ជាតិ
រមាំង​នៅ​កម្ពុ​ជាមាន​ចំនួន​ច្រើនជាងគេ បើ​ធៀប​នឹង​បណ្តា​ប្រទេសជិតខាង
10, Jan 2015 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
រមាំង​នៅ​កម្ពុ​ជាមាន​ចំនួន​ច្រើនជាងគេ បើ​ធៀប​នឹង​បណ្តា​ប្រទេសជិតខាង


(Cervuseldii)

ភិនភាគ៖ រមាំង​ជា​ថនិកសត្វ​ណា​សី​ដែលមាន​មាឌតូច​ជាង​ប្រើស និង​ធំ​ជាង​សត្វ​ឈ្លូស​បន្តិច។ ស្នែង​របស់​វា​មាន​លក្ខណៈ​ខុសពី​ស្នែង​សត្វ​ប្រើស ដោយនៅ​ផ្នែក​គល់​នៃ​ស្នែង​មាន​បែកខ្នែង​ពីរ​មួយ​ស្រួច​ដុះ​គ្រប​លើ​ចិញ្ចើម​លយ​ទៅមុខ និង​មួយទៀត​ដុះ​ឡើង​ទៅលើ​រួច​ពេន​ចេញមកក្រៅ ហើយ​កោង​ខុប​ទៅមុខ ហើយ​នៅ​ខាងចុង​ស្នែង​របស់​វា​មាន​រាង​សំប៉ែត​បែក​ជា​ម្រាម។ ជាទូទៅ​វា​មាន​សម្បុរ​លឿង​ស្រអាប់ ឬ​លឿង​ក្រ​ម៉ៅ​ចាស់ មានអុចៗស​នៅ​ផ្នែក​ចំហៀង​ខ្លួន ឯ​ផ្នែក​ក្រោម​ពោះ និង​កមាន​ពណ៌​ស ប៉ុន្តែ​សម្បុរ​នេះ​អាច​ប្រែប្រួល​ទៅតាម​រដូវ​កាល។ នៅ​រដូវ​ជម្រុះ​ស្នែង វា​មាន​រោមវែងៗរុំ​ជិត​ចំរុះ​ពណ៌​ប្រផេះ​ក្រហម និង​លឿង​ក្រ​ម៉ៅ​ភ្ជាប់​នឹង​គល់​ក ដែលមាន​រោម​ប្រែង​មើល​គួរ​ឲ្យ​គយគន់។

ជីវសាស្ត្រ៖
រមាំង​ជាស​ត្វ​មិនសូវ​ផ្អើល វា​រស់នៅ​ជា​ហ្វូង​ពី ១០-១៥ក្បាល។ វា​ចូលចិត្ត​រស់នៅ​តាម​វាលទំនាប​ដែល​សម្បូរ​ទៅដោយ ថ្លុក ឬ​ត្រពាំង វាលស្រែ និង​ព្រៃរបោះ។ ចំណី​របស់​វា​មានដូចជា ស្មៅ ស្បូវ ព្រេច ល្បះ​រុក្ខជាតិ ស្រូវ និង​ផ្លែឈើ។ វា​ជម្រុះ​ស្នែង​រាស់​ឆ្នាំ​នៅ​អំឡុង​ខែមិថុនា ដែលជា​រដូវ​កាល​សម្បូរ​ចំណី​សម្រាប់​ការលូតលាស់​ស្នែង​របស់​វា។ រមាំង​ញី​បន្ត​ពូជ នៅ​ចន្លោះ​ខែមីនា-ឧសភា ហើយ​កើតកូន​ម្តង​បាន១ក្បាល​បន្ទាប់ពី​ពពោះ​រយៈពេល ៦-៨ខែ។

រប៉ាយ​រស់នៅ៖
ចំពោះ​ក្រុម​ប្រភេទ​របស់​រមាំង Cervussiamensisបច្ចុប្បន្ន​វា​មាន​ចំនួន​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេសជិតខាង។ចំនួន​ទាំងនេះ​មាននៅ​ខេត្តស្ទឹងត្រែង​ក្នុងស្រុក​សៀម​ប៉ាង មណ្ឌល​គី​រី រតនគីរី ក្រចេះ (មាន​ចំនួន​តិចតួច) ខេត្ត​កំពង់​ស្ពី បន្ទាយមានជ័យ (ក្នុង​តំបន់​អភិរក្ស​សត្វ​ក្រៀល​អាង​ត្រពាំងថ្ម) ពោធិសាត់ ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប ជាពិសេស​នៅ​ខេត្តព្រះវិហារ​ក្នុងស្រុក​ឆែប ជាំ​ក្សាន្ត គូលែន និង​សង្គម​ថ្មី សរុប​ប្រហែល១០០ក្បាល ដែលជា​ទិន្នន័យ​មួយ​បាន​នឹង​កំពុងធ្វើការ​អភិរក្ស។ ប្រភេទ​នេះ​គេ​បាន​រកឃើញ​ផងដែរ​នៅ​ប្រទេស​ឡាវ (មាន​ចំនួន​តិចតួច​បំផុត) និង​កោះ​ហៃ​ណាន។ ដោយឡែក នៅ​ប្រទេស​ថៃ​ត្រូវបាន​ផុត​ពូជ​ពី​ធម្មជាតិ ហើយ​ប្រហែលជា​ផុត​ពូជ​នៅ​ប្រទេស​វៀតណាម។

ស្ថានភាព​អភិរក្ស៖
រមាំង​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ និង​មាន​ចុះ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​ទី១ នៃ​អនុសញ្ញា​សាយ​តេស។ ប្រភេទ​នេះ​កំពុង​ទទួលរង​គ្រោះថ្នាក់​ដោយសារ​ការ​បរបាញ់​យក​សាច់ ស្បែក ស្នែង និង​ឆ្អឹង ដើម្បី​ធ្វើ​ពាណិជ្ជកម្ម។ ប្រភេទ​នេះ​មាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ ងាយ​រងគ្រោះថ្នាក់ (VU) ។



© រក្សាសិទ្ធិដោយ thmeythmey.com