ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នក​ឆ្លងកាត់​របប​ផ្ដាច់ការ​ប៉ុលពត យល់​ខុសគ្នា​ចំពោះ​ថ្ងៃ៧មករា​នេះ
07, Jan 2015 , 3:29 pm        
រូបភាព
ពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ជជែក​គ្នា​និង​បាន​បកស្រាយ​យល់​ខុសគ្នា ចំពោះ​ថ្ងៃ៧មករា​នេះ ដោយ​ខ្លះ​យល់ឃើញថា ថ្ងៃនេះ​ជា​ថ្ងៃកំណើត​ទី២ ដោយសារតែ​គណបក្ស​កាន់​អំណាចបាន​ជួយសង្គ្រោះ​ពួកគេ​រួច​ផុតពី​ទុក្ខវេទនា។ ខ្លះទៀត​យល់ថា ថ្ងៃ៧មករា​នេះ គឺជា​ថ្ងៃ​ដែល​វៀតណាម​ជា​អ្នក​រៀបចំឡើង និង​ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន​ប្រទេស​កម្ពុជា។



អ៊ំស្រី វ៉ាន់ សុ​ផៃ ដែលមាន​អាយុ៦៤ឆ្នាំ ដែល​បាន​ឆ្លងកាត់​ភាពជូរចត់​ក្នុង​របប​ប៉ុល ពត មានប្រសាសន៍ថា នៅ​ថ្ងៃ៧មករា​នេះ គឺ​ថ្ងៃកំណើត​ទី២ ដែល​រូបគាត់​មានជីវិត​រស់នៅ​សាជាថ្មី​មក​ដល់ពេល​បច្ចុប្បន្ននេះ។ ហើយ​អ៊ំស្រី​តែងតែ​ដឹងគុណ​និង​ចងចាំ​មិន​ភ្លេច​ចំពោះ​ថ្ងៃ៧មករា​នេះ។ អ៊ំស្រី​សុ​ផៃ​បន្ថែមថា៖«ខ្ញុំ​រស់នៅក្នុង​របប​ប៉ុលពត​នេះ គឺ​វេទនាណាស់ ព្រោះ​ពួកគេ​ធ្វើទុក្ខបុកម្នេញ​ណាស់ ខ្មែរ​ទាំងអស់​រស់នៅ​ដោយ​ក្ដី​លំបាក​ទុក្ខ​ព្រួយ​ជា​រៀងរាល់ថ្ងៃ។ ហើយ​ខ្ញុំ​យល់ថា​ថ្ងៃ៧មករា​នេះ​គឺ​សំខាន់​ណាស់​សម្រាប់​ប្រជាជន​ខ្មែរ ព្រោះ​នៅថ្ងៃនេះ​គឺជា​ថ្ងៃ​ជ័យជម្នះ​ដែល​គណបក្សកាន់អំណាច​បាន​ផ្ដួល​រំលំ​របប​ខ្មៅ​​ប៉ុល ពត ជួយ​រំដោះប្រជាជន​ចេញពី​របប​ផ្ដាច់ការ​នេះ»។

មិន​ខុសគ្នា​ពី​អ៊ំស្រី​សុ​ផៃ​នោះទេ លោក ខាន់ សុជាតិ មាន​អាយុ៥៨ ជា​អ្នកលក់​កាហ្វេម្នាក់ មានប្រសាសន៍ថា របប​ខ្មៅ​ងងឹត​នេះ បានធ្វើ​ឲ្យ​រូបគាត់​រស់នៅ​ដោយ​ទុក្ខវេទនា​និង​ចងចាំ​មិន​ភ្លេច។ លោក សុជាតិ បន្ថែមថា ការរស់នៅ​មានជីវិត​មកដល់​ពេលបច្ចុប្បន្ន​នេះ​គឺ​ដោយសារ​គណបក្សកាន់អំណាច បាន​ជួយ​រំដោះប្រជាជន​ពីរ​បប​ប៉ុល ពត​នៅ​ថ្ងៃ៧មករា​នេះ។ ដូចនេះ​សម្រាប់​រូបលោក​ថ្ងៃ៧មករា គឺជា​ថ្ងៃ​សំខាន់។ លោក​ពន្យល់ថា៖«សម្រាប់​ខ្ញុំ​នៅ​ថ្ងៃ៧មករា​នេះ​គឺ​សំខាន់​ណាស់ ព្រោះ​ខ្ញុំ​ក៏ដូចជា​ខ្មែរ​ដទៃទៀត បាន​រួច​ផុតពី​របប​ផ្ដាច់ការ​នេះ។ ហើយ​ខ្មែរ​ទាំងអស់​​ដឹង​ហើយ​ថា របប​ប៉ុល ពត គឺ​រស់នៅ​លំបាក​វេទនាណាស់ ដូចនេះ​បាន​រួចផុត​មកនេះ ​គឺ​ដោយសារ​គុណ គណបក្សកាន់អំណាច បាន​ជួយ​រំដោះប្រជាជន»។

ចំណែក​អ៊ំស្រី សាក់ យ៉ាវ មិនសូវ​ចូលចិត្ត​តាមដាន​សង្គម​ក៏បាន​និយាយថា ថ្ងៃ៧មករា​គឺជា​ជ័យជំនះ និង​ជា​ថ្ងៃ​រួចផុត​ទុក្ខលំបាក​វេទនា​របស់​ប្រជាជន​ខ្មែរ​ទាំងអស់ ដូចនេះ​ប្រជាជន​មិនត្រូវ​បំភ្លេច​ថ្ងៃនេះ​នោះទេ។
ភាព​ខ្មៅ​ងងឹត និង​ភាពព្រៃផ្សៃ​នៃ​របប​ប្រល័យពូជសាសន៍ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ដោយ​ទុក្ខវេទនា កាលពី៣៦ឆ្នាំមុន នៅតែ​ដក់​ជាប់​នៅក្នុង​អារម្មណ៍​របស់​ពួកគេ។ ដោយសារតែ​ភាពលំបាក​វេទនា​នេះហើយ ទើប​ពួកគេ​បានចាត់ទុក​ថ្ងៃ៧មករា​នេះ គឺជា​ថ្ងៃ​ដែល​ពួកគេ​រួច​ផុតពី​ទុក្ខវេទនា និង​ជា​ថ្ងៃកំណើត​ទី២របស់​ពួកគេ។

ចំពោះ​ថ្ងៃ៧មករា​នេះ ក៏មាន​ការយល់ឃើញ​ខុសគ្នា​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​បាន​ឆ្លងកាត់​របប​ផ្ដាច់ការ​ប៉ុល ពត​នេះ​ដូចគ្នាដែរ។ លោក ចាន់ សំរិទ្ធ មាន​អាយុ​ជាង៥០ឆ្នាំ ជា​អ្នករត់​ម៉ូតូ និង​ជា​អ្នក​ចូលចិត្ត​តាមដាន​ព្រឹត្តិការណ៍​សង្គម យល់ឃើញថា ថ្ងៃ៧មករា​នេះ គឺជា​ថ្ងៃ​ដែល​រៀបចំឡើង​ដោយ​វៀតណាម ដើម្បី​ធ្វើការ​ឈ្លានពាន​ប្រទេស​កម្ពុជា ដែលមាន​ការចូលរួម​ពី​គណបក្សកាន់អំណាច។ លោក​សំរិទ្ធ​បន្ថែមថា ៖«ខ្ញុំ​យល់ឃើញថា​ថ្ងៃ៧មករា​នេះ គឺជា​ថ្ងៃ​រំដោះប្រជាជន​ខ្មែរ​ពី​របប​ប៉ុល ពត​ពិតមែន។ ប៉ុន្ដែ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​វៀតណាម​ចូលមក​ឈ្លានពាន​ប្រទេស​កម្ពុជា តាមរយៈ​ចូលមក​ជួយ​នេះហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ គឺមាន​វៀតណាម​ច្រើនណាស់​ក្រោយពី​ការរំដោះ​នេះ ដោយសារ​មានការ​បើកដៃ​ពី​គណបក្សកាន់អំណាច»។

ដោយឡែក​លោក ផាន់ ស៊ីម ជាជាង​កាត់សក់​មួយរូប យល់ឃើញថា បើទោះជា​ថ្ងៃ៧មករា​គឺជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​រួច​ផុតពី​របប​ប៉ុល ពត​ពិតមែន។ ប៉ុន្ដែ សម្រាប់លោក ​ថ្ងៃ៧មករា​នេះ គឺជា​ឱកាស​ដែល​បាន​បើកដៃ​ឲ្យ​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា។ លោក​បន្ថែមថា ថ្ងៃ៧មករា​នេះ ក៏​ជា​ថ្ងៃ​ដែល​គណបក្សកាន់អំណាច លើក​យកមក​កេងចំណេញ​នយោបាយ​ផងដែរ។ លោក​ពន្យលថា៖សម្រាប់​ខ្ញុំ​ថ្ងៃ៧មករា​នេះ គឺ​គ្រាន់តែ​អ្នកនយោបាយ(គណបក្សកាន់អំណាច) លើក​យកមក​កេងចំណេញ​នយោបាយ​នោះទេ។ បើ​តាមពិត​អ្វីដែល​ខ្ញុំ​បានដឹងខ្លះៗនោះ ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​រៀបចំឡើង​ដោយ​វៀតណាម ដើម្បី​ងាយស្រួល​អាច​ឲ្យ​ពួកគេ​អាច​ឈ្លានពាន​កម្ពុជា និង​ដោយសារ​មានការ​បើកដៃ​ពី​គណបក្សកាន់អំណាច»។



© រក្សាសិទ្ធិដោយ thmeythmey.com