កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោនពិន័យ​កីឡាករ​ឆ្នើម​៤​រូប​រហូត​ដល់ចប់ពាន​រង្វាន់​សម្តេច ហ៊ុន សែន​
05, Jan 2015 , 9:14 pm        
រូបភាព
កីឡាករ​ឆ្នើម​ដែល​ជាប់ពិន័យ ឃឹម បូរី ហុង ផេង ស៊ូ យ៉ាទី និងគួច សុគម្ភៈ។ រូបថត ហ្វេសប៊ុក
កីឡាករ​ឆ្នើម​ដែល​ជាប់ពិន័យ ឃឹម បូរី ហុង ផេង ស៊ូ យ៉ាទី និងគួច សុគម្ភៈ។ រូបថត ហ្វេសប៊ុក
ដោយ: រួបរួម
តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​៥ ខែ​មករា ឆ្នាំ​២០១៥ ក្លិប​កីឡា​បាល់ទាត់​ភ្នំពេញ​ក្រោន បានសម្រេច​ព្យួររាល់​​សកម្ម​ភាព​របស់​កីឡាករ​ឆ្នើម​ចំនួន​៤​រូប គឺ​អ្នក​ចាំទី ស៊ូ យ៉ា ខ្សែប្រយុទ្ធ គួច សុគម្ភៈ ឃឹម បូរី និង ហុង ផេង រហូត​ដល់​បញ្ចប់​ការប្រកួតពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៥ ។




ជាមួយ​នឹងការ​សម្រេច​របស់​ខ្លួន ក្លិប​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ក្របខណ្ឌ​កំពូល​របស់​កម្ពុជា​មួយនេះ បាន​លើក​ហេតុ​ផល​ថា កីឡាករ​ទាំងបួនរូប បាន​ប្រព្រឹត្ត​ប្រាស់​ចាក​ពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ក្លិប​យ៉ាង​ធ្ងន់​ធ្ងរ ពោល​គឺ​អំឡុង​ពេល​នៃដំណើរ​ប្រកួត​នៅ​ក្នុង​ប្រទេស​ចិន កាលពី​ថ្មីៗកន្លងមក​នេះ ជាពិសេស​ការ​បដិសេធ​ក្នុងការហ្វឹក​ហាត់​ជាមួយ​ក្លិប។

ភ្នំពេញ​ក្រោន​បានអះអាង​ថា ខ្លួន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាត់​វិធាន​ការ​បែបនេះឡើយ។ ក្លិប​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​បន្ថែមថា ភ្នំពេញ​ក្រោន​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍​នៃការគោរព ទៀង​ត្រង់ យុត្តិធម៌ និង​វិជ្ជាជីវៈ ហើយ​ពួកយើង​រំពឹង​ថា ទាំងកីឡាករ និង​បុគ្គលិកប្រតិបត្តិ​តាមគោល​ការណ៍​ទាំងអស់ដែលមាន​ស្រាប់ឲ្យ​បាន​ម៉ត់ចត់។

នៅ​ការ​ផ្សាយ​បន្ទាប់ គេហទំព័រ​ថ្មីៗ នឹងស្វែង​រក​ការ​បក​ស្រាយ​បន្ថែមពី​សំណាក់​ក្រុម​កីឡាករ​ដែល​ត្រូវបានពិន័យ៕

© រក្សាសិទ្ធិដោយ thmeythmey.com