កីឡាជាតិ
ជាតិ
គ្រូ​ជំនួយ និង​កីឡាករ​ TriAsia ប្តឹងទៅ​ក្រសួង​ការងារ​ក្រោយ​ក្លិប​បញ្ចប់​កិច្ចសន្យា​ដោយ​គ្មាន​សំណង
06, Jan 2015 , 12:50 pm        
រូបភាព
ដោយ: រួបរួម
គ្រូ​ជំនួយ១រូប និង​កីឡាករ​ខ្មែរ៦រូប​របស់​ក្លិប TriAsia Phnom Penh FC កំពុង​រង់ចាំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ បន្ទាប់ពី​ពួកគេ​បានដាក់​ពាក្យ​ប្តឹង​កាលពី​ចុងឆ្នាំ​កន្លងមក ដើម្បី​តវ៉ា​ចំពោះ​ការបញ្ចប់​កិច្ចសន្យា​របស់​ពួកគេ ដោយ​គ្មាន​ការផ្តល់ប្រាក់​សំណង។



លោក ភា វិភព គ្រូ​ជំនួយ​ដែល​ត្រូវបាន​ក្លិប​បណ្តេញចេញ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗតាម​ទូរ​សព្ទ​ថា៖ «ខ្ញុំ និង​កីឡាករ​ខ្មែរ៦រូប ត្រូវបាន​ក្លិប​ប្រកាស​ដកចេញ​កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ដោយ​គ្រាន់តែ​អះអាងថា ក្លិប​មាន​បញ្ហា​ហិរញ្ញវត្ថុ»។

កីឡាករ៦រូប​ដែល​ត្រូវបាន​ក្លិប​បញ្ចប់​កិច្ចសន្យា​រួមមាន កីឡាករ ធុល សុធា​រិ​ទ្ធ កីឡាករ វី លីកា កីឡាករ ឡេង ណារិន កីឡាករ សេង កុ​សែន កីឡាករ ហ្វ៊ី រ៉ូ​ហ្វី​ន និង​កីឡាករ លឹម យូ។ បើតាម​ប្រភពពី​ក្លិប TriAsia វិបត្តិ​ហិរញ្ញវត្ថុ បាន​តម្រូវ​ឲ្យ​ក្លិប​បញ្ចប់​កិច្ចសន្យា​បុគ្គលិក និង​កីឡា​ករទាំង​ខ្មែរ និង​បរទេស​សរុប​ចំនួន១៣នាក់ ក្នុងនោះ​មាន​ខ្សែប្រយុទ្ធ​ហូ​ឡង់ Elroy van der Hooft ផងដែរ។

គេហទំព័រថ្មីៗ មិន​ទទួលបាន​ការអះអាង​ណាមួយ​ឡើយ​ពី​សំណាក់​កីឡាករ Elroy ប៉ុន្តែ​កាលពី​ថ្ងៃទី៥ ខែមករា គេ​បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា៖ «មាន​ក្លិប​តែមួយគត់​នៅ​កម្ពុជា​ដែលជា​ក្លិប​អាជីព។ ក្លិប​ផ្សេងទៀត​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុម​កុហក និង/រឺ ក្រុម​ស្ម័គ្រចិត្ត»។

ទាក់ទង​នឹង​បញ្ហា​នេះ លោក វិភព បាន​លើកឡើងថា លោក និង​កីឡាករ​ខ្មែរ៦រូប​ទៀត គិតគូ​តែ​បញ្ហា​ខ្លួនឯង​តែប៉ុណ្ណោះ ដោយ​មិន​លូកលាន់​ករណី​របស់​កីឡាករ និង​បុគ្គលិក​បរទេស​នោះឡើយ។ លោក​បាន​លើកឡើងថា៖ «ការបញ្ឈប់​ពួកយើង​មិនជា​បញ្ហា​អ្វី​នោះឡើយ ប៉ុន្តែ​យើង​ចង់​ឲ្យ​ក្លិប​គិតគូ​ពី​ប្រាក់​សំណង​សម្រាប់​ពួកយើង»។

ដោយ​មិន​និយាយ​ពី​ភាគី​បរទេស គ្រូ​ជំនួយ និង​កីឡាករ​ខ្មែរ​ដែល​ត្រូវបាន​ដកចេញ​មាន​ប្រាក់​បៀរ​វត្ស​ចន្លោះ​ពី២០០ដុល្លារ ដល់៨០០ដុល្លារ​អាមេរិក ហើយ​ភាគច្រើន​សុពលភាព​នៃ​កិច្ចសន្យា​របស់​ពួកគេ​បន្ត​រហូតដល់​ខែសីហា ឆ្នាំ២០១៥ ។

ក្លិប TriAsia Phnom Penh FC ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ជប៉ុន TriAsia Group មិនទាន់បាន​ឆ្លើយតប​ជា​វិជ្ជមាន​ណាមួយ​ឡើយ។ លោក ឈូក ពិសិដ្ឋ គ្រូបង្វឹក​បណ្តោះអាសន្ន​ដែល​ត្រូវ​ដឹកនាំ​ក្លិប​សម្រាប់​យុទ្ធនាការ​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន នាពេលខាងមុខ បានត្រឹមតែ​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​សមាជិក​សំខាន់​របស់ខ្លួន។

លោក ពិសិដ្ឋ បាន​លើកឡើងថា៖ «ការបាត់បង់​សមាជិក​មួយចំនួន​ពិតជា​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​លេង ប៉ុន្តែ​ខ្ញុំ​មាន​តួនាទី​ដឹកនាំ​តែ​បច្ចេកទេស​ដឹកនាំ​បង្វឹក​ប៉ុណ្ណោះ ខ្ញុំ​មិនអាច​បកស្រាយ​រឿងរ៉ាវ​ដែល​ទាក់ទង​នឹង​ផ្នែក​រដ្ឋបាល​នោះឡើយ»។

បើតាម​លោក ភា វិភព កីឡាករ​ខ្មែរ រួមទាំង​លោក​ផ្ទាល់ បាន​បដិសេធ​ទទួលយក​លិខិត​បញ្ចប់​កិច្ចសន្យា ដើម្បី​រង់ចាំ​ដំណោះស្រាយ​ពី​សំណាក់​ក្លិប និង​ការឆ្លើយតប​ពី​សំណាក់​ក្រសួង​ការងារ​ដែល​ត្រូវធ្វើឡើង​ក្នុង​ចន្លោះ​រយៈពេល២១ថ្ងៃ​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង។ លោក​បាន​អះអាងថា៖ «គេ​មាន​គម្រោង​បើកប្រាក់​សម្រាប់១ខែ​ឲ្យ​ពួកយើង តែ​បច្ចុប្បន្ន មានតែ​ការសន្យា​តាម​ទូរ​សព្ទ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្លិប​ប៉ុណ្ណោះ»៕



© រក្សាសិទ្ធិដោយ thmeythmey.com