ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​ប្រាប់​ពលរដ្ឋ៥គ្រួសារ​ឲ្យ​រើ​សំណង់​ខុសច្បាប់​ចេញពី​ដី​របស់ខ្លួន
09, Jan 2015 , 4:35 pm        
រូបភាព
រូបភាព៖ Bo Savy
រូបភាព៖ Bo Savy
សៀមរាប៖ អាជ្ញាធរ​អប្សរា ដែលមាន​តួនាទី​អភិរក្ស និង​គ្រប់គ្រង​តំបន់​អង្គរ បានចេញ​សេចក្តីជូនដំណឹង​មួយ ប្រាប់​ពលរដ្ឋ​ចំនួន៥គ្រួសារ ឲ្យ​ប្រញាប់​រើ​សំណង់​ខុសច្បាប់ ចេញពី​ដី របស់ខ្លួន​ជាបន្ទាន់។ ក្នុង​សេចក្តីជូនដំណឹង​នោះ បាន​និយាយថា ប្រសិនណាបើ​ប្រជាពលរដ្ឋ មិន​ធ្វើ​ការរុះរើ​ទេនោះ នោះ​សមត្ថកិច្ច និង​ធ្វើ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។



នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សមត្ថកិច្ច​មួយក្រុម បាន​ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​អ្នកស្រី ចាន់ សូលី​ដា។ ការរុះរើ​នេះ យោងទៅតាម​ទីតាំង​ដែល​ពុំមាន​ម្ចាស់​ត្រឹមត្រូវ និង​អនាធិបតេយ្យ។

អ្នកស្រី ចាន់ សូលី​ដា បាន​និយាយថា អ្នកស្រី​បានមក​រស់នៅ​លើដី​ខាងជើង​ផ្លូវ៦០ តាំងពី​ឆ្នាំ២០០៣មក​ម្លេះ។ អ្នកស្រី​បន្តថា ដី​នោះ​មាន​ទំហំ 97X57 ដែល​អភិបាលក្រុង​សៀមរាប​ចាស់ (លោក ទេព ប៊ុន​ឆាយ) ប្រគល់​ឲ្យ​ប្តី​អ្នកស្រី ដែលជា​ទាហាន​ចូល​និវត្ត​រ៍។ អ្នកស្រី​បញ្ជាក់ថា៖« ព្រឹក​មិញ ខ្ញុំ​រវល់​ទៅ​ផ្សារ បែរជា​គេ (អាជ្ញាធរ​អប្សរា) យក​គ្រឿងចក្រ​មក​ឈួ​ស​ឆាយ​ផ្ទះ​ខ្ញុំ។ គួរ​ណាស់ តែមាន​ការចរចា និង​និយាយ​ពី​ដំណោះស្រាយ​ជាមុនសិន»។

អាជ្ញាធរ​អប្សរា តាម​សេចក្តីជូនដំណឹង​របស់​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៩ មករា​នេះ បានសរសេរថា ពលរដ្ឋ៥គ្រួសារ មានឈ្មោះ លោក ញ៉ អ៊ុយ លោក ហែម សំបូរ លោក សូ សុផល លោក អឿន លេ និង លោក ស្រ៊ុន រដ្ឋា ដែលជា​ម្ចាស់​សំណង់​ខុសច្បាប់ រស់នៅ​លើដី​ខាងជើង​ផ្លូវ៦០ ចំណុច T5 ត្រូវ​ប្រញាប់​រើ​សំណង់​ចេញ ឲ្យ​មុន​ថ្ងៃ១២ ខែមករា។ ប៉ុន្តែ​ដោយសារ​ភាពយឺតយ៉ាវ អាជ្ញាធរ​អប្សរា បាន​ទុកពេល​ឲ្យ​ពលរដ្ឋ​ទាំងនោះ ត្រឹម​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ប្រសិន​ណា​គ្មាន​ការរុះរើ​ទេនោះ នោះអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ នឹង​ធ្វើតាម​សមត្ថកិច្ច ដោយ​ពុំ​ទទួល​ការខុសត្រូវ​លើ​ការបាត់បង់ ឫ​ខូចខាត​ទ្រព្យសម្បត្តិ​ណាមួយ​នោះទេ។

ពលរដ្ឋ​ដែល​រងគ្រោះ​ចំពោះ​បញ្ហា​ខាងលើ បាន​និយាយថា អាជ្ញាធរ​អប្សរា មិន​បានមក​ចរចា​សុំ​ដំណោះស្រាយ​បែបណា​នោះទេ។ អ្នកស្រី ចាន់ សូលី​ដា ប្រជាពលរដ្ឋ​មួយរូប​បាន​និយាយ​ដោយ​ចំហ​រថា អ្នកស្រី​សុំ​ឲ្យ​មាន​ការទិញ​ដី​តាម​តម្លៃ​ទីផ្សារ គឺ១ម៉ែត្រការ៉េ តម្លៃ​ពី២ទៅ៣ដុល្លារ​ជាដើម ដើម្បី​អាច​ឲ្យ​អ្នកស្រី​មានលទ្ធភាព ចេញទៅ​ទិញ​ដី​កន្លែង​ផ្សេង​សម្រាប់​រស់នៅ​បន្ត។ 

មេធាវី​ខាង​អាជ្ញាធរ​អប្សរា លោក ភុំ ប៊ុន​ថា​ន់ បាន​និយាយថា កាលពី​ឆ្នាំ២០០១ អាជ្ញាធរ​អប្សរា បាន​ដោះស្រាយ​វិវាទ​ខាងលើ​រួចរាល់​ហើយ ហើយ​ម្ចាស់​ដី​ខាងលើ​ក៏បាន​ទទួល​សំណង​ផងដែរ។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​នេះ គឺជា​អ្នក​មក​តាំងទី​ថ្មី ដោយ​ខុសច្បាប់ និង​មាន​រយៈថ្មីៗនេះ​តែប៉ុណ្ណោះ គឺ​សំណង់​ទាំងនោះ ទើបនឹង​កកើត​ក្នុងអំឡុងពេល​បោះឆ្នោត​ឆ្នាំ២០១៣នេះ។ លោក ភុំ ប៊ុន​ថា​ន់ បញ្ជាក់ថា ចំពោះ​ការ​លើកឡើងថា មាន​អភិបាលក្រុង​ជា​អ្នក​ចែក​ដី​ឲ្យ​នោះ គឺជា​ការ​ភូតកុហក​តែប៉ុណ្ណោះ ពុំមាន​អាជ្ញាធរ​ណា ហ៊ាន​គ្រប់គ្រង ដែល​ចេញ​ដោយ​អនុ​ក្រិ​ត្យ​នោះទេ។

គួររំលឹកថា ក្នុង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា ពុំមាន​ការបញ្ជាក់​យ៉ាងណា​នោះទេ​ចំពោះ​ទំហំ​ដី​របស់​ប្រជាពលរដ្ឋ​ខាងលើ ប៉ុន្តែ​ពលរដ្ឋ​អះអាងថា មាន​ពលរដ្ឋ​រាប់សិប​គ្រួសារ កំពុង​រស់នៅ​លើដី​ខាងលើ ដែល​ពីមុន និង​ឥឡូវ ពួកគេ​យក​ធ្វើស្រែ​ក្នុង​រដូវវស្សា និង​សង់ផ្ទះ​តូច​ល្មម​សម្រាប់​ស្នាក់នៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com