ជាតិ
ប្រើស​​ស្បូវ​កំពុង​​រង​គ្រោះ​​ដោយ​​ការ​​បរ​បាញ់​​ដើម្បី​​ធ្វើ​​ពាណិជ្ជកម្ម​
11, Jan 2015 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
ប្រើស​ស្បូវ កំពុង​រងគ្រោះ​ដោយ​ការ​បរបាញ់​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម


(Cervus unicolor)

ភិនភាគ៖ ប្រើស​ស្បូវ​ជា​ថិ​នក​សត្វ​តិណាសី ស្ថិតក្នុង​ត្រកូល​ប្រើស​ដែលមាន​មាឌធំ​ជាងគេ។ នៅលើ​ដងខ្លួន រោម​មាន​ពណ៌​ប្រផេះ​ស្ទើ​ក្រ​ម៉ៅ និង​នៅ​កមាន​រោម​ញឹក​វែង​សណ្ឋាន​ប្រែង។ កន្ទុយ​របស់​វា​ខ្លី សំពោង​ពណ៌​ខ្មៅ និង​រស់​រវើក​ជានិច្ច​នៅពេល​រក​ចំណី ហើយ​វា​មាន​ស្លឹកត្រចៀក​ធំ។ ស្នែង​ប្រើស​ឈ្មោល​ពេញវ័យ​មាន​ប្រវែង​ពី ៥០-១០០ស.ម ដែលជា​ទូទៅ​មាន​ខ្នែងម្ខាងៗចំនួន​បី ១នៅជាប់​គល់ និង២នៅ​ខាងចុង។

ជីវសាស្ត្រ៖ ជា​សត្វ​ដែល​អាច​រស់នៅ​គ្រប់​ជម្រក​ទាំងអស់ រួមទាំង​ព្រៃស្រោង ពាក់កណ្តាល​ស្រោង និង​ព្រៃរបោះ។ វា​រកស៊ី​នៅពេល​ព្រលប់ និង​ពេល​ព្រលឹម ហើយ​សំរាក​នៅពេល​ថ្ងៃ​នៅតាម​ព្រៃក្រាស់ៗ ។ ចំណី​របស់​វា​មានដូចជា ចុង​មែកឈើតូចៗ ស្លឹកឈើ ប្រភេទ​វ​ល្លិ៍​ពន្លក (ត្រួយ) ផ្លែឈើ ជ្រុះ និង​ស្មៅ។ ប្រើស​ចូលចិត្ត​ស៊ី​ដី​ច្រាប ពិសេស​ប្រើ​ឈ្មោល​ដែល​កំពុងតែ​លូតលាស់​ស្នែង ប្រើស​ឈ្មោល​តែងតែ​ជល់​គ្នា​យកឈ្នះ ដើម្បី​គ្រប់គ្រង​តំបន់ និង​ពាក់​ញី​ដែល​នៅក្នុង​ហ្វូង​រហូតដល់ ៨ក្បាល។ ប្រើស​ញី​កើតកូន​ម្តង​តែ១ បន្ទាប់ពី​ពពោះ​រយៈពេល ៨ខែ។

រប៉ាយ​រស់នៅ៖ ប្រភេទ​នេះ​មាន​វត្ត​មាននៅ​ភូមិភាគ​ខាងជើង និរតី និង​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។ គេ​ក៏បាន​រកឃើញ​ផងដែរ​នៅ​ប្រទេស​ឥណ្ឌា ប្រទេស​ចិន និង​តំបន់​ភូមិភាគ​អាស៊ី​អា​គ្នេ​ហ៍ រួមទាំង កោះ​ស៊ូ​ម៉ា​ត្រា កោះ​ចា​វា និង​បរ​ណេ​អូ។

ស្ថានភាព​អភិរក្ស៖ ប្រើស​ជា​ប្រភេទ​ស្ថិ​ន​ក្នុង​ក្រុម​មាន​ដោយ​បង្គួរ។ ប្រភេទ​នេះ​កំពុង​ទទួលរង​គ្រោះថ្នាក់​ដោយសារ​ការ​បរបាញ់​សាច់ ស្នែង ស្បែក និង​ឆ្អឹង ដើម្បី​ធ្វើ​ពាណិជ្ជកម្ម។ ប្រើស​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LR) ថា​ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅតាម​តំបន់​ជាក់លាក់​ដែល​វា​រស់នៅ។



© រក្សាសិទ្ធិដោយ thmeythmey.com