អន្តរជាតិ
នយោបាយអន្តរជាតិ
ចុងក្រោយបក្សសម្ព័ន្ធណាតូដង្ហើយរកជំនួយពីរុស្ស៊ីដើម្បីប្រឆាំងក្រុមភេរវជន
× ករណីវាយប្រហារដោយក្រុមភេរជននៅក្នុងប្រទេសបារាំងធ្វើអោយប្រទេសនៅតំបន់អឺរ៉ុបបានប្រកាន់ជំហររួមគ្នាប្រឆាំងក្រុមភេរវជន និងទប់ស្កាត់មិនអោយមានករណីវាយប្រហារផ្សេងទៀតនៅតំបន់អឺរ៉ុប។ បណ្តាប្រទេសជាច្រើនជាសម្ព័ន្ធមិត្តបារាំង នៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសសហការជាមួយបារាំង ហើយនៅចុងសប្តាហ៍នេះបារាំងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេសស្តីពីការប្រឆាំងក្រុមភេរវជនអន្តរជាតិផងដែរដើម្បីពិភាក្សារកវិធានការ។ គេឃើញប្រមុខគណកម្មការអឺរ៉ុបានប្រកាសដងើ្ហយហៅអោយសមាជិកខ្លួនរៀបចំវិធានការថ្មីដើម្បីប្រឆាំងក្រុមភេរវជនផងដែរ។ ចំណែកបក្សសម្ព័ន្ធយោធាណាតូក៏ឆ្ការដៃឆ្ការជើងរកវិធានការក្តៅប្រឆាំងក្រុមភេរវជនដូចគ្នាដែរ។ គេឃើញបក្សសម្ព័ន្ធយោធានេះ ស្វះស្វែងរកការចូលរួមពីមហាអំណាចរុស្ស៊ីដើម្បីប្រឆាំងក្រុមភេរជននៅលើសាកលលោក។ បើទោះជាណាតូកំពុងបង្ហាញសាច់ដុំដាក់រុស្ស៊ីក្នុងជម្លោះអ៊ុយក្រែនក៏ដោយ ក៏បក្សសម្ព័ន្ធនេះសម្លឹងឃើញសក្តានុពលរបស់សហព័ន្ធរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជនលើពិភពលោក។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ ជុំវិញបញ្ហានេះ៖
ការវាយប្រហារការិយាល័យទស្សនាវដ្តី Charlie Hebdoនៅបារាំងបានធ្វើអោយបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបបារម្ភ និងតក់ស្លុត។ ការវាយប្រហារដែលមិនធ្លាប់កើតមានក្នុងរយៈពេលជាច្រើនទសវត្សនេះ ជាស្នូរជួងដាស់អោយបណ្តាមេដឹកនាំនៅអឺរ៉ុបភ្ងាក់ឡើងរកដំណោះស្រាយថ្មីឆ្លើយតបក្រុមភេរវជន។ បណ្តាប្រទេសជាច្រើននៅអឺរ៉ុប ជាពិសេសប្រទេសដែលមានឥទ្ធិពលខ្លាំងដូចជាអង់គ្លេស អាឡឺម៉ង់ ជាដើមនោះ បានប្រកាន់ជំហររួមគ្នាគាំទ្ររដ្ឋាភិបាលក្រុងប៉ារីស និងសហការគ្នាស្វែងរកដំណោះស្រាយរួមប្រយុទ្ធប្រឆាំងក្រុមភេរវជននៅលើពិភពលោក។ ដោយឡែកសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់បារាំង និងជាតួរអង្គសំខាន់មួយដែលប្រឆាំងក្រុមភេរវជននោះ ក៏បានប្រកាសសហការជាមួយសហភាពអឺរ៉ុប ដោយរំពឹងថានឹងសម្រេចបាននូវការវិធានការថ្មីប្រមាញ់ក្រុមភេរវជនជ្រុលនិយមដែលបង្កអសន្តិសុខនៅលើពិភពលោក ប៉ុន្តែគេមិនដឹងថាវិធានការ ឬចំណាត់ការថ្មីអ្វីដែលនឹងត្រូវយកមកប្រើប្រាស់ដើម្បីដោះស្រាយបញ្ហានេះឡើយ។ ប៉ុន្តែគេឃើញសមាជិកអឺរ៉ុបលើកឡើងទាំងវិធានការត្រជាក់ និងវិធានការក្តៅ មកជជែកពិភាក្សាដេញដោលគ្នាដើម្បីឆ្លើយតបក្រុមភេរវជន។ យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបនៅតែសម្លឹងឃើញការចូលរួមរបស់រុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជនជារឿងមិនអាចខ្វះបានឡើយ ដែលនេះមានន័យថាវាជាពេលដែលសហភាពអឺរ៉ុបរត់រកជំនួយពីរុស្ស៊ីហើយ។
ម្សិលមិញ ប្រមុខបក្សសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg បានអះអាងថា ការសហការ និងពង្រឹងទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ីជារឿងសំខាន់បំផុតសម្រាប់ការប្រឆាំងក្រុមភេរវជន។ លោកអះអាងថា រុស្ស៊ីជាតួអង្គសំខាន់ និងគួរតែជាសម្ព័ន្ធមិត្តរបស់ណាតូក្នុងការប្រកៀកស្មាគ្នាកម្ចាត់ចលនាភេរវកម្មនិងរក្សាសន្តិភាពដល់ពិភពលោក។ នេះទំនងជាការដង្ហើយរកការចូលរួមពីរដ្ឋាភិបាលលោក វ្លាឌីមៀ ពូទីន ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងក្រុមភេរវជននៅលើពិភពលោក ។ ប៉ុន្តែគេមិនភ្លេចទេថា បច្ចុប្បន្នជម្លោះអ៊ុយក្រែនកំពុងធ្វើអោយភាគីទាំងពីរមើលមុខគ្នាមិនចំ រុស្ស៊ីចាត់ទុកបក្សសម្ព័ន្ធណាតូជាគ្រោះថ្នាក់សម្រាប់សន្តិសុខរុស្ស៊ីថែមទៀត។ ប៉ុន្តែរុស្ស៊ីទំនងជាត្រូវការពេលសម្រាប់ពិចារណាមុនផ្តល់ការសហការជាមួយបក្សសម្ព័ន្ធណាតូ ហើយបើណាតូប្តូរគោលជំហរបច្ចុប្បន្នដែលប្រឆាំងរុស្ស៊ីការស្នើសុំការសហការជាមួយរុស្ស៊ីមិនលំបាកឡើយ។ គួររំលឹកបន្តិចថា ក្រោយរុស្ស៊ីក្រសោបយកទឹកដី Crimea ពីអ៊ុយក្រែន បក្សសម្ព័ន្ធយោធាណាតូ ក្រោមសម្ពាធរបស់ក្រុងវ៉ាស៊ីនតោន បានសម្រេចព្យួរទំនាក់ទំនងនិងសហប្រតិបត្តិការយោធាជាមួយក្រុងម៉ូស្គូតាំងពីខែមេសាឆ្នាំ ២០១៤ ហើយអ្វីដែលសំខាន់បក្សសម្ព័ន្ធនេះបន្តសាងកម្លាំងយោធា និងបង្កើនការធ្វើទំនើបកម្មយោធានៅមាត់ទ្វារផ្ទះរុស្ស៊ីឥតឈប់ទៀត។ ចំណែកក្រុងវ៉ាស៊ីនតោនដែលដឹកនាំបក្សសម្ព័ន្ធណាតូនោះ ក៏ធ្លាប់ស្រែកដៀលរុស្ស៊ីក្តែងៗ និងចាត់ទុករុស្ស៊ីជាគ្រោះថ្នាក់លំដាប់ទីពីរនៃពិភពលោក។ កាលពីប៉ុន្មានខែមុន ប្រធានាធិបតីអាមេរិក បានប្រដូចប្រទេសរុស្ស៊ីទៅនឹងគ្រោះថ្នាក់ពិភពលោក គំរាមកំហែងខ្លាំងជាងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម និងបន្ទាប់ពីមេរោគអេបូឡាថែមទៀត។ ប្រសិនបើរុស្ស៊ីសុខចិត្តផ្តល់ការសហការជាមួយបក្សសម្ព័ន្ធយោធាណាតូមែន យុទ្ធនាការប្រមាញ់ក្រុមភេរវជនអាចនឹងមានប្រសិទ្ធភាពច្រើនជាងមុន ដ្បិដរុស្ស៊ីជាប្រទេសដែលមហាអំណាចយោធាមួយដែលជាមិត្តជិតខាងអឺរ៉ុបផងនោះ។
ទាក់ទិននឹងបង្កើតវិធានការថ្មីប្រឆាំងក្រុមភេរវជន គេឃើញសហភាពអឺរ៉ុបបានដង្ហើយទៅកាន់សមាជិកទាំងអស់រៀបចំវិធានការចាំបាច់ថ្មីៗ ដើម្បីឆ្លើយតបនឹងការប្រែប្រួលនៃបញ្ហាសន្តិសុខ និងការកើនឡើងនៃការវាយប្រហាររបស់ក្រុមភេរវជនជ្រុលនិយម។ ក្រោយករណីវាយប្រហារនៅបារាំង សហភាពអឺរ៉ុបបានកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំជាច្រើនដើម្បីពិភាក្សារកដំណោះស្រាយ និងចំណាត់ការថ្មីៗ ឆ្លើយតបនឹងបញ្ហាភេរវកម្មនេះ។ ប្រធានគណកម្មការអឺរ៉ុបលោក Jean ClaudJunckerបានអះអាងថា កម្មវិធីប្រឆាំងភេរវកម្មថ្មីរបស់សហភាពអឺរ៉ុបនឹងត្រូវបង្ហាញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែយ៉ាងណាមិញលោកមិនបានផ្តល់ព័ត៌មានលម្អិតទាក់ទិននឹងវិធានការថ្មីឡើយ។ វិធានការថ្មីរបស់សហភាពអឺរ៉ុបទំនងជាដាក់បន្ទុកអោយរដ្ឋជាសមាជិកទាំង២៨របស់ខ្លួន ទទួលខុសត្រូវអោយបានខ្ពស់ចំពោះការប្រឆាំងចលនាភេរវកម្ម។
ចំណែករដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកសហភាពអឺរ៉ុបនឹងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃ ១៩មករាខាងមុខនៅទីក្រុងប្រ៊ុយសែលប្រទេសបែលហ្ស៊ិក ស្ថិតក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបFederica Mogherini ហើយកិច្ចប្រជុំខាងមុខនឹងពិភាក្សាលើការបង្កើតប្រព័ន្ធទិន្នន័យឈ្មោះអ្នកដំណើរអឺរ៉ុប។ កម្មវិធីថ្មីដែលត្រូវបានសមាជិកសហភាពអឺរ៉ុបលើកឡើងនេះអនុញ្ញាតអោយសមាជិកចែករំលែក និងប្រមូលទិន្នន័យរបស់អ្នកធ្វើដំណើរតាមយន្តហោះ ប៉ុន្តែមានមតិប្រឆាំងដោយវាអាចរំលោភលើសេរីភាពនិងភាពជាឯកជនរបស់បុគ្គល។ បន្ទាប់ពីនេះ កិច្ចប្រជុំថ្មីទៀតគ្រោងនឹងរៀបចំនៅទីក្រុងរីកា ប្រទេសឡាត់វី នៅថ្ងៃ ២៨មករា ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រីមហាផ្ទៃនៃរដ្ឋសមាជិកទាំងអស់ ដើម្បីរិះរកវិធានការក្តៅប្រឆាំងក្រុមភេរវជន។ បច្ចុប្បន្ននេះ ប្រជាជនអឹរ៉ុបរហូតដល់ ៣ពាន់នាក់បានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធជ្រុលនិយមនៅស៊ីរី និងអ៊ីរ៉ាក់ ហើយគេព្រួយបារម្ភខ្លាំងនៅពេលក្រុមនេះត្រលប់មកកាន់តំបន់អឺរ៉ុបវិញនៅពេលណាមួយនោះ។
ចំណែកប្រទេសបារាំងដែលរងគ្រោះថ្នាក់ដោយការវាយប្រហាររបស់ក្រុមជ្រុលនិយមកាលពីថ្មីៗនេះ ក៏នឹងរៀបចំអោយមានកិច្ចប្រជុំពិភាក្សាជាលក្ខណៈអន្តរជាតិដើម្បីរកដំណោះស្រាយចាំបាច់ឆ្លើយតបបញ្ហានេះ។ នៅថ្ងៃអាទិត្យកិច្ចប្រជុំមួយស្តីពីការប្រឆាំងភេរវកម្មអន្តរជាតិនឹងត្រូវរៀបចំឡើងនៅបារាំង ដោយមានការចូលរួមពីមហាអំណាចអាមេរិកផង។ ក្រៅពីស្វែងរកការសហការពីសហគមនអន្តរជាតិ បារាំងក៏ពិចារណាប្រើប្រាស់ទោសប្រហារជីវិត ដើម្បីប្រឆាំងរាល់ក្រុមភេរវជន ដែលទោសប្រហារជីវិតនេះជំរុញអោយការប៉ុនប៉ងចូលរួមជាមួយក្រុមភេរវជនថមថយផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com