កីឡាជាតិ
ជាតិ
Number One Cup៖ ស្វាយរៀងបាន​លេខពីរ អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ​បាន​លេខ​បួន​
01, Jan 2015 , 9:37 am        
រូបភាព
ដោយ:
ស្វាយរៀង មិន​អាច​នាំ​កាដូ​ឆ្នាំ​ថ្មី ២០១៥ ជូន​អ្នក​គាំទ្រ​ក្នុង​​ស្រុក​បាន​ទេ ដោយ​បាន​ត្រឹម​ជើង​ឯក​រង​ប៉ុណ្ណោះ​ក្នុង​ពាន​រង្វាន់ Number One Cup 2014 ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម ក្រោយ​ប្រកួត​ចាញ់​ក្រុម​បញ្ជាការ​យោធា​ខេត្ត​ប៊ីញភឿក នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ម្សិលមិញ ២ ទល់ ១។



ក្រុម​ម្ចាស់​ផ្ទះ​បាន​រក​គ្រាប់​បាល់​នាំ​មុខ ២ ទល់ ០ មុន​ហើយ​រហូត​ដល់​នាទី ៨០ ទើប​ខ្សែ​ប្រយុទ្ធ​វ័យក្មេង​របស់​ស្វាយរៀង រក​គ្រាប់​បាល់​បំបែក​ពងមាន់​ឱ្យ​ក្រុម​បាន ១ គ្រាប់​វិញ។ តំណែង​ជើង​ឯក​រង​ ក្រុម​របស់​កម្ពុជា មួយ​នេះ​ត្រឡប់​មក​វិញ​អម​ដោយ​ទឹក​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ២៥០០ ដុល្លារ​អាមេរិក។

ម្សិលមិញ​នេះ​ដែរ ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ របស់​កម្ពុជា បាន​​របូត​តំណែង​ចំណាត់​ថ្នាក់​លេខ ៣ ក្រោយ​ប្រកួត​ចាញ់​ក្រុម​ម្ចាស់​ស្រុក​មួយ​ទៀត​គឺ ក្រុម​យោធភូមិភាគ​លេខ៧ ដោយ​លទ្ធផល ២ ទល់ ០។

ពាន​រង្វាន់​ចុង​ឆ្នាំ ២០១៤ នេះ​បាន​អញ្ញើញ​ក្រុម​ចំនួន ៨ ចូលរួម​ដោយ​ក្នុង​នោះ ៣ ក្រុម​ទៅ​ពី​កម្ពុជា មាន​ស្វាយរៀង, អគ្គស្នងការ​នគរបាលជាតិ និង ចម្ការកៅស៊ូបឹងកេត ហើយ ១ ក្រុម​ទៀត​មក​ពី​ប្រទេស​ឡាវ គឺ ក្រុម​ខេត្ត Champasak និង ៤ ក្រុម​​ផ្សេង​ទៀត​មក​ពី​ប្រទេស​វៀតណាម។ ពាន​រង្វាន់​នេះ​រៀបចំ​ឡើង​​នៅ​ខេត្ត​ប៊ីញភឿក ចាប់​ពី​ថ្ងៃ​ទី ២២ ដល់ ៣១ ខែ ធ្នូ ឆ្នាំ ២០១៤៕




© រក្សាសិទ្ធិដោយ thmeythmey.com