កីឡាជាតិ
ជាតិ
វៀតណាម គ្រោង​បញ្ជូន​U-19 ទៅ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំនេះ​នៅ​សិង្ហ​បុរី
06, Jan 2015 , 9:00 am        
រូបភាព
ដោយ:
ប្រទេស​វៀតណាម​ត្រៀម​បញ្ជូន​ក្រុមកីឡា​បាល់ទាត់​យុវជន​ក្រោម​អាយុ១៩ ឆ្នាំ(U-19) ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ ដែល​នឹង​រៀបចំ​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ​នៅ​ប្រទេស​សិង្ហ​បុរី​ស្របពេល​ពានរង្វាន់​នេះ​អនុញ្ញាតឱ្យ​ប្រទេស​ជា​សមាជិក​បញ្ជូន​ក្រុម​ត្រឹម​អាយុ២៣ ឆ្នាំ​ចុះក្រោម។



លោក​Le Hung Dung ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម(VFF) បានលើកឡើង​កាលពីពេលថ្មីៗប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​មូល​ហេតុដែល​សហព័ន្ធ​សម្រេច​បែបនេះ​ក៏​ព្រោះតែ​វៀតណាម​មាន​ទិសដៅ​វែងឆ្ងាយ​ចំពោះ​កីឡា​ជាតិ​ដូច្នេះ​ជំហាន​ដំបូង​ត្រូវតែ​ផ្ដោតលើ​កីឡាករក្មេងៗតែម្ដង។

លោក​សង្កត់ធ្ងន់ថា៖«គំនិត​របស់​យើង​គឺ​ចង់ឱ្យ​ក្រុម​ជោគជ័យ​មិនមែន​តែមួយ​ឆ្នាំ​នោះទេ​ប៉ុន្ដែ​ត្រូវ​ជោគជ័យ​រយៈពេល​ច្រើន​ឆ្នាំ។ពួកយើង​សម្រេចចិត្តថា​ស៊ី​ហ្គេម(សម្រាប់​U-23)ត្រូវតែ​បញ្ចូល​កីឡាករ​ដែលមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​នៅ​ឆ្នាំ២០១៧ ថែមទៀត»។

សមាជិក​ភាគច្រើន​នៃ​ក្រុម​U-19 របស់​វៀតណាម​ចេញ​មកពី​យុវជន​ថ្នាល​របស់​ក្លិប​Hoang Anh Gia Lai ដែល​សហការ​ជាមួយ​ក្លិប​Arsenal នៅ​ប្រទេស​អង់គ្លេស។ក្រុម​នេះ​ធ្លាប់​ចេញទៅ​សំងំ​ហ្វឹកហាត់​និង ប្រកួត​មិត្តភាព នៅ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​និង ប្រទេស​ជប៉ុន ផងដែរ។

ក្រុមបាល់ទាត់​វៀតណាម​ធ្លាប់​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេម​ម្ដង​គឺ​នៅ​ឆ្នាំ​បង្កើតឡើង​ដំបូង​ពោលគឺ​នៅ​ឆ្នាំ ១៩៥៩នៅ​ក្រុង​បាងកក ប្រទេស​ថៃ​ក្រោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល៣ ទល់ ១ ហើយ​នៅ​ស៊ី​ហ្គេម​ឆ្នាំ២០១៣ ចុងក្រោយ​នេះ​នៅ​ទីក្រុង​ណៃ​ពី​ដរ​ប្រទេស​មី​យ៉ាន់​ម៉ា​ក្រុម​ប្រទេស​នេះ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​បន្ទាប់ពី​ប្រកួត ៤ លើក​ឈ្នះ២ ចាញ់ ២ មាន ៦ ពិន្ទុ៕



© រក្សាសិទ្ធិដោយ thmeythmey.com