កីឡាជាតិ
ជាតិ
ស្វាយរៀងឬ ប៊ីញភឿក លើកពានNumber One Cup រសៀលនេះ? លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្លិបស្វាយរៀង។ រូបថតលោក កឹម សុវណ្ណា (ហ្វេសប៊ុក Cambodia Football)
× ទីបំផុតពានរង្វាន់បាល់ទាត់Number One Cup 2014 ដែលកំពុងរៀបចំនៅខេត្តប៊ីញភឿកប្រទេសវៀតណាមបានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅម៉ោង៣ រសៀលថ្ងៃទី ៣១ ខែ ធ្នូចុងឆ្នាំ ២០១៤ នេះដោយក្រុមខេត្តស្វាយរៀងរបស់កម្ពុជា ត្រូវប្រកួតជាមួយក្រុមបញ្ជាការយោធាខេត្តម្ចាស់ផ្ទះដើម្បីរកក្រុមជើងឯកពិតប្រាកដ។
មុនឡើងមកដល់វគ្គចុងក្រោយនេះក្រុមខេត្តស្វាយរៀងរបស់កម្ពុជា បានយកឈ្នះក្រុមរួមជាតិអគ្គស្នងការនគរបាលជាតិដោយលទ្ធផល ២ ទល់ ១នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។តាមដំណឹងច្បាស់ការមកពីវៀតណាមកីឡាកររបស់ក្រុមខេត្តស្វាយរៀងសុទ្ធតែត្រៀមខ្លួនរូចរាល់សម្រាប់ការប្រកួតនេះពោលគឺមិនមានបញ្ហាកីឡាកររបួសនោះទេ។កីឡាករ ប្រាក់ មុន្នីឧត្តម, ជា សំណាង, ផានីអ៊ីរដ្ឋា, ហួយផល្លីន, សំអឿន ពិដោសុទ្ធតែជាកូនសោសំខាន់របស់លោកគ្រូបង្វឹក សំ វ៉ាន់ដេតនៅប្រកួតជើងឯកនេះ។
ចំណែកក្រុមបញ្ជាការយោធាខេត្តប៊ិញភឿកវិញបានយកឈ្នះក្រុមយោធភូមិភាគលេខ៧របស់វៀតណាមដូចគ្នាដោយបាល់ប៉េណាំងទីកាត់សេចក្ដីក្នុងលទ្ធផល៥ ទល់ ៣ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។
តាមពិតគូប្រកួតនេះធ្លាប់ប៉ះគ្នាម្ដងហើយកាលពីវគ្គជម្រុះនៅពូលA ហើយកាលនោះក្រុមខេត្តស្វាយរៀងបានយកឈ្នះក្នុងលទ្ធផល១ ទល់ ០ ដោយថ្វីជើងកីឡាករសំអឿន ពិដោក្រោមការកាត់សេចក្ដីផ្អៀងតារាងរបស់អាជ្ញាកណ្ដាលក្រៅផ្លូវការជនជាតិវៀតណាម។នេះបើតាមការឱ្យដឹងរបស់លោកគ្រូជំនួយរបស់ក្លិបស្វាយរៀងម្នាក់។
គណៈកម្មាធិការរៀបចំការប្រកួតបានត្រៀមទឹកប្រាក់ចំនួន៤០០០ ដុល្លារសហរដ្ឋអាមេរិកជាស្រេចសម្រាប់ក្រុមជ័យហើយក្រុមជើងឯករងទទួលបានត្រឹម២៥០០ ដុល្លារ និង ក្រុមលេខ៣ ទទួលបាន ២០០០ ដុល្លារ។
មុនបើកកីឡដ្ឋានស្វែងរកក្រុមជើងឯកនៅរសៀលនេះគេក៏មានគូប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ដែរដោយចាប់ផ្ដើមនៅម៉ោង១ រសៀលតទៅរវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិរបស់កម្ពុជាជាមួយក្រុម យោធភូមិភាគលេខ៧របស់វៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com