ព័ត៍មានសុខភាព
សុខភាព៖ អ្នក​គួរ​ញ៉ាំ​កាហ្វេ ព្រោះ​ហេតុផល​មួយចំនួន
10, Jan 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ការ​ទទួលទាន​កាហ្វេ​មួយ​ពែង​រាល់​ព្រឹក បានក្លាយ​ទៅជា​រឿង​មួយ ដែល​អ្នកជំនាញ​ជាច្រើន​បាន​ហាមឃាត់ ជាពិសេស ពេល​ទទួលទាន​ច្រើនពេក ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​បាន។ ខណៈពេលដែល​អ្នកទទួល​ទាន​កាហ្វេ​ជាច្រើន ទំនងជា​ប្តូរ​រសជាតិ​មក​ផឹក​តែ ឬ​លែង​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​នោះ ការសិក្សា​ថ្មី​បាន​បញ្ជាក់ថា ការ​ក្រេប​រសជាតិ​ភេសជ្ជៈក្តៅៗនៅពេល​ព្រឹក ប្រហែលជា​រឿង​ដែល​គ្រូពេទ្យ​ណែនាំ​អោយធ្វើ​វិញ។
កាហ្វេ គឺជា​ភេសជ្ជៈ​មួយ​ប្រភេទ ដែល​ផ្ទុក​ទៅដោយ​សារធាតុ​រាប់រយ​ប្រភេទខុសៗគ្នា ដែល​អាច​បណ្តាលអោយមាន​បញ្ហា​ដល់​សុខភាពខុសៗគ្នា ទាំង​ល្អ និង​អាក្រក់។ ទោះបីជា​យ៉ាងណាក៏ដោយ អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​កាហ្វេ នៅតែមាន​ច្រើន​គួរសម​ដែរ ដូចជា ៖



បន្ថយ​ការប្រឈមមុខ នឹង​ជំងឺ​ទឹកនោមផ្អែម
តាម​ការសិក្សា​ថ្មី​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Diabetologia បាន​រកឃើញថា ការ​ទទួលទាន​កាហ្វេ មាន​ទំនាក់ទំនង​នឹង​ការបន្ថយ​ការ​ប្រឈម នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ។ អ្នកចូលរួម​សិក្សា ដែល​បង្កើន​ការទទួល​ទាន​កាហ្វេ​របស់ខ្លួន ច្រើនជាង​មួយ​ពែង​ក្នុង​មួយថ្ងៃ រយៈពេល​បួន​ឆ្នាំ​ឃើញថា មានការ​ថយចុះ នូវ​ចំនួន​នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ រហូតដល់ ១១ ភាគរយ​ក្នុង​រយៈពេល ៤ ឆ្នាំក្រោយ។ ការ​ទទួលទាន​កាហ្វេ ជា​មធ្យម គឺ​ប្រហែលជា ១,៦៩ ពែង​ក្នុង​មួយថ្ងៃ។

បង្ការ​ការ​ខូច​ភ្នែក
កាហ្វេ ផ្ទុក​ទៅដោយ​ជាតិ​អង់​ទី​អុកស៊ីដ​ង់ ជាពិសេស Chlorogenic Acid (CLA) ដែល​អាចជួយ​ការពារ​រ៉េ​ទីន​របស់​ភ្នែក ពី​ការខូចខាត​បាន។ ការសិក្សា​ថ្មី​មួយ​បានអោយដឹងថា នៅពេល​កណ្តុរ​ត្រូវបាន​ចាក់​សារធាតុ Chlorogenic Acid ទៅក្នុង​ខ្លួន​វា វា​ពិតជា​មិនអាច​ធ្វើអោយ​កណ្តុរ​នោះ ខូច​តំបន់​រ៉េ​ទីន​របស់​ភ្នែក​បានទេ។

បង្ការ​បញ្ហា​ធ្មេញ

ការ​ទទួលទាន​កាហ្វេ​មួយ​ពែង ទាំង​កាហ្វេ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​មាន​ជាតិ​កាហ្វេ​អ៊ី​ន សុទ្ធតែ​អាចជា​រឿង​ល្អ សម្រាប់​សុខភាព​ធ្មេញ។ សារធាតុ​អង់​ទី​អុកស៊ីដ​ង់ និង​កត្តា​ប្រឆាំងនឹង​ការ​រលាកផ្សេងៗទៀត ក្នុង​ភេសជ្ជៈ​ប្រភេទ​នេះ ត្រូវបាន​គេ​យល់ថា អាចជួយ​កាត់បន្ថយ​អត្រា​បាក់ធ្មេញ ឬ​ឆ្អឹង​នៅ​ជុំវិញ​ធ្មេញ។ អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដ៏​ខ្លាំងក្លា នៃ​អង់​ទី​អុកស៊ីដ​ង់​មួយ​នេះ គឺ​សារធាតុ Contingent ដែល​ធ្វើអោយ​រាងកាយ​អាច​បឺត​ស្រូប និង​ប្រើប្រាស់​វា​បាន។

បង្ការ​ជំងឺ Parkinson
ការ​ទទួលទាន​កាហ្វេ អាច​ទៅ​បន្ថយ ឬ​ពន្យារពេល​ការកើត​ជំងឺ Parkinson បាន។ អ្នកទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន មិនសូវ​មានឱកាស​កើត​ជំងឺ Parkinson ទេ។ រឿងនេះ​ត្រូវបាន​គេ​ជឿជាក់ថា ជាតិ​កាហ្វេ​អ៊ី​ន​អាច​រលាយ​ជាមួយនឹង​កន្លែង​ទទួល​សារធាតុ Dopamine ដែលជា​តម្រូវការ​សម្រាប់​សម្របសម្រួល ដល់​លំហូរ​ជាតិ​កាល់ស្យូម​ទៅក្នុង​កោសិកា។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​ដែលមាន​ជំងឺ Parkinson ហើយ​មានការ​ប្រែប្រួល​ហ្សែ​ន​ទៀត​នោះ គឺ​មិនអាច​ប្រមូលផ្តុំ​អត្ថប្រយោជន៍ នៃ​ការ​ទទួលទាន​កាហ្វេ​បានឡើយ។

បង្ការ​ការ​ហឹ​ង​ក្នុង​ត្រចៀក

សម្លេង ឬ​ការ​លឺសូរងឿងៗក្នុង​ត្រចៀក អាចជា​រឿង​ដែល​ពិបាក​ទ្រាំ ជាពិសេស អ្នក​ដែលមាន​បញ្ហា​នៅ​ត្រចៀក​តែម្តង។ ចំពោះ​អ្នកជំងឺ​ដែលមាន​បញ្ហា​ហ៊ឹង​ក្នុង​ត្រចៀក អ្នក​អាច​បង្ការ​បាន​តាមរយៈ​ការ​ទទួលទាន​កាហ្វេ​មួយ​ទៅ​ពីរ​ពែង។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កាលណា​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​កាន់តែច្រើន កាន់តែ​មិនសូវមាន​បញ្ហា​ហ៊ឹង​ក្នុង​ត្រចៀក។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រហែល​ជាការ​ញ៉ាំ​កាហ្វេ​ប្រាំ​កែវ​ក្នុង​មួយថ្ងៃ ទំនងជា​ជួប​បញ្ហា​ហ៊ឹង​ត្រចៀក​វិញ​រហូតដល់ ១៥ ភាគរយ៕


ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com