កីឡាជាតិ
ជាតិ
ចំបាប់ ចាប់​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​មុនគេ​ក្នុង​ឆ្នាំ ២០១៥ នេះ
02, Jan 2015 , 9:29 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា គ្រោង​នឹង​រៀបចំ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​កម្រិត​ឈុត​យុវជន ប្រចាំឆ្នាំ​មុនគេ ក្នុង​ឆ្នាំ ២០១៥ នេះ ពោលគឺ​ចាប់ពី​ថ្ងៃទី ២៤ ដល់ ២៦ ខែ មករា ខាងមុខ នៅ​អាគារ​ដំបូលទូក​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ខណៈ​កីឡា​ផ្សេង​នៅ​មិនទាន់​រៀបចំ​កាលវិភាគ​ប្រកួត​របស់ខ្លួន​នៅឡើយ។



យោងតាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កីឡា​សក្ដានុពល​របស់​ក​ម្ពុ​ជាមួយនេះ​នាពេល​កន្លងមក​នឹង​បើក​វិញ្ញាសា​ចំនួន ៤ ប្រភេទ​ឱ្យ​ប្រកួតប្រជែង ដោយ​ក្នុងនោះ មាន​ទី១ វិញ្ញាសា​នារី​អាយុ​ចាប់ពី ១៦ ដល់ ១៨ ឆ្នាំ ប្រកួត​គីឡូ​ចាប់ពី ៤៦ ដល់ ៤៨ Kg និង ៤៩ ដល់ ៥១ Kg។ ទី២ វិញ្ញាសា នារី​ចាប់ពី​អាយុ ១៩ ដល់ ២៣ ឆ្នាំ មាន​ប្រកួត​គីឡូ​ចាប់ពី ៤៨ ដល់ ៥១ Kg, ៥២ ដល់ ៥៦ Kg និង ៥៧ ដល់ ៦០ Kg។

ចំណែក​ទី៣ វិញ្ញាសា​បុរស​អាយុ​ចាប់ពី ១៦ ដល់ ១៨ ឆ្នាំ​ប្រកួត​គីឡូ​ចាប់ពី ៤៦ ដល់ ៥០ Kg, ៥១ ដល់ ៥៥ Kg, ៥៦ ដល់ ៦០ Kg, ៦១ ដល់ ៦៥ Kg, ៦១ ដល់ ៦៥ Kg, ៦៦ ដល់ ៧០ Kg។ ចុងក្រោយ​វិញ្ញាសា​បុរស​អាយុ​ចាប់ពី ១៩ ដល់ ២៣ ឆ្នាំ ទម្ងន់​ចាប់ពី ៥០ដល់ ៥៥ Kg, ៥៦ ដល់ ៦០ kg, ៦១ ដល់ ៦៦ Kg, ៦៧ ដល់ ៧៣ kg, ៧៤ ដល់ ៨០ Kg, ៨១ ដល់ ៨៦ Kg។

ព្រឹត្តិការណ៍​នេះ​បើក​ឱ្យ​ប្រកួត​តែ​សម្រាប់​កីឡាករ​ចំបាប់​ប្រភេទ​សេរី (Free Style) ប៉ុណ្ណោះ ហើយ​មិន​អនុញ្ញាតឱ្យ​កីឡាករ​ក្រុម​ជម្រើសជាតិ​ចូល​ប្រកួតប្រជែង​ឡើយ លើកលែងតែ​អ្នកនោះ​ឈប់​ពី​ការប្រមូលផ្ដុំ​រយៈពេល ២ ឆ្នាំ​ទើប​អាចមាន​សិទ្ធិ​ប្រកួត​បាន។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​លើកឡើងថា លោក Casey Barnett ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង ជា​នាយក​សាលា Cam Ed គឺជា​អ្នក​ឧបត្ថម្ភ​ទាំងស្រុង​សម្រាប់​ការប្រកួត​នេះ រយៈពេល ៤ ឆ្នាំ​ជាប់​គ្នា​មកហើយ។ ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​រក​អ្នក​បន្តវេន​ដែលមាន​សមត្ថភាព​ជំនាន់​ក្រោយ​ចូលប្រឡូក​ក្នុង​ពិភព​កីឡា​ចំបាប់។

ព្រឹត្តិការណ៍​កីឡា​ចំបាប់​សម្រាប់​យុវជន​ថ្នាល​នេះ​នឹង​ឈប់​ទទួល​ពាក្យ​ចូលរួម​នៅ​ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៥ វេលា​ម៉ោង ៥ ល្ងាច។ សម្រាប់​ក្លិប ឬ បេក្ខជន ដែល​មិនទាន់​ដាក់ពាក្យ​ចុះឈ្មោះ​បង្ហាញ​សមត្ថភាព អាចទាក់ទង​បាន​នៅ​ការិយាល័យ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​នៅក្នុង​សាល​ដំបូង​ទូក​ថ្មី ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ឬ ទាក់ទង​មន្ត្រី​ជំនាញ​របស់​សហព័ន្ធ​តាម​លេខ​ទូរ​សព្ទ័ ០១២ ៩២៨ ៤៩៦ ឬ ០១៦ ៨០០ ៨៨០ រៀងរាល់​ម៉ោង​ធ្វើការ៕

រូបថត៖ សហព័ន្ធ​ចំបាប់


© រក្សាសិទ្ធិដោយ thmeythmey.com