ជាតិ
សិល្បះ
មហោស្រព​សិល្បៈ​យុវជន នឹង​ជំរុញ​ឱ្យ​យុវជន​កាន់តែ​ស្គា​ល់ពី​តម្លៃ​នៃ​វប្បធម៌​ខ្មែរ
10, Jan 2015 , 8:00 am        
រូបភាព
មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស នឹងត្រូវ​រៀបចំឡើង​រយៈពេល៩ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២០ដល់​ថ្ងៃទី២៨ខែកុម្ភៈ​ឆ្នាំ២០១៥ខាងមុខនេះ។ មហោស្រព​នេះ រៀបចំឡើង​ដើម្បី​ផ្តល់ឱកាស និង​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ​ទាំង​នៅក្នុង និង​ក្រៅ​ប្រព័ន្ធ​សាលា​អប់រំ បាន​សម្តែង​សិល្បៈ​វប្បធម៌ និង​ជំរុញ​ឱ្យ​យុវជន​ស្គា​ល់ពី​តម្លៃពិត​នៃ​វប្បធម៌​ខ្មែរ ចេះ​ស្រឡាញ់ ការពារ អភិរក្ស​វប្បធម៌​របស់ខ្លួន​ឱ្យបាន​គង់វង្ស និង​រីកចម្រើន និង​ដើម្បី​អបអរ​ទិវា​វប្បធម៌​ជាតិ​លើក​ទី១៧នៅ​ថ្ងៃទី៣ខែ​មិនា​ឆ្នាំ២០១៥ ។



លោក សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​នៅក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​លើកកម្ពស់​វិស័យ​វប្បធម៌ រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​វិទ្យាស្ថាន​សិល្បៈ​ខ្មែរ កាលពី​ថ្ងៃទី៨មករា បាន​មានប្រសាសន៍ថា៖«ការជំរុញឱ្យ​យុវជន​ស្គាល់​ពី​វប្បធម៌ ជា​ចំណុច​អាទិភាព ព្រោះ​យុវជន​ជា​អ្នក​បន្តវេន​ថែរក្សា​សម្បត្តិ​វប្បធម៌ និង​ខណៈពេលដែល​ពល​រដ្ឋ​ខ្មែរ​ដែល​ចេះ​ក្បួនខ្នាត​ពី​វប្បធម៌​ខ្មែរ​បច្ចុប្បន្ន​មាន​តិច ហើយ​ភាគច្រើន​មាន​វ័យ​ចំណាស់»។

សូមបញ្ជាក់ថា មហោស្រប​សិល្បៈ​យុវជន​ទូទាំងប្រទេស​នៅ​ឆ្នាំនេះ ផ្តោត​សំខាន់​តែ​លើ​ប្រធាន​សម្តែង​ចំនួន២ប៉ុណ្ណោះ គឺ​របាំ និង​ការសម្តែង​ល្ខោន​អប់រំ​ខ្លី។
ចាប់ពី​ខែមករា​នេះ​ទៅ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅតាម​បណ្តា​ខេត្ត និង​រាជធានី នឹង​ចាប់ផ្តើម​សម្រាំង​យក​ស្នាដៃឯក​ចំនួន២ ដែល​បង្កើត​ថ្មី​ប្រចាំខេត្ត និង​រាជធានី​របស់ខ្លួន សម្រាប់​យកមក​ប្រកួតប្រជែង​ថ្នាក់ជាតិ នៅ​ចុងខែ​កុម្ភៈ​ខាងមុខនេះ។

ជាមួយគ្នានេះ តំណាង​វិទ្យាស្ថាន​សិល្បៈ​ខ្មែរ បាន​សន្យាថា នឹងចូលរួម​ជួយផ្តល់​បច្ចេកទេស និង​មតិយោបល់​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិ​ចិ​ត្យ​សិល្បៈ​ប្រចាំ​ខេត្តកណ្តាល ដើម្បី​មានឱកាស​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​ថ្នាក់​នាពេលខាងមុខ។ អ្នកតំណាង​ដដែល​បន្តថា លោក​បាន​បញ្ជាក់ថា វិទ្យាស្ថាន​បានទទួល​កញ្ចប់​ថវិកា​ជាង១,៥លាន​ដុល្លារ​ពី​មូលនិធិ​Spunk Fund របស់​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ផ្នែក​សិល្បៈ​ទស្សនីយភាព​នៅ​កម្ពុជា ធ្វើឱ្យ​សាធារណៈជន​កាន់តែ​យល់ច្បាស់​ពី​តម្លៃ​សិល្បៈ និង​វប្បធម៌​ខ្មែរ ព្រមទាំង​ការភ្ជាប់​ទំនាក់ទំនង​សិល្បៈ​វប្បធម៌​ខ្មែរ​ជាមួយ​សិល្បៈ នៃ​ប្រទេសផ្សេងៗទៀត​លើ​ពិភពលោក។គម្រោង​នេះ​បាន​ផ្តោតលើ​គោលដៅ​ចំនួន៤ គឺ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​សិល្បៈ របាំ និង​ត​ន្រី្ត បង្កើត​ស្នាដៃ​របាំ និង​តន្ត្រី ការស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ឡើងវិញ និង​ផ្សព្វផ្សាយ​សិល្បៈ​ទស្សនីយភាព​ខ្មែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com