាវ​សង្គម​កម្ពុជា លោក កែម ឡី បាន​អះអាងថា កម្ពុជា​មិនអាច​រីកចម្រើន​បានទេ បើ​កម្រិត​នៃ​ការចេះដឹង​របស់​ពលរ​ដ្ឋ និង​អ្នកនយោបាយ​នៅមាន​ភាពទន់ខ្សោយ​នោះ។ លោក​ថា ពលរដ្ឋ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ជាង​អ្វី​ទាំងអស់ រាប់ទាំង​មេដឹកនាំ​ប្រទេស​ផង ដែល​អាច​រុញ​នាវា​កម្ពុជា ឲ្យ​ដើរ​ទៅមុខ​ដូច​ប្រទេស​ជឿនលឿន​ដទៃទៀត។ «ពលរដ្ឋ​គឺជា​អ្នកបញ្ជា​ទៅលើ​មេដឹកនាំ ឲ្យ​ដើរ​តាម​ខ្លួន ប្រសិនបើ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​ពលរដ្ឋ​មានចំណេះដឹង​អាច​ពិចារណា​លើ​សកម្មភាព​មេដឹកនាំ ឬ​អ្នកនយោបាយ ពេលនោះ​កម្ពុជា​នឹង​រីកចម្រើន» ។ នេះ​ជាការ​បញ្ជាក់​របស់លោក កែម ឡី ។

អ្នកស្រាវជ្រាវ​សង្គម​ខាងលើ ក៏​បង្ហាញ​គំនិត​ចំនួន ៥ ចំណុច ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា រីកចម្រើន​ទៅមុខ​យ៉ាងនេះ​ថា៖« ទី ១ នៅ​កម្ពុជា ត្រូវមាន​ភាពជា​អ្នកដឹកនាំ​គ្រប់គ្នា ទាំង​ពលរដ្ឋ និង​អ្នកនយោបាយ ។ទី២ ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាងសកម្ម ទាំង​ថ្នាក់ក្រោម និង​ថ្នាក់លើ ពោលគឺ​ពោល​រដ្ឋ​ត្រូវ​ចូលរួម​អភិវឌ្ឍន៍​នៅក្នុង​ភូមិ ឃុំ និង​សហគមន៍​របស់ខ្លួន រហូតដល់​ខេត្ត។ ទី ៣ ទាំង​អ្នកនយោបាយ អ្នកដឹកនាំ​ប្រទេស និង​ពលរដ្ឋ ត្រូវមាន​ទំនួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន។ ទី ៤ ពលរដ្ឋ និង​អ្នកនយោបាយ ត្រូវ​គិតថា ខ្លួន​ជា​ម្ចាស់​ប្រទេស ត្រូវមាន​សីលធម៌ ការអប់រំ និង​គោរព​ច្បាប់សង្គម។ ចំណុច​ទី ៥ អ្នកដឹកនាំ​ត្រូវមាន​យន្តការ និង​ឆន្ទៈ​ច្បាស់លាស់​ដើម្បី​អភិវឌ្ឍន៍​ជាតិ ជាពិសេស​គឺ​រក្សា​ធនធាន​ដែលមាន​នៅក្នុង​ប្រទេស ដូចជា រ៉ែ ព្រៃឈើ ជាដើម ឲ្យ​បានល្អ » ។

មិន​ខុសពី​លោក កែម ឡី ប៉ុន្មាន​នោះទេ លោក លី ប៊ុន​ធា អ្នកសម្របសម្រួល​សិទ្ធិ​ការពារ​យុវជន​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន( YRDP ) យល់ឃើញថា សង្គម​មួយ​ដែល​អាច​រីកចម្រើន​បាន គឺ​អាស្រ័យទៅលើ​ធនធាន​ពលរដ្ឋ និង​អ្នកដឹកនាំ​រដ្ឋ។ លោក​ថា សម្រាប់​អ្នកដឹកនាំ​រដ្ឋ ត្រូវមាន​ទស្សនវិស័យ​ពិតប្រាកដ​ក្នុងការ​ដឹកនាំ​ប្រទេស បន្ទាប់ពី​ខ្លួន​បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី។ « ទស្សន​វិស័យនេះ​សំខាន់​ណាស់ បើ​មេដឹកនាំ​គ្មាន​ទស្សនវិស័យ​ថា ខ្លួន​គួរ​អនុវត្តន៍​បែបណា​ឲ្យ​ប្រទេស​រីកចម្រើន​នោះទេ គឺ​ជាតិ​មិនអាច​រីកចម្រើន​ឡើយ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល ត្រូវ​ពង្រឹង​នីតិរដ្ឋ គោរព​សិទ្ធិមនុស្ស កុំ​ប្រើ​អំណាច​ផ្តាច់ការ និង​កុំ​ជ្រៀតជ្រែក​ប្រព័ន្ធតុលាការ ពោលគឺ​ត្រូវធ្វើ​ឲ្យ​ប្រព័ន្ធ​នេះ​ឯករាជ្យ។ ច្បាប់​ត្រូវ​អនុវត្តន៍ ដោយ​ស្មើភាព​គ្នា មិន​ថា អ្នកមាន អ្នកមានអំណាច ឬ​ពលរដ្ឋ​ឡើយ »។ នេះ​ជាការ​បញ្ជាក់​របស់លោក លី ប៊ុន​ធា។

អ្នកសម្របសម្រួល​សិទ្ធិ​ការពារ​យុវជន​រូបនេះ អះអាងថា បច្ចុប្បន្ននេះ ពលរដ្ឋ​កម្ពុជា​មួយចំនួន មានការ​យល់ដឹង​ជាង​មុខ​គ្រាន់បើ ពីព្រោះ​ពួកគេ​ចាប់​ផ្តើ​ប​តាមដាន​ព័ត៌មាន អំពី​ស្ថានការណ៍​របស់​ជាតិ និង​សកម្មភាព​របស់​អ្នកនយោបាយ ហើយ​ពួកគេ​ហ៊ាន​បញ្ចេញមតិ​នៅពេល​ឃើញ​ចំណុច​ខ្វះខាត​របស់​អ្នកដឹកនាំ។ លោក​ថា បើ​អ្នកដឹកនាំ​ប្រទេស ចេះ​ស្តាប់​យោបល់​របស់​ប្រជាពលរដ្ឋ ហើយ​យកទៅ​ពិចារណា និង​ដោះស្រាយ​នោះ ក៏​ជា​ធ្វើ​ហេតុផល​សំខាន់​ធ្វើ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​ផងដែរ។ យ៉ាងណាក៏ដោយ លោក លី ប៊ុន​ធា ក៏​ទទួលស្គាល់ថា នៅ​កម្ពុជា​នៅតែមាន​ពលរដ្ឋ និង​អ្នកនយោបាយ មួយចំនួន​មាន​ចរិត​អាត្មានិយម មិន​ខ្វល់​ពី​បញ្ហា​សង្គម គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ដែលជា​ឧបសគ្គ​ដ៏​ធំ​ដល់​ការអភិវឌ្ឍន៍​ជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com